អន្តរជាតិ
ប្រជាជនមីយ៉ាន់ម៉ា បាតុកម្មនៅមុខស្ថានទូតចិន ដោយចោទថាគាំទ្ររបបយោធា
11, Feb 2021 , 5:15 pm        
រូបភាព
ប្រជាជនមីយ៉ាន់ម៉ា បាតុកម្មជំទាស់នឹងរបបសឹកយោធានៅក្នុងទីក្រុងយ៉ាំងហ្គោន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។ រូបភាព៖ AFP
ប្រជាជនមីយ៉ាន់ម៉ា បាតុកម្មជំទាស់នឹងរបបសឹកយោធានៅក្នុងទីក្រុងយ៉ាំងហ្គោន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។ រូបភាព៖ AFP
ប្រជាជនមីយ៉ាន់ម៉ា ជាច្រើនរយនាក់ នៅថ្ងៃទី១១ ខែកុម្ភៈ បានធ្វើបាតុកម្មនៅមុខស្ថានទូតចិនក្នុងទីក្រុងយ៉ាំងហ្គោន។  បាតុកម្មនេះ ធ្វើឡើងបន្ទាប់ពីមានពាក្យតៗគ្នាថា ចិនបានបញ្ជូនក្រុមអ្នកជំនាញបច្ចេកទេសមកជួយរដ្ឋាភិបាលយោធាដែលដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិល។

 
 
 
គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ បាតុកម្មនៅមីយ៉ាន់ម៉ា តវ៉ានឹងរដ្ឋប្រហារយោធា បានឈានចូលដល់ថ្ងៃទី៦ ហើយ។ ស្ថានទូតចិន ក្លាយជាគោលដៅតវ៉ាប្រជាជនមីយ៉ាន់ម៉ាជាច្រើនរយនាក់ ដោយពួកគេជឿថា ក្រុងប៉េកាំងបានគាំទ្រក្រុមយោធា។ បាតុករមីយ៉ាន់ម៉ា បានសរសេរលើបដាមួយជាភាសាចិន និងអង់គ្លេសថា «គាំទ្រមីយ៉ាន់ម៉ា កុំគាំទ្រពួកផ្តាច់ការ»។
 
អ្នកតវ៉ានៅមុខស្ថានទូតចិនម្នាក់ បានប្រាប់សារព័ត៌មានក្នុងស្រុកមីយ៉ាន់ម៉ាថា ចិន ហាក់ដូចជាគាំទ្រក្រុមយោធា ជាជាងរដ្ឋាភិបាលស៊ីវិល។ ស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា មិនទាន់បានឆ្លើយតបនឹងការចោទប្រកាន់ខាងលើទេ។ 
 
បាតុកម្មនៅមុខស្ថានទូតមហាអំណាចមួយនេះ ធ្វើឡើងបន្ទាប់ពីមានពាក្យលេចលឺថា ចិនបានបញ្ជូនក្រុមអ្នកបច្ចេកទេស និងសម្ភារគ្រប់គ្រងអ៊ីនធឺណិតមកមីយ៉ាន់ម៉ា។ ស្ថានទូតចិនបានទាត់ចោលរឿង។ ស្ថានទូតចិនបញ្ជាក់នៅថ្ងៃទី១០ ខែកុម្ភៈ វាគ្រាន់តែជាការដឹកទំនិញនាំចេញនាំចូលដូចធម្មតាប៉ុណ្ណោះ ក្នុងនោះមានដូចជាគ្រឿងសមុទ្រជាដើម។ ពីទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ក៏បានច្រានចោលព័ត៌មានទាំងនោះដែរ និងអះអាងថា ជាព័ត៌មានមិនពិត។ 
 
នាពេលកន្លងមក ចិន បានអះអាងថាខ្លួននឹងមិនលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាឡើយ និងទុកឱ្យភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា ដោះស្រាយបញ្ហាខ្វែងគំនិតគ្នាដោយសន្តិវិធី។ ភ្លាមៗក្រោយរដ្ឋប្រហារ នៅពេលរបបយោធាបង្កើតរដ្ឋាភិបាលថ្មី សារព័ត៌មានរដ្ឋចិនហៅត្រឹមថា ការរុះរើគណៈរដ្ឋមន្ត្រីដ៏ធំ ដែលពាក្យនេះធ្វើឱ្យចិនរងការរិះគន់មិនតិចដែរ។ 
 
ផ្ទុយចិនវិញ អឺរ៉ុប អង់គ្លេស បានជំរុញឱ្យក្រុមយោធាបង្កើតរដ្ឋាភិបាលស៊ីវិលឡើងវិញ  ខណៈពេលអាមេរិក បានអនុម័តបញ្ជាប្រតិបត្តិមួយ ដែលអាចដាក់ទណ្ឌកម្មលើក្រុមយោធា និងបង្កកទ្រព្យសម្បត្តិ ១ពាន់លានដុល្លារ ដែលមាននៅក្នុងមូលនិធិរដ្ឋាភិបាលមីយ៉ាន់ម៉ា នៅក្នុងទឹកដីអាមេរិក៕
 

Tag:
 មីយ៉ាន់ម៉ា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com