ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លោក វិទិត ជនជាតិថៃ ត្រូវស្នើឲ្យធ្វើជាអ្នករាយការណ៍ UN ឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ជំនួសអ្នកស្រី រ៉ូណា ស្មីត
09, Feb 2021 , 11:50 am        
រូបភាព
លោក វិទិត មុនតាបន ត្រូវជ្រើសរើសជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ជំនួសអ្នកស្រី រ៉ូណា ស្មីត។ លោក វិទិត មុនតាបន រង់ចាំការអនុម័តយល់ព្រមពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មុននឹងក្លាយជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិជាផ្លូវការ។ រូបពី OHCHR
លោក វិទិត មុនតាបន ត្រូវជ្រើសរើសជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ជំនួសអ្នកស្រី រ៉ូណា ស្មីត។ លោក វិទិត មុនតាបន រង់ចាំការអនុម័តយល់ព្រមពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មុននឹងក្លាយជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិជាផ្លូវការ។ រូបពី OHCHR
លោក ណាសាត សាមីម ខាន់ (Nazhat Shameem Khan) ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានដាក់ឈ្មោះលោក វិទិត មុនតាបន (Vitit Muntarbhorn) ជាជនជាតិថៃ ចូលទៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៦ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ដើម្បីស្នើសុំអង្គប្រជុំ អនុម័តឲ្យលោក ធ្វើជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ជំនួសអ្នកស្រី រ៉ូណា ស្មីត ដែលជិតផុតអាណត្តិ។



លោក វិទិត មុនតាបន បញ្ចប់ការសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស។ លោក ធ្លាប់បម្រើការងារតាមស្ថាប័ននានារបស់អង្គការសហប្រជាជាតិ ហើយលោក ក៏ជាសាស្រ្តាចារ្យច្បាប់ផងដែរ។ បច្ចុប្បន្ន លោក មានវ័យ៦៩ឆ្នាំ។

លោក ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីការជួញដូរកុមារ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៤។ ដល់ឆ្នាំ២០០៤ លោក ធ្វើជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកូរ៉េខាងត្បូង ហើយនៅឆ្នាំ២០០៤ដដែល លោក ក៏ទទួលបានពាន់រង្វាន់ផ្នែកសិទ្ធិមនុស្សរបស់អង្គការយូណេស្កូ (UNESCO)។

នៅឆ្នាំ២០១៦ លោក ត្រូវបានតែងតាំងជាអ្នកជំនាញរបស់អង្គការសហប្រជាជាតិស្តីពីអំពើហិង្សានិងការរើសអើងភេទ (យ៉េនឌ័រ) ហើយតំណែងនេះ ត្រូវបានជំនួសដោយអ្នកផ្សេង នៅឆ្នាំ២០១៨។ 

អ្នកស្រី រ៉ូណា ស្មីត ដែលបច្ចុប្បន្នជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា បានបង្ហោះព័ត៌មានលើទំព័រហ្វេសប៊ុក (Special Rapporteur Cambodia) ថា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានប្រកាសអំពីការជ្រើសរើសបេក្ខជនជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ជំនួសអ្នកស្រី ហើយមានបេក្ខជន៣នាក់ រួមមាន លោក វិទិត ម៉ុនតាបន ជាជនជាតិថៃ អ្នកស្រី អ៊ួមីឡា ប៊ូឡា (Urmila Bhoola) ជាជនជាតិអាហ្វ្រិកខាងត្បូង និង អ្នកស្រី ខាធឺរីន ម័ររីស (Catherine Morris) ជាជនជាតិកាណាដា ដែលត្រូវបានផ្តល់អនុសាសន៍ឲ្យជ្រើសរើស។

អ្នកស្រី រ៉ូណា ស្មីត បញ្ជាក់ថា៖«នៅចុងខែមីនា [ឆ្នាំ២០២១] ខាងមុខនេះ ក្រុមប្រឹក្សា [សិទ្ធិមនុស្សអង្គការសហប្រជាជាតិ] នឹងសម្រេចប្រកាសឈ្មោះអ្នក ដែលត្រូវបានតែងតាំង។ បុគ្គលនោះ នឹងត្រូវចូលកាន់តំណែង [ជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា] នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១»។

អ្នកស្រី រ៉ូណា ស្មីត ដែលជាជនជាតិអង់គ្លេស ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា តាំងពីអំឡុងខែមីនា ឆ្នាំ២០១៥មក។ អ្នកស្រី ក៏ជាសាស្រ្តាចារ្យច្បាប់ដែរ។

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហោះសារលើគណនីហ្វេសប៊ុករបស់លោកថា ក្នុងបេសកកម្មរបស់អ្នកស្រី ជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា គឺភាគីទាំងពីរ មានកិច្ចសហការយ៉ាងល្អជាមួយគ្នា។ លោក សរសេរថា៖«អ្នក ស្គាល់ពីតួនាទីនិងភារកិច្ចរបស់ខ្ញុំ ហើយខ្ញុំ ក៏ស្គាល់ពីតួនាទីនិងភារកិច្ចរបស់អ្នក។ សូមជូនពរអ្នកទទួលបាននូវសុខភាពល្អ និងជោគជ័យសម្រាប់ការងារថ្មីៗបន្តទៀត។ ខ្ញុំ ត្រៀមខ្លួនធ្វើការងារជាមួយអ្នកថ្មី ដែលនឹងមកជំនួស»៕

Tag:
 Vitit Muntarbhorn
  អ្នករាយការណ៍ UN
© រក្សាសិទ្ធិដោយ thmeythmey.com