ជាតិ
សម្ដេច ស ខេង បញ្ជា​ឱ្យ​សិក្សា​ពី​ប្រភព​គ្រឿងញៀន​៥០០​គីឡូ ដែល​រឹបអូស​បាន​នៅ​ខេត្ត​ព្រះសីហនុ
09, Feb 2021 , 3:56 pm        
រូបភាព
ភ្នំពេញ​៖ សមត្ថកិច្ច​ជំនាញ ត្រូវ​សិក្សា​ពី​ប្រភព​គ្រឿងញៀន​៥០០​គីឡូ ដែល​ទើប​បង្ក្រាបបាន​នៅ​ខេត្ត​ព្រះសីហនុ កាលពីពេល​ថ្មីៗ​នេះ​។ សម្ដេច ស ខេង បញ្ជា​បែបនេះ នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង ជា​ប្រធាន​លេខាធិការដ្ឋាន អនុប្រធាន សមាជិក និង​ក្រុម​ជំនួយការ នៃ​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្ដរាយ​ក្រសួងមហាផ្ទៃ នា​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១​។​



​សម្ដេច ស ខេង បាន​បញ្ជាក់ថា បទល្មើស​គ្រឿងញៀន ហាក់ដូចជា​ចរាចរណ៍​កើនឡើង ក្នុង​រយៈពេល​ចុងក្រោយ​នេះ ស្រប​ពេលដែល​សមត្ថកិច្ច​បាន​បង្ក្រាប​ច្រើន​ករណី​ហើយ នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។ ដោយ​មើលឃើញ​ពី​កំណើន​គ្រឿងញៀន​ថ្មីៗ​នេះ ទើប​សម្ដេច ស ខេង បញ្ជា​ឱ្យ​សមត្ថកិច្ច​ជំនាញ​ទាំងអស់​ត្រូវ​សិក្សា​ពី​ប្រភព​ឱ្យបាន​ច្បាស់ ចំពោះ​ការ​ចរាចរណ៍​គ្រឿងញៀន​មកកាន់​កម្ពុជា ។ ជាពិសេស​ប្រភព​គ្រឿងញៀន ដែល​សមត្ថកិច្ច​ទើប​បង្ក្រាបបាន​រាប់រយ​គីឡូ កន្លងទៅ​ថ្មីៗ​នេះ​។​
 
​រដ្ឋមន្ត្រី​មហាផ្ទៃ បាន​និយាយ​ដូច្នេះ​ថា​៖«​ឥឡូវនេះ​យើង​ឃើញថា គ្រឿងញៀន ហាក់បីដូចជា មាន​ចរាចរណ៍​កាន់តែច្រើន យើង​ចាប់បាន​កាន់តែច្រើន​។ ហើយ​ឥឡូវនេះ យើង​បន្ដ​សិក្សា​បន្ដទៀត តើ​មូលហេតុ​អ្វីខ្លះ​?​។ ប៉ុន្មាន​ថ្ងៃមុន​នេះ​ចាប់បាន​គ្រឿងញៀន​ជាង​៥០០​គីឡូក្រាម យកទៅ​លាក់ទុក​នៅលើ​កោះ ក្នុង​ខេត្ត​ព្រះសីហនុ ឥឡូវ​សមត្ថកិច្ច បាន​ប្រមូល​ទុក​អស់ហើយ​»​។​
 
​បើតាម​សម្ដេច ស ខេង គ្រឿងញៀន​ជាង​៥០០​គីឡូ​ក្រោម ដែល​រឹបអូស​បាន​នៅ​ខេត្ត​ព្រះសីហនុ មិនមែន​ប្រើប្រាស់​នៅ​កម្ពុជា​ទាំងអស់​នោះទេ ពោលគឺ​ក្រុម​ទុច្ចរិត​ទាំងនោះ គ្រោង​យកទៅ​បែងចែក​បន្ត នៅតាម​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត តាមរយៈ​ផ្លូវ​សមុទ្រ ដូចជា វៀតណាម ថៃ ជាដើម​។​
 
​សម្ដេច ស ខេង ក៏បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ទូទាំងប្រទេស ពង្រឹង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​។​
 
​កាលពី​ថ្ងៃទី​៦ កុម្ភៈ កងទ័ពជើងទឹក​នៅ​ការពារ​កោះ​ពូ​លូ​វៃ បាន​ប្រទះ​ថ្នាំញៀន​ប្រភេទ Ketamine រាប់រយ​គីឡូក្រាម ដែល​ត្រូវបាន​គេ​ផ្លុ​ង​ចោល​។ កងទ័ពជើងទឹក ក៏បាន​ប្រមូល​គ្រឿងញៀន​ទាំងនោះ ទៅ​ប្រគល់​ឱ្យកម្លាំង​ទីបញ្ជាការ​ជួរមុខ គណៈកម្មាធិការ​ជាតិ សន្តិសុខ​លម្ហ​សមុទ្រ​។​
 
​គិត​ត្រឹម​ខែមករា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​ទូទាំងប្រទេស បាន​បង្ក្រាប​ករណី​គ្រឿងញៀន​សរុប​ចំនួន​៦៩៨​ករណី ដោយ​ឃាត់ខ្លួន​មនុស្ស ១,៧២២​នាក់ (​ស្រី​៧៧​នាក់​)​។ ការបង្ក្រាប​នេះ សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​ជិត ៧០​គីឡូក្រាម និង​៧៨៣​កញ្ចប់ រួមទាំង​កញ្ឆា ៦,៤២៧​ដើម​។ នេះ​បើ​របាយការណ៍​របស់​អង្គភាព​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។​
 
​កាលពី​ឆ្នាំ​២០២០​កន្លងមក សមត្ថកិច្ច​បាន​បង្ក្រាប និង​ចាប់ខ្លួន​មនុស្ស​ជាង​២​ម៉ឹ​ន​នាក់ ដោយ​រឹបអូស​គ្រឿងញៀន​ជាង​៣​តោន​ផងដែរ​៕
 

Tag:
 ស ខេង​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com