អន្តរជាតិ
លោក Trump បដិសេធ​សំណើ​របស់​សភា ក្នុង​ការផ្ដល់​សក្ខីកម្ម​នៅក្នុង​សវនាការ​កាត់ទោស​លោក​
08, Feb 2021 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ត្រៀម​ធ្វើដំណើរ​តាម​យន្តហោះ Air Force One នៅ​ទីក្រុង Harlingen រដ្ឋ Texas កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​។​



​សភា​សហរដ្ឋអាមេរិក​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ បានស្នើ​ឲ្យ​អតីត​ប្រធានាធិបតី​លោក Donald Trump ផ្ដល់​សក្ខីកម្ម​ក្រោម​ពាក្យសម្បថ នៅក្នុង​សវនាការ​កាត់ទោស​លោក​នៅក្នុង​ព្រឹទ្ធសភា​។ ទីប្រឹក្សា​ម្នាក់​របស់លោក Trump បាន​ឲ្យ​ដឹងថា លោក Trump បាន​បដិសេធ​សំណើ​នេះ​។​
 
​រដ្ឋអាជ្ញា​ដឹកនាំ​សវនាការ​កាត់ទោស​នេះ​លោក Jamie Raskin បានស្នើ​សុំ​ក្នុង​លិខិត​មួយច្បាប់​ផ្ញើ​តាម​អ៊ីមែល កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទៅកាន់​លោក​អតីត​ប្រធានាធិបតី Trump ឲ្យ​ផ្ដល់​សក្ខីកម្ម «​មិន​ថា​មុន ឬ​អំឡុងពេល​» នៃ​សវនាការ​ដែល​នឹង​ចាប់ផ្ដើម នៅ​ថ្ងៃទី​៩ ខែកុម្ភ​:​ខាងមុខនេះ​ទេ​។​
 
​លោក Raskin បានសរសេរថា​៖ «​បើសិនជា​លោក​បដិសេធ​ការអញ្ជើញ​នេះ យើងខ្ញុំ​សូម​រក្សា​សិទ្ធិ​គ្រប់យ៉ាង រួមទាំង​សិទ្ធិ​ជំនុំជម្រះ​នៅ​សវនាការ ដែល​ការបដិសេធ​មិន​ផ្ដល់​សក្ខីកម្ម​របស់លោក គាំទ្រ​យ៉ាងខ្លាំង​លើ​សេចក្ដីសន្និដ្ឋាន​មួយ ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់លោក​ក្នុង​ព្រឹត្តិការណ៍ [​បះបោរ​នៅ​វិមាន​សភា​សហរដ្ឋអាមេរិក​] កាលពី​ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១»​។​
 
​លោក Jason Miller ទីប្រឹក្សា​របស់លោក Trump បាន​និយាយថា លោក Trump នឹងមិន​ផ្ដល់​សក្ខីកម្ម​នៅក្នុង​ដំណើរការ​មួយ ដែល​មិន​ស្របតាម​រដ្ឋធម្មនុញ្ញ​នោះទេ​»​។​
 
​ប៉ុន្មាន​ម៉ោង​ក្រោយមក​មេធាវី​របស់លោក Trump លោក Bruce Caster និង​លោក David Schoen បាន​និយាយថា​លិខិត​របស់លោក Raskin បង្ហាញថា គណបក្ស​ប្រជាធិបតេយ្យ «​មិនអាច​បង្ហាញ​ពី​ការចោទប្រកាន់​» របស់ខ្លួន​បានទេ ហើយ​ថា​ការយក​សវនាការ​កាត់ទោស​លោក​មកលេង គឺជា​រឿង​ធ្ងន់ធ្ងរ​ជ្រុល​ពេក​ហើយ​។​
 
​លោក Trump ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ក្រុម​អ្នកគាំទ្រ​លោក លុកលុយ​ចូលក្នុង​វិមាន​សភា​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី ៦ ខែមករា​កន្លងទៅនេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com