ជាតិ
មេធាវី​លោក កឹម សុខា ហាម​អ្នកនយោបាយ​យកឈ្មោះ​កូនក្តី​ខ្លួន​ទៅប្រើ​ប្រាស់ ដើម្បី​កេង​ផលប្រយោជន៍​
08, Feb 2021 , 3:06 pm        
រូបភាព
​ភ្នំពេញ​៖ មេធាវី​លោក កឹម សុខា ហាម​អ្នកនយោបាយ​ទាំងអស់ ឱ្យ​បញ្ឈប់​ការយក​ឈ្មោះ​កូនក្តី​ខ្លួន​ទៅប្រើ​ប្រាស់ ដើម្បី​កេងចំណេញ​ផលប្រយោជន៍ ។ នេះ​បើតាម​សហ​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា ។​


​លោក ចាន់ ចេ​ន មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​និយាយថា កន្លងមក​មាន​អ្នកនយោបាយ​ខ្លះ យកឈ្មោះ​លោក កឹម សុខា ទៅ​ផ្សាភ្ជាប់​ជាមួយ​សកម្មភាព ឬ​ចលនា​ផ្សេងៗ ។ ជាពិសេស​យកទៅ​ភ្នាល់​គ្នា​ក្នុង​រឿង​នយោបាយ​ជាដើម​។ 
 
​មិនតែប៉ុណ្ណោះ ក៏មាន​អ្នកនយោបាយ​ខ្លះ ដែល​បាន​បង្កើត​គណបក្ស​ថ្មី ក៏បាន​យកឈ្មោះ​លោក កឹម សុខា ទៅ​កៀងគរ​កម្លាំង និង​ធ្វើសារ​នយោបាយ​នានា ដើម្បី​ប្រជាប្រិយភាព​នយោបាយ​ទៀតផង​។​នេះ​បើតាម​លោក ចាន់ ចេ​ន​។​
 
​មេធាវី​ការពារ​ក្តី​លោក កឹម សុខា រូបនេះ ចាត់ទុក​សកម្មភាព​អ្នកនយោបាយ​ទាំងនោះ ជា​ទង្វើ​អសីលធម៌​ក្នុងការ​ប្រកួតប្រជែង​នយោបាយ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ចាន់ ចេ​ន បាន​និយាយ​ដូច្នេះ​ថា​៖«​សូមឱ្យ​អ្នកនយោបាយ​មាន​ក្រមសីលធម៌ (​កុំ​យកឈ្មោះ​លោក កឹម សុខា ទៅ​ផ្សាភ្ជាប់​)​ដោយ​ក្លាហាន​ក្នុង​ការធ្វើ​នយោបាយ​ខ្លួនឯង​…»​។​
 
​សេចក្តីថ្លែងការណ៍​រប​ស់​សហ​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា បាន​បញ្ជាក់ថា «​បុគ្គល​ឬ​ក្រុម​ណា ដែលមាន​បំណង ឬ​បាន​បង្កើត​គណបក្សនយោបាយ រួមទាំង​ចលនានយោបាយ​ណាមួយ សូមកុំ​យក​ករណី ឬ​ឈ្មោះ​លោក កឹម សុខា ទៅ​ភ្ជាប់​ពាក់ព័ន្ធ​ជាមួយ​។ បុគ្គល ឬ​ក្រុម​ណា​ដែល​ធ្វើ​កិច្ចការ​ខាងលើ សូម​មាន​សេចក្តីក្លាហាន​ទទួលខុសត្រូវ​ខ្លួនឯង​»​។​
 
​ក្រុម​មេធាវី​លោក កឹម សុខា នឹង​ពិនិត្យ ហើយ​ពិភាក្សាគ្នា​ទៀត ចំពោះ​អ្នកនយោបាយ ដែល​តែងតែ​យកឈ្មោះ​កូនក្តី​ខ្លួនទៅប្រើប្រាស់ ក្នុងបំណង​ទាញយក​ផលប្រយោជន៍​នយោបាយ​នេះ​។ នេះ​បើតាម​លោក ចាន់ ចេ​ន ។​
 
​គិត​មកដល់ពេលនេះ សំណុំរឿង​លោក កឹម សុខា ពីបទ «​គប់គិត​ជាមួយ​បរទេស​» បានអូសបន្លាយ​ពេល​ជាង​៣​ឆ្នាំ​ហើយ ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៧​មក​។ សំណុំរឿង​លោក កឹម សុខា ក៏​ត្រូវបាន​តុលាការ​ដំណើរការ​ជំនុំ​ជម្រះក្តី​ដែរ កាលពីដើមឆ្នាំ​២០២០ ។​ប៉ុន្តែ​តុលាការ សម្រេច​ផ្អាក​វិញ ក្រោយពី​ជំងឺ​កូ​វីដ​-១៩ រាតត្បាត និង​គំរាមកំហែង​ប្រជាជន​កម្ពុជា​។​
 
​កាលពីដើម​ខែមករា ២០២១​នេះ ក្រុម​មេធាវី​លោក កឹម សុខា ក៏បាន​ដាក់សំណើ​លើក​ទី​៣ ទៅ​តុលា​ការឱ្យ​ដំណើរការ​រឿងក្តី​ឡើងវិញ​ដែរ​។ ប៉ុន្តែ​មិនទាន់មាន​ការឆ្លើយតប​បែបណា​វិញ​ពី​តុលាការ​ឡើយ​។ តែ​យ៉ាងណា​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ចេញមុខ​បកស្រាយ​ថា មូលហេតុ​ដែល​តុលាការ​មិនទាន់​ដំណើរការ​ជំនុំ​ជម្រះក្តី​លោក កឹម សុខា ឡើងវិញ​នេះ ដោយសារ​លោក សុខា ជា​ជនជាប់ចោទ​នៅក្រៅ​ឃុំ ។ ដូច្នេះ​តុលាការ​ដំណើរការ​ក្តី​លើ​អ្នកជាប់ចោទ​ក្នុង​ក្នុង​ឃុំ​មុន ដើម្បី​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​៕
 

Tag:
 កឹម សុខា
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com