អន្តរជាតិ
សភា​អឺរ៉ុប​អំពាវនាវ​ឱ្យ​រដ្ឋ​សមាជិក​ដាក់ទណ្ឌកម្ម​លើ​ក្រុម​យោធា​មី​យ៉ាន់​ម៉ា
12, Feb 2021 , 2:42 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
​ដោយ ឈួន ឈី​វ​អ៊ីង
 
​សភា​អឺរ៉ុប នៅ​ថ្ងៃទី​១១ ខែកុម្ភៈ បាន​បោះឆ្នោត​គាំទ្រ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា ដែល​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​នៅ​ដើមខែ​កុម្ភៈ​។ សភា​អឺរ៉ុប​ក៏បាន​ជំរុញឱ្យមាន​ដំណោះស្រាយ​ដើម្បី​ឈានទៅរក​ការគ្រប់គ្រង​ប្រទេស​ដោយ​រដ្ឋាភិបាល​ស៊ីវិល​ឡើងវិញ​ផងដែរ​។

 
​នា​កិច្ចប្រជុំ​ថ្ងៃទី​១១ ខែកុម្ភៈ សមាជិកសភា​អឺរ៉ុប​ចំនួន​៦៧៧ បាន​គាំទ្រ​លើ​ដំណោះស្រាយ​មួយ​ដែល​ស្នើឱ្យ​រដ្ឋាភិបាល​នៃ​រដ្ឋ​សមាជិក​២៧ ចេញ​ទណ្ឌកម្ម​ល​របប​យោធា​មី​យ៉ាន់​ម៉ា​។ ដំណោះស្រាយ​នេះ មិនមាន​ចំណង​ចាប់បង្ខំ​ឡើយ តែ​វា​ជា​សញ្ញា​មួយ​បង្ហាញថា អឺរ៉ុប​មិន​ពេញចិត្ត​ពេញទំហឹង​រដ្ឋប្រហារ​ដណ្ដើម​អំណាច​នៅ​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​
 
​ទាក់ទង​រឿង​ទណ្ឌ​កម្មនេះ ប្រធាន​គោលនយោបាយ​ការបរទេស​នៃ​សហភាព​អឺរ៉ុប លោក Josep Borrell លើកឡើង​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ​ថា ការដាក់ទណ្ឌកម្ម​បន្ថែម​ទៅលើ​បុគ្គល​មេដឹកនាំ និង​ជំនួញ​នានា​ដែល​នៅក្រោម​ការគ្រប់គ្រង​រប​ស់​យោធា គឺអាច​ធ្វើទៅបាន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ វិធានការ​របស់​អឺរ៉ុប ទំនង​ជាការ​កាត់ផ្ដាច់​ជំនួយ​ដល់​រដ្ឋាភិបាល ឬ​ការកាត់បន្ថយ​ការអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ជាដើម​។ 
 
​សហភាព​អឺរ៉ុប​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​មួយ​របស់​មី​យ៉ាន់​ម៉ា ទណ្ឌកម្ម​ណាមួយ នឹងធ្វើ​ឱ្យ​មី​យ៉ាន់​ម៉ា រង​ទុក្ខ​ខ្លាំង​។ យ៉ាងណាមិញ លោក Borrell ក៏បាន​ព្រមាន​ពី​ផលវិបាក​នៃ​ការផ្អាក​ការធ្វើ​ជំនួញ​របស់​អឺរ៉ុប​ជាមួយ​មី​យ៉ាន់​ម៉ា​ផងដែរ ព្រោះ​អាច​ប៉ះពាល់​ដល់​វិស័យ​វាយ​ន​ភណ្ឌ ដែលមាន​កម្មករ​ប្រមាណ​៥០​ម៉ឺន​នាក់ ហើយ​ភាគច្រើន​ជា​ស្ត្រី​។​
 
​ខណៈ​ទណ្ឌកម្ម​ពី​អឺរ៉ុប​អាច​ចំណាយពេល​យូរ អាមេរិក​ឯណោះ​បានចេញ​ទណ្ឌកម្ម​ហើយ​។ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បានដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​របប​យោធា​១០​នាក់ និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​យោធា​ចំនួន​បី​។ លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង ដែល​ត្រូវ​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​សំណុំរឿង​រ៉ូ​ហ៊ីង​យ៉ា ក៏ត្រូវ​រង​ទទួល​ទណ្ឌកម្ម​មួយ​ជាន់​ទៀត​ដែរ​៕

Tag:
 ​អឺរ៉ុប​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com