អន្តរជាតិ
UN៖ កូរ៉េខាងជើង​បន្ត​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ក្នុង​ឆ្នាំ​២០២០ បំពាន​ការហាមឃាត់​
09, Feb 2021 , 7:29 pm        
រូបភាព
មីស៊ីលផ្លោងរបស់កូរ៉េខាងជើង។ រូបភាព៖AFP
មីស៊ីលផ្លោងរបស់កូរ៉េខាងជើង។ រូបភាព៖AFP
ដោយ:
​របាយការណ៍​អង្គការសហប្រជាជាតិ (UN)  បង្ហាញថា កូរ៉េខាងជើង​នៅតែ​បន្ត​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ផ្លោង​ពេញ​មួយឆ្នាំ​២០២០ ដែលជា​ការបំពាន​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ របាយការណ៍ លើកឡើង​ដែរ​ថា​ប្រទេស​នេះ​ចំណាយ​ប្រា​ក់ជាង​៣០០​លាន​ដុល្លារ​សម្រាប់​កម្មវិធី​ទាំងនេះ ដែល​រកបាន​តាមរយៈ​ការវាយប្រហារ​អ៊ីនធឺណិត​។​

 
​របាយការណ៍​ដែល​រៀបចំ​ដោយ​ក្រុម​អ្នកឃ្លាំមើល​ទណ្ឌកម្ម​ឯករាជ្យ UN អះអាងថា កូរ៉េខាងជើង​បន្ត​ផលិត​សម្ភារ​ចំហេះ​សម្រាប់​មី​ស៊ី​ល បន្ត​ថែទាំ​ទីតាំង​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​ធ្វើ​ទំនើបកម្ម​ទីតាំង​ផលិត​មី​ស៊ី​ល​បាលី​ស្ទិ​ក​។ ជាមួយគ្នានេះ របាយការណ៍​ដែល​ដាក់ជូន​គណៈកម្មាធិការ​ទណ្ឌកម្ម​នៃ​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ បន្តថា កូរ៉េខាងជើង​ក៏​បន្ត​ស្វែងរក​សារធាតុ សម្ភារ និង​បច្ចេកវិទ្យា​សំខាន់ៗ​ពី​បរទេស​។ 
 
​អ្វីដែល​គួរឱ្យកត់សម្គាល់ របាយការណ៍​នេះ​បញ្ជាក់ថា កូរ៉េខាងជើង និង​អ៊ីរ៉ង់​បាន​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​។ ការបន្ត​កិច្ចសហប្រតិបត្តិការ​នេះ រួមមាន​ការបញ្ជូន​ស​ម្ភា​រ​សំខាន់ៗ​ដោយ​អ៊ីរ៉ង់​ទៅ​កូរ៉េខាងជើង​ក្នុង​ឆ្នាំ​២០២០​។ តប​ទៅនឹង​របាយការណ៍​នេះ លោក Majid Takht Ravanchi ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ UN និយាយថា ព័ត៌មាន​ដែល​ផ្តល់ឱ្យ​ក្រុម​អ្នកឃ្លាំមើល​ទណ្ឌកម្ម ជា​ព័ត៌មាន​មិន​ពិត និង​ត្រូវ​ប្រឌិត​ឡើង​ប៉ុណ្ណោះ​។​
 
​ទាក់ទង​សមត្ថភាព​របស់​មី​ស៊ី​ល​កូរ៉េខាងជើង របាយការណ៍​នេះ​បានលើកឡើង​ពី​ការវាយតម្លៃ​របស់​រដ្ឋ​ជា​សមាជិក​មួយចំនួន ថា មី​ស៊ី​ល​របស់​កូរ៉េខាងជើង​មាន​សមត្ថ​ភាព​ក្នុង​ការផ្ទុក​គ្រាប់​នុយក្លេអ៊ែរ​ដែល​អាច​ហោះ​ដល់​គោលដៅ​នៅ​រយៈ​ចម្ងាយ​ជិត មធ្យម និង​ឆ្ងាយ​។ យ៉ាងណាក្តី អ្នកវិភាគ​ពុំ​អាច​ដឹងថា មី​ស៊ី​ល​ទាំងនោះ​អាច​ធន់​ទៅនឹង​កម្តៅ​នៅពេល​ត្រឡប់​ចូល​បរិ​យាស​ផែនដី ឬ​យ៉ាងណា​នោះទេ​។​
 
​នៅ​ឆ្នាំ​២០១៨ កូរ៉េខាងជើង​បានប្រកាស​ថា ខ្លួន​បាន​បំផ្ទុះ​ចោល​រូង​ក្រោម​ដី Punggye-ri ដែលជា​កន្លែង​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ​។ ប៉ុន្តែ​ប្រទេស​មួយចំនួន​ដែល​ចូលរួម​ក្នុងការ​ស​សេរ​របាយការណ៍​នេះ និយាយថា ទីតាំង​ខាងលើ​មិន​ត្រូវបាន​បោះបង់ចោល​ឡើយ ហើយ​ថែមទាំង​មាន​វត្តមាន​មនុស្ស​នៅ​ទីនោះ​ផងដែរ​។ 
 
​ចំពោះ​រឿង​ថវិកា​វិញ របាយការណ៍​លើកឡើងថា ក្នុង​ឆ្នាំ​២០២០ កូរ៉េខាងជើង​បន្ត​បើក​ប្រតិបត្តិ​ការវាយលុក​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ក៏ដូចជា​ការដោះដូរ​រូបិយ​បណ្ណ​តាម​បណ្តាញ​អ៊ីនធឺណិត ដោយ​រកប្រាក់​បាន​ប្រមាណ​៣១៦,៤​លាន​ដុល្លារ ដើម្បី​ផ្គត់​ផ្គង​កម្មវិធី​នុយ​ក្លេ​អែរ​។ ក្នុង​ឆ្នាំ​២០១៩ កូរ៉េខាងជើង​រកប្រាក់​បាន​យ៉ាងហោចណាស់​៣៧០​លាន​ដុល្លារ​តាមរយៈ​ការលក់​ធ្យូងថ្ម​ផងដែរ​។ ចំណូល​ភាគច្រើន ប្រើប្រាស់​លើ​កម្មវិធី​អាវុធ ខណៈ​ប្រជាជន​ប្រទេស​នេះ​រង​ភាពអត់ឃ្លាន​ដដែល​។​
 
​លើសពី​ការបំពាន​ការហាមឃាត់​ពាក់ព័ន្ធ​កម្មវិធី​អាវុធ ទីក្រុង​ព្យុងយ៉ាង ក៏​បំពាន​ដំណោះស្រាយ​ផ្សេងទៀត​លើ​ការ​នាំចូល​ប្រេង​ដែរ​។ រូបភាព​ពី​ផ្កាយរណប ដែល​ផ្តល់ឱ្យ​ពី​រដ្ឋ​សមាជិក​វិញ បង្ហាញថា រដ្ឋ​ឯកោ​មួយ​នេះ នាំចូល​ប្រេង​ដែល​ចម្រាញ់​ហើយ​លើស​ចំនួន​កំណត់​ដែល​អនុញ្ញាត​ដោយ​អង្គការសហប្រជាជាតិ​។ ពី​ខែមករា ដល់​កញ្ញា​ឆ្នាំ​២០២០ កូរ៉េខាងជើង​នាំចូល​ប្រង​ហួស​ចំនួន​ដែល​កំណត់​៥​សែន​បា​រែ​ល ជាច្រើន​ដង​។​
 
​កូរ៉េខាងជើង រង​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​តាំងពី​ឆ្នាំ​២០០៦​មក​។ ក្រុមប្រឹក្សា​នេះ​បន្តឹង​ទណ្ឌកម្ម​ជាច្រើន​ដង ក្នុង​បំណង​ហាម​មិនឱ្យ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​មាន​មធ្យោបាយ​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ផ្លោង​បាន​៕
 

Tag:
 កូរ៉េខាងជើង​
 UN
© រក្សាសិទ្ធិដោយ thmeythmey.com