ជាតិ
សិស្ស​ក្រីក្រ​នៅ​ខេត្តកំពត ជិត​៧០០​នាក់ បានទទួល​ការ​បំ​ប៉ន និង​ផ្គត់ផ្គង់​សិក្សា​ពី​អង្គការ CLS
09, Feb 2021 , 7:59 am        
រូបភាព
លោក អំ តារា និងសិស្សអង្គការសាលាបរទេសជុំគ្រៀល ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «ការសរសេរព័ត៌មានបែបអនឡាញ និងការផលិតវីដេអូតាមទូរស័ព្ទដៃ» កាលពីថ្ងៃទី១៩ ខែ មករា ។
លោក អំ តារា និងសិស្សអង្គការសាលាបរទេសជុំគ្រៀល ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «ការសរសេរព័ត៌មានបែបអនឡាញ និងការផលិតវីដេអូតាមទូរស័ព្ទដៃ» កាលពីថ្ងៃទី១៩ ខែ មករា ។
​កំពត​៖ សិស្ស​ក្រីក្រ​ចំនួន ៦៩០​នាក់ នៅ​ស្រុក​ទឹកឈូ និង​ស្រុក​កំពត បានទទួល​ការសិក្សា​ដោយ​ឥតគិតថ្លៃ​ពី អង្គការ​សាលា​បរទេស​ជុំ​គ្រៀល ហៅ​កាត់​ថា CLS ដែល​ស្ថិតនៅ​ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត​។​



​អ្នកគ្រប់គ្រង​កម្មវិធី​អប់រំ និង​សហគមន៍​នៃ​អង្គការ​CLS លោក អំ តារា បាន​និយាយថា អង្គការ CLS  បានទទួល​ជំនួយ ពី​ប្រទេស​សង្ហ​បុរី និង​អូស្ត្រាលី ដោយ​អនុវត្តន៍​លើ​គម្រោង​ចំនួន​២ គឺ​ការជួយ​ដល់​សហគមន៍ ដូចជា​សង់ផ្ទះ និង​បង្គន់​ឱ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​ជុំ​គ្រៀល និង​ជំរុញ​កម្មវិធី​អប់រំ ជួយ​សិស្ស​ក្រីក្រ​ឱ្យមាន​លទ្ធភាព​សិក្សា​។​


លោក អំ តារា អ្នកគ្រប់គ្រងកម្មវិធីអប់រំ និងសហគមន៍ នៃអង្គការសាលាបរទេសជុំគ្រៀល 

​បើតាម​លោក អំ តារា អង្គការ CLS មាន​បង្រៀន​បំប៉ន ភាសា​អង់គ្លេស ភាសា​ខ្មែរ គណិតវិទ្យា កីឡា និង​កំ​ព្យូ​ទ័​រ ដល់​សិស្ស​ក្រីក្រ ដើម្បីឱ្យ​ពួកគេ​អាច​រៀន​ពូកែ និង​មានលទ្ធភាព​សិក្សា​បន្ត​។ «​យើង​ជ្រើសរើស​កុមារ​ដែល​ក្រីក្រ​រៀន​នៅ​សាលា​រដ្ឋ ដែល​គ្មាន​លទ្ធភាព​រៀន​គួរ​បន្ថែម ហើយ​ភាគច្រើន​សិស្ស​ដែល​ក្រីក្រ គឺ​គាត់​រៀន​ខ្សោយ ដូចនេះ​យើង​ចង់ឱ្យ​សិស្ស​ក្រីក្រ​ក៏មាន​លទ្ធភាព​រៀន​ដូច​សិស្ស​ទូទៅ​»​។ នេះ​ជាការ​អះអាង របស់លោក អំ តារា ដោយបាន​បន្ថែមថា ក្រៅពី​ផ្ដល់​ចំណេះដឹង អង្គការ ក៏បាន​ជួយ​ផ្គត់ផ្គង់​សម្ភារ​សិក្សា និង​ឯកសណ្ឋាន ដើម្បី​ជួយ​ដល់​ការចំណាយ​របស់​ឪពុកម្ដាយ​សិស្ស​ផងដែរ​។​
 
​ជា​សិស្ស​ថ្នាក់​ទី​១១ នៅ​វិទ្យាល័យ​ជុំ​គ្រៀល យុវ​សិស្ស សៅ រដ្ឋា បាន​សិក្សា​ភាសា​អង់គ្លេស​នៅ​អង្គការ​CLS តាំងពី​ខ្លួន​រៀន​ថ្នាក់​ទី​៥ មកម្ល៉េះ​។ យុវជន​រូបនេះ បាន​ប្រាប់ថា ការរៀន​បំប៉ន​ភាសា​អង់គ្លេស​នៅ​អង្គការ​CLS ជួយ​ឱ្យ​ខ្លួន​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​ទំនាក់​ទំនងជា​មួយ​ជនបរទេស​បាន​។ និយាយ​ក្នុង​ទឹកមុខ​ញញឹម យុវជន រដ្ឋា បាន​ប្រាប់ថា អង្គការ​CLS មិន​ត្រឹមតែ​ឱ្យ​សិក្សា​ភាសា​អង់គ្លេស​ឥតគិតថ្លៃ​ទេ ថែមទាំង​ជួយ​ផ្គត់ផ្គង់​សម្ភារ​សិក្សា​ទៀតផង​។ សេង រដ្ឋា បាន​រៀបរាប់​ដូច្នេះ​ថា​៖ «​គាត់​ជួយ​បាន​ច្រើន ព្រោះ​អី​មួយឆ្នាំៗ គាត់​ចែក​សម្ភារ​សិក្សា និង​ឯកសណ្ឋាន ពិសេស​ពេល​ខ្ញុំ​អត់​មាន​កង់​ជិះ​ទៅ​រៀន គាត់​ទិញ​កង់​ឱ្យ​ខ្ញុំ​ទៀត​»​។ 


យុវសិស្ស សៅ រដ្ឋា សិស្សអង្គការសាលាបរទេសជុំគ្រៀល ។ 

​មិន​ខុសគ្នា​ពី យុវ​សិស្ស សៅ រដ្ឋា ឡើយ ! យុវតី ឃាង សុវណ្ណនី​តា ជា​សិស្ស​ម្នាក់​ក្នុងចំណោម​សិស្ស​៦៩០​នាក់ ដែល​បាន​សិក្សា​នៅ​អង្គការ​CLS ដែរ​។ សម្រាប់ យុវតី​វ័យ​១៦​ឆ្នាំ​រូបនេះ យល់ថា អង្គការ បាន​ជួយ​ណែនាំ​តម្រង់ទិស​ដល់​សិស្ស តាមរយៈ​កម្មវិធី ឬ​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង​ផ្សេងៗ ដែលជា​ឱកាស​ឱ្យ​សិស្ស​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ទៀតផង​។ «​ពួកគាត់ យកចិត្តទុកដាក់​មែន​ទែន ចំពោះ​ពួក​ខ្ញុំ​ដែលជា​សិស្ស​អាហារូបករណ៍​»​។ នេះ​ជាការ​លើកឡើង​របស់ យុវតី សុវណ្ណនី​តា ដែល​បាន​អះអាងថា ការផ្ដល់​អាហារូបករណ៍ បាន​ជួយ​សម្រាល​បន្ទុកគ្រួសារ​នាង​បាន​ច្រើន ទាំង​ថ្លៃ​ចំណាយ​រៀនសូត្រ និង​សម្ភារ​សិក្សា​។ ក្រោម​ការផ្គត់ផ្គង់​ការសិក្សា​ពី​អង្គការ CLS យុវតី​វ័យ​១៦​ឆ្នាំ​រូបនេះ បាន​ប្ដេជ្ញា​ថា ខ្លួន​នឹង​ខិតខំ​រៀនសូត្រ​ដើម្បី​តបស្នង​ដល់​អង្គការ និង​សង្គមជាតិ​។​
 
​អង្គការ CLS ជួយ​ផ្គត់ផ្គង់​សិស្ស​ត្រឹម​ថ្នាក់​ទី​១២ ប៉ុណ្ណោះ ប៉ុន្តែ​ក្នុងករណី​សិស្ស​គ្មាន​លទ្ធភាព​សិក្សា​បន្ត អង្គការ​នឹង​បន្ត​ផ្ដល់​អាហារូបករណ៍​សិក្សា​នៅ​សាកលវិទ្យាល័យ នៅ​ក្រុង​កំពត​បន្ថែមទៀត​។ នេះ​បើតាម​លោក អំ តារា អ្នកគ្រប់គ្រង​កម្មវិធី​អប់រំ និង​សហគមន៍​នៃ​អង្គការ​CLS​។​
 
​អស់​រយៈពេល​ជាង​១៦​ឆ្នាំ​ហើយ ដែល​អង្គការ​CLS បាន​ផ្គត់ផ្គង់​ការសិក្សា​ដល់​កុមារ​ក្រីក្រ​ជាច្រើន​នាក់​នៅ​ខេត្តកំពត​។ បច្ចុប្បន្ន​មាន​សិស្ស​មកពី​ស្រុក​ទឹកឈូ និង​ស្រុក​កំពត ចំនួន ៦៩០​នាក់ កំពុង​រៀន​បំប៉ន ភាសា​អង់គ្លេស​, ខ្មែរ​, គណិតវិទ្យា និង​កំ​ព្យូ​ទ័​រ នៅ​អង្គការ​CLS ៕
 

យុវតី ឃាង សុវណ្ណនីតា  សិស្សអង្គការសាលាបរទេសជុំគ្រៀល,

Tag:
 កំពត​
 ​អង្គការ​
  អង់គ្លេស​
© រក្សាសិទ្ធិដោយ thmeythmey.com