ទាំង Man Utd និង Arsenal ត្រូវ​លេង Europa League នៅ​ទឹកដី​អ៊ីតាលី​វិញ
កីឡាអន្តរជាតិ
អន្តរជាតិ
ទាំង Man Utd និង Arsenal ត្រូវ​លេង Europa League នៅ​ទឹកដី​អ៊ីតាលី​វិញ
10, Feb 2021 , 10:59 pm        
រូបភាព
​ទាំង Manchester United និង Arsenal នឹងត្រូវ​ប្រកួត​ពានរ​ង្វាន់ Europa League វគ្គ​៣២​ក្រុម​ចុងក្រោយ​នៅ​ទឹកដី​កណ្តាល​ក្នុងប្រទេស​អ៊ីតាលី ដោយសារ​ការ​រឹតត្បិត​ជំវិញ​ការបង្ការ​ជំងឺ COVID-19​។ Man Utd និង Arsenal ជា​ក្រុម​ក្នុង​ក្របខណ្ឌ Premier League ទី​៤ បន្ទាប់ពី Manchester City និង Liverpool ដែល​ត្រូវ​លេង​នៅ​ទឹកដី​កណ្តាល​។​



​ជំនួប​រវាង Man Utd ទល់នឹង​ក្រុម​អេ​ស្ប៉ា​ញ Real Sociedad នឹងត្រូវ​ប្រកួត​នៅ​កីឡដ្ឋាន Allianz របស់​ក្លិប Juventus ក្នុង​ក្រុង Turin ប្រទេស​អ៊ីតាលី ខណៈ​ការជួបគ្នា​របស់ Arsenal ជាមួយ Benfica នឹងត្រូវ​ធ្វើឡើង​នៅ​កីឡដ្ឋាន Stadio Olimpico ក្នុង​ក្រុង​រ៉ូម​។ ជំនួប​ទាំងពីរ​គូ​នេះ នឹងធ្វើ​នៅ​រាត្រី​ថ្ងៃទី​១៨ ខែកុម្ភៈ​។​
 
​ការសម្រេច​ឱ្យមាន​ការប្រកួត​នៅ​ទឹកដី​កណ្តាល​បែបនេះ ដោយសារ​អេ​ស្ប៉ា​ញ​បានដាក់​កម្រិត​លើ​អ្នកដំណើរ​ពី​ចក្រភព​អង់គ្លេស​ដើម្បី​ការពារ​ការឆ្លង COVID-19 ខណៈដែល​អង់គ្លេស​អនុវត្ត​ច្បាប់​ដូចគ្នានេះ​លើ​ការធ្វើដំណើ​ពី​ព័រ​ទុយ​ហ្គា​ល់​។​
 
​ដូច្នេះ​មានន័យថា ការប្រកួត​ជើង​ទី​២ របស់​បិសាច​ក្រហម​ដែល​នឹង​ត្រូវធ្វើ​នៅ Old Trafford នៅ​រាត្រី​ថ្ងៃទី​២៥ ខែកុម្ភៈ​នេះ​នឹង​ដំណើរ​ការធម្មតា​។ ប៉ុន្តែ​សម្រាប់​ការប្រកួត​ក្នុង​ដី​របស់​កាំភ្លើង​ធំ​ទល់ Benfica នៅពេល​ដូចគ្នានេះ​មិនទាន់បាន​បញ្ជាក់​នៅឡើយ​ទេ​។​
 
​នេះ​មិនមែនជា​ករណី​ដំបូង​នោះទេ​សម្រាប់​ក្រុម​ដែល​ប្តូរ​ទីលាន​ប្រកួត​ទៅ​ក្រៅប្រទេស​ដោយសារ​វិបត្តិ COVID-19​។ Liverpool និង Manchester City ដែល​ត្រូវ​ជួប​ក្រុម​ពី Bundesliga សុទ្ធតែ​ត្រូវ​លេង​នៅ​ទឹកដី​កណ្តាល​ក្នុង​ក្រុង​ប៊ុ​យ​ដា​ប៉ែស ប្រទេស​ហុង​គ្រី​ក្នុង​ការប្រកួត Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​ជើង​ទី​១ ដោយសារ​អាល្លឺម៉ង់​បាន​ហាមឃាត់​រាល់​អ្នកធ្វើដំណើ​រ​ពី​បណ្តា​ប្រទេស​នានា​រួមទាំង​អង់គ្លេស​ដូចគ្នា​។​
 
​កីឡដ្ឋាន Puskas Arena ដែល​ស្ថិតក្នុង​ក្រុង​ប៊ុ​យ​ដា​ប៉ែស ប្រទេស​ហុង​គ្រី​ត្រូវបាន​ផ្តល់ឱ្យ​សម្រាប់​ការប្រកួត​ទាំងពីរ​គូរ​វាង Borussia Monchengladbach និង Man City និង Leipzig ទល់ Liverpool៕
 
 

Tag:
 COVID-19
  Europa League
© រក្សាសិទ្ធិដោយ thmeythmey.com