COVID-19
ជាតិ
ក្រោយ​ចាក់​វ៉ាក់សាំង​ចិន ២០​ថ្ងៃ សម្ដេច ទៀ បាញ់ អះអាងថា «​អត់​មាន​ធ្វើទុក្ខ​អ្វី​ទាំងអស់​»
10, Feb 2021 , 3:15 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ បាន​អះអាងថា សម្ដេច​មិនមានប​ញ្ហា​ប្រតិកម្ម​អ្វី​ជាមួយ​វ៉ាក់សាំង​ចិន​ឡើយ ក្រោយពី​ចាក់​ការពារ​ជំងឺឆ្លង​កូ​វីដ​-១៩ រយៈពេល​ជិត​១​ខែ​មកនេះ​។ សម្ដេច ថ្លែង​បែបនេះ នៅក្នុង​ពិធី​ដឹកនាំ​មន្ត្រី​កងទ័ព​ចាក់​វ៉ាក់សាំង​ចិន នៅ​មន្ទីរពេទ្យ​កេតុមាលា នា​រសៀល​ថ្ងៃទី​១០ កុម្ភៈ​។​



«​អត់​មាន​ធ្វើទុក្ខ​អ្វី​ទាំងអស់​»​។ នេះ​ជាការ​អះអាង​របស់​សម្ដេច ទៀ បាញ់ ដើម្បី​ឆ្លើយតប​នឹង​ការសង្ស័យ​លើ​ផលប៉ះពាល់​សុខភាព ក្រោយ​ចាក់​វ៉ាក់សាំង​Sinopharm​របស់​ចិន រយៈពេល​២០​ថ្ងៃ​មកនេះ​។ សម្ដេច ទៀ បាញ់ បាន​ចាក់​វ៉ាក់សាំង​ចិន​នេះ នៅ​មន្ទីរពេទ្យ​កេតុមាលា​។ 
 
​បើតាម​សម្ដេច ទៀ បាញ់ ការចាក់​វ៉ាក់សាំង​នេះ គឺ​គ្រូពេទ្យ​តម្រូវឱ្យ​តម​គ្រឿង​សមុទ្រ គ្រឿង​ស្រវឹង និង​កុំ​ធ្វើការ​ធ្ងន់​ហួសកម្លាំង រយៈពេល​៤​ថ្ងៃ​ប៉ុណ្ណោះ​។ «៤​ថ្ងៃនេះ បើសិន​តម​បាន​គឺ​វា​ល្អ​» ។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​។​
 
​សម្ដេច ទៀ បាញ់ ដែលមាន​អាយុ​៧៥​ឆ្នាំ បាន​ចាក់​វ៉ាក់សាំង​ចិន ទាំង​ខ្លួន​លើស​អាយុ​កំណត់​។ ប៉ុន្តែ​នៅពេល​អ្នកកាសែត​សួរ​ពី​រឿង​អាយុ​នេះ សម្ដេច ទៀ បាញ់ អះអាងថា អាយុ​មិនមែនជា​បញ្ហា​អ្វី​ចោទ​ឡើយ ។ សម្ដេច បញ្ជាក់ថា សម្ដេច​មាន​សុខ​ភាពល្អ​ធម្មតា​។​«​ខ្ញុំ​ចូលចិត្ត​លេង​កូន​ហ្គោល ហើយ​ខ្ញុំ​លេង​ល្អ​ជាង​មុន​ទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ ដែល​ហ៊ាន​អះអាងថា វ៉ាក់សាំង​ចិន មានគុណ​ភាព និង​ប្រសិទ្ធ​ល្អ​ថែម​ទៀតផង​។​
 
​លោក វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​, អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួមទាំង​មន្ត្រីជាន់ខ្ពស់​កងទ័ព​ផ្សេងទៀត ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃទី​១០ កុម្ភៈ ក្រោម​ការដឹកនាំ​របស់​សម្ដេច ទៀ បាញ់​។​
 
​សម្ដេច ទៀ បាញ់ ក៏បាន​ស្នើ​ទៅ​សម្ដេច ហ៊ុន សែន សុំ​ចាក់​វ៉ាក់សាំង​ចិន​លើ​កងទ័ព ចាប់ពី​អាយុ​៦០​ឆ្នាំ​ឡើងទៅ​ដែរ​។ មូល​ហេតុដែល​សម្ដេច ទៀ បាញ់ ចង់ឱ្យ​ចាក់​លើ​កងទ័ព​អាយុ​៦០​ឆ្នាំ​ឡើងទៅ​នេះ ដោយសារ​សម្ដេច គិតថា​គ្មាន​ប៉ះពាល់​ដល់​សុខភាព​ទេ​។​
 
«​ខ្ញុំ​ស្នើ​ទៅ​សម្ដេច ហ៊ុន សែន សុំ​ចាក់​លើ​មន្ត្រី​ចាស់​(​អាយុ​ពី​៦០​ឆ្នាំ​)​នៅ​ជួរ​កងទ័ព​ដែរ ហើយ​សម្ដេច ក៏​ឆ្លើយតប​ឱ្យ​ចាក់​ធម្មតា​ទៅ​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ ដែល​បាន​បន្ថែមថា ជួរ​កងទ័ព​គឺ​មិន​កំណត់​អាយុ​ឡើយ ។ សម្ដេច សង្កត់ធ្ងន់ថា កងទ័ព​ចាប់ពី​អាយុ​១៨ រហូតដល់​លើស​៥៩​ឆ្នាំ ក៏​អាច​ចាក់​បានដែរ​។ 
 
​នៅ​ព្រឹក​ថ្ងៃទី​១០ កុម្ភៈ​នេះ សម្ដេច ហ៊ុន សែន ក៏​ប្រាប់​ពលរដ្ឋ​កុំឱ្យ​សង្ស័យ​លើ​គុណភាព​វ៉ាក់សាំង​Sinopharm របស់​ចិន សម្រាប់​ចាក់​ការពារ​ជំងឺឆ្លង​កូ​វីដ​-១៩​។ «​សូម​បងប្អូន​កុំ​បារម្ភ​លើ​វ៉ាក់សាំង​មកពី​ប្រទេស​ណា​? ម៉ាក​អ្វី​? តែ​គប្បី​បារម្ភ​ពី​ការ​អត់​វ៉ាក់សាំង​ចាក់ ព្រោះ​គ្មាន​វ៉ាក់សាំង​លក់​តាម​ផ្សារ​ដូច​លក់​ត្រី លក់​ត្រកួន​នោះទេ​»​។ នេះ​ជា​សារ​របស់​សម្ដេច ហ៊ុន សែន ឆ្លើយតប​ទៅនឹង​មតិ​រិះគន់​លើ​បញ្ហា​គុណភាព​វ៉ាក់សាំង​Sinopharm របស់​ចិន​។​
 
​ចិន​បានផ្ដល់​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​៦០​ម៉ឺន​ដូ​សមក​កម្ពុជា តាម​ជើងយន្តហោះ​យោធា Y-20 នៅ​ថ្ងៃទី​៧ កុម្ភៈ​នេះ ។ បើតាម​គម្រោង កម្ពុជា នឹង​ទទួលបាន​វ៉ាក់សាំង​ពី​ចិន​១​លាន​ដូ​ស​។​
 
​កម្ពុជា ត្រៀម​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ប្រមាណ​២០​លាន​ដូ​ស ពី​បណ្ដាល​ប្រទេស​ផលិត​នានា ។ ប៉ុន្តែ​ក្នុងនោះ កម្ពុជា​ទំនងជា​អាច​ទទួលបាន​ជំនួយ​វ៉ាក់សាំង​១១​លាន​ដូ​ស​៕

Tag:
 ទៀ បាញ់​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com