អន្តរជាតិ
អូស្ត្រាលី ស្នើ​ប្រជាជន​កុំ​បារម្ភ ក្រោយ​អាហ្វ្រិក​ខាងត្បូង​ផ្អាក​ចាក់​វ៉ាក់សាំង AstraZeneca
08, Feb 2021 , 5:25 pm        
រូបភាព
​ដោយ ឈួន ឈី​វ​អ៊ីង 
 
​រដ្ឋមន្ត្រី​សុខាភិបាល​អូស្ត្រាលី នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ស្នើឱ្យ​ប្រជាជន​នៅ​ស្ងប់ស្ងៀម និង​កុំ​មាន​មន្ទិល​អ្វី​លើ​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន AstraZeneca ។ ការធានា​ទាក់ទង​ប្រសិទ្ធភាព​វ៉ាក់សាំង​របស់ AstraZeneca កើតមាន​ក្រោយពី​អាហ្វ្រិក​ខាងត្បូង ប្រកាស​ព្យួរ​ការប្រើប្រាស់​វ៉ាក់សាំង​នេះ​បណ្ដោះអាសន្ន​។

 
​នៅក្នុង​សន្និសីទ​សារពត៌មាន​នា​ថ្ងៃទី​៧ ខែកុម្ភៈ រដ្ឋមន្ត្រី​សុខាភិបាល​អាហ្វ្រិក​ខាងត្បូង លោក Zweli Mkhize បានលើកឡើង​ពី​ការផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​របស់ AstraZeneca ជា​បណ្ដោះអាសន្ន ក្រោយ​ទិន្នន័យ​សិក្សា​បង្ហាញថា​ប្រសិទ្ធភាព​វ៉ាក់សាំង​នេះ ធ្លាក់ចុះ​នៅពេល​តតាំង​នឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​លេច​រូបរាង​នៅក្នុង​ប្រទេស​។ អាហ្វ្រិក​ខាងត្បូង ចង់​ងាក​ទៅប្រើ​វ៉ាក់សាំង​របស់ Pfizer និង Johnson & Johnson វិញ​។ 
 
​ជុំវិញ​ព័ត៌មាន​នេះ រដ្ឋមន្ត្រី​សុខាភិបាល​អូស្ត្រាលី Greg Hunt ក៏​ចេញមុខ​បកស្រាយ​ទៅកាន់​ប្រជាជន​។ លោក Hunt ប្រាប់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​កង់​បេ​រ៉ា​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ថា បច្ចុប្បន្ននេះ​នៅ​មិនទាន់មាន​ព័ស្តុតាង​ណា​ចង្អុលបង្ហាញ​ពី​ការធ្លាក់ចុះ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង AstraZeneca ក្នុងការ​ការពារ​ការ​ឆ្លង​វីរុស​ឡើយ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ក្រុមហ៊ុន AstraZeneca ប្រកាសថា ខ្លួន​ជឿជាក់ថា វ៉ាក់សាំង​របស់ខ្លួន មាន​ប្រសិទ្ធភាព​ការពារ​ការឆ្លង និង​មាន​សមត្ថភាព​ប្រឆាំងនឹង​វីរុស​ប្រភេទ​ថ្មី 501Y.V2 ដែល​ផ្ទុះឡើង​នៅ​អាហ្វ្រិក​ខាងត្បូង​។ សព្វថ្ងៃ វីរុស​បំប្លែង​ខ្លួន​ថ្មី បាន​រាលដាល​ដល់​ប្រទេស​ជាច្រើន​ហើយ​។​
 
​ដ្បិត​មាន​ព័ត៌មាន​មិនសូវ​ល្អ​ទាក់ទង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ក្ដី អូស្ត្រាលី រំពឹងថា នឹង​អនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​ជាបន្ទាន់​នៅពេល​ខ្លី​ខាងមុខ​ដែរ​។ អូស្ត្រាលី បាន​យល់ព្រម​លើ​ការប្រើប្រាស់​វ៉ាក់សាំង Pfizer កាលពី​ខែមករា ប៉ុន្តែ​វ៉ាក់សាំង​នេះ​អាច​ផ្គត់ផ្គង់ បាន​ត្រឹម​តិចជាង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ក្តី​។ 
 
​អូស្ត្រាលី នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង Pfizer ឱ្យ​ប្រជាជន​របស់ខ្លួន​ក្នុង​ខែកុម្ភៈ​នេះ ហើយ​ប្រជាជន​នៅសល់​នឹង​ទទួលបាន​វ៉ាក់សាំង AstraZeneca ។ អូស្ត្រាលី​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​របស់ AstraZeneca ចំនួន​៥៣​លាន​ដូ​ស​ដែល​ភាគច្រើន​ត្រូវបាន​ផលិត​ក្នុងស្រុក​ដោយ​ក្រុមហ៊ុន CSL៕
 

Tag:
 អូស្ត្រាលី​
  អាហ្វ្រិក​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com