អន្តរជាតិ
ចូលឆ្នាំថ្មី លោក ស៊ី អំពាវនាវឱ្យប្រជាជនពួតដៃជាមួយបក្សកុម្មុយនីស្តដើម្បីជម្នះបញ្ហាប្រឈម
11, Feb 2021 , 3:49 pm        
រូបភាព
ប្រធានាធិបតីចិ​ន លោកស៊ី ជិនភីងថ្លែងសុន្ទរកថាក្នុងពិធីលៀងសាយភោជន៍អបអរឱកាសចូលឆ្នាំចិន ដែលរៀបចំដោយក្រុមប្រឹក្សារដ្ឋចិន និងគណៈមជ្ឈិមនៃបក្សកុម្មុយនីស្តចិន។ រូបភាព៖ Xinhua
ប្រធានាធិបតីចិ​ន លោកស៊ី ជិនភីងថ្លែងសុន្ទរកថាក្នុងពិធីលៀងសាយភោជន៍អបអរឱកាសចូលឆ្នាំចិន ដែលរៀបចំដោយក្រុមប្រឹក្សារដ្ឋចិន និងគណៈមជ្ឈិមនៃបក្សកុម្មុយនីស្តចិន។ រូបភាព៖ Xinhua
ក្នុងសាទរអបអរឆ្នាំថ្មី ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅថ្ងៃទី១០ ខែកុម្ភៈ បានទទូចឱ្យប្រជាជនចិនទាំងអស់ រួមសាមគ្គីគ្នាជាមួយបក្សកុម្មុយនីស្តចិន ដើម្បីជម្នះឧបសគ្គនានា និងសម្រេចគោលដៅរបស់បក្ស។ លោកប្រធានាធិបតី បានជូនពរដល់ប្រជាជនរបស់ខ្លួននៅក្នុងប្រទេស និងជនរួមជាតិចិនដែលរស់នៅក្នុងហុងកុង ម៉ាកាវ តៃវ៉ាន់ និងនៅបរទេសផងដែរ។

 
«ទាល់តែបក្សទាំងមូល និងប្រជាជនចិនទាំងអស់រួមគ្នាយ៉ាងរឹងមាំ នៅជុំវិញគណៈមជ្ឈិមនៃបក្សកុម្មុយនីស្តចិន នោះនឹងគ្មានបញ្ហាណាមួយដែល យើងមិនអាចសម្រេចបានទេ»។ លោក ស៊ី ជិនភីង ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនផង បានថ្លែងបែបនេះថ្លែងក្នុងពិធីលៀងសាយភោជន៍អបអរពិធីបុណ្យនិទាឃរដូវ ឬបុណ្យចូលឆ្នាំចិននៅមហាវិមានប្រជាជនក្នុងទីក្រុងប៉េកាំង។
 
នៅចំពោះមុខមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងបក្ស សមាជិកក្រុមប្រឹក្សារដ្ឋចិន និងសមាជិកគណៈមជ្ឈិមនៃបក្សកុម្មុយនីស្តចិនជាច្រើននាក់ លោក ស៊ី ក៏បានលើកឡើងផងដែរថា បក្សកុម្មុយនីស្តចិន គួរខិតខំទប់ស្កាត់កូវីដ-១៩, បន្តការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្រោមគោលនយោបាយសេដ្ឋកិច្ច ៥ឆ្នាំបន្ថែមទៀត ដើម្បីអបអរគោលដៅសតវត្សរ៍របស់បក្ស។ ឆ្នាំ២០២១ ក៏ត្រូវជាខួបបង្កើតបក្សកុម្មុយនីស្តចិនលើក១០០ផងដែរ។ លោក ស៊ី បានចាត់ទុកការសម្រេចគោលដៅនាពេលកន្លងមក ជាដំណើរការដ៏សំខាន់មួយ។ 
 
ចាប់តាំងពីឆ្នាំ១៩៤៩ មកទល់បច្ចុប្បន្ន បក្សកុម្មុយនីស្តចិន បានកាន់អំណាចរយៈពេល ៧០ឆ្នាំហើយ និងមានសមាជិកបក្សប្រមាណ ៩១លាននាក់។ ការណ៍នេះ ត្រូវបានប្រធានាធិបតីចិន បានចាត់ទុកថា បក្សកុម្មុយនីស្តចិន គឺជាបក្សកាន់អំណាចប្រកាន់ខ្ជាប់គំនិតម៉ាក្សនិយមធំជាងគេបង្អស់។ 
 
ក្នុងពិធីលៀងសាយភោជន៍ដដែលនេះ មេដឹកនាំចិនរូបនេះ ក៏បានលើកឡើងពីស្នាដៃសំខាន់ៗរបស់បក្សក្នុងឆ្នាំ២០២០ ផងដែរ ពិសេសការទប់ស្កាត់កូវីដ-១៩ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចប្រទេសរក្សាកំណើនវិជ្ជមានក្នុងអំឡុងពេលពិភពលោកមានវិបត្តិ។ ការលុបបំបាត់ភាពក្រីក្រ និងការកសាងសង្គមប្រកបដោយវិបុលភាព ក៏ជាអ្វីដែលលោក ស៊ី លើកឡើងដែរ។
 
ក្រៅពីនេះ លោកស៊ី បានជូនពរទៅប្រជាជនចិនទាំងនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ។ ជាពិសេស លោក បានជូនពរឱ្យបក្សកុម្មុយនីស្តចិន មានអាយុកាលយូរអង្វែង និងចាក់ឬសនៅគ្រប់ស្រទាប់នៃប្រជាជនចិន៕
 

Tag:
 ចិន
  ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com