អង្គការសង្គមស៊ីវិល សមាគម និង សហជីពនានា ដល់ទៅ៦០នៅកម្ពុជា បានធ្វើ
លិខិតរួមគ្នា យកទៅដាក់នៅស្ថានទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា ដោយក្នុងលិខិតនោះ ពួកគេ បានបង្ហាញការប្រឆាំងនិងការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ បណ្តុំអង្គការស៊ីវិលទាំងនោះ ចាត់ទុកការធ្វើរដ្ឋប្រហារនេះ ថាជាការរំលាយចោលនូវលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។
តាមរយៈលិខិត ដែលធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលទាំង៦០ បានបង្ហាញជំហររួមគ្នាថា៖«យើង ឈរយ៉ាងរឹងមាំជាមួយប្រជាជនមីយ៉ាន់ម៉ា ក្នុងការប្រឆាំងទៅនឹងសកម្មភាពរបស់យោធា និងការដឹកនាំខុសច្បាប់របស់លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង»។
ជាមួយគ្នានេះ អង្គការសង្គមទាំង៦០ បានទាមទារឲ្យយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និងបណ្តាសមាជិកជាន់ខ្ពស់របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលត្រូវចាប់ខ្លួនក្នុងការធ្វើរដ្ឋប្រហារ។ បន្ថែមពីនេះ ពួកគេ ប្រកាសគាំទ្រលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា ហើយជំរុញឲ្យយោធាមីយ៉ាន់ម៉ា គោរពឆន្ទៈរបស់ប្រជាជន។
មានមន្ត្រីមួយចំនួននៃអង្គការសង្គមស៊ីវិលទាំងនោះ បាននាំគ្នាយកលិខិតថ្កោលទោសនោះ ទៅដាក់ជូនស្ថានទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ពួកគេ បានឈរនៅមុខស្ថានទូតមីយ៉ាន់ម៉ា ហើយម្នាក់ៗ មានបដានៅក្នុងដៃរៀងៗខ្លួន ដោយបដានោះ មានរូបសញ្ញាម្រាមដៃ៣ ជាមួយនឹងការសរសេរអក្សរជាភាសាអង់គ្លេសថា We Stand With the People of Myanmar (យើង ឈរនៅជាមួយប្រជាជនមីយ៉ាន់ម៉ា)។ នៅមីយ៉ាន់ម៉ា ប្រជាជន នាំគ្នាធ្វើសញ្ញាម្រាមដៃ៣នេះ គឺបង្ហាញការប្រឆាំងនឹងការធ្វើរដ្ឋប្រហាររបស់ពួកយោធា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លើកឡើងថា ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ប្រហែលជាមិនយល់ពីកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាពលរដ្ឋខ្មែរ។ លោក បានលើកឡើងពីរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងថា កម្ពុជា ប្រកាន់យកអព្យាក្រឹតភាពនិងមិនលូកដៃចូលផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ។ លោក ថែមទាំងលើកឡើងពីគោលការណ៍របស់អាស៊ាន ដែលមិនអនុញ្ញាតឲ្យប្រទេសជាសមាជិក ជ្រៀតជ្រែកចូលផ្ទៃក្នុងរបស់ប្រទេសដទៃ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ថ្លែងថា៖«...យើងអត់មានក្រុមណា បក្សណាមួយនៅក្រៅប្រទេស ជាសត្រូវរបស់កម្ពុជាទេ។...យើង ចង់រក្សាប្រទេសយើង ឲ្យស្ថិតក្នុងប្រទេសអព្យាក្រឹត មិនលូកលាន់ផ្ទៃក្នុងរបស់អ្នកណា ហើយយើង បានប្តេជ្ញាគោរពលក្ខន្តិកៈរបស់អាស៊ានថា មិនជ្រៀតជ្រែកក្នុងការងាររបស់អ្នកណានោះទេ»។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលដដែល យល់ថា ការតវ៉ានឹងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា មិនគួរកើតចេញពីប្រជាពលរដ្ឋខ្មែរនោះទេ។ លោក បន្តថា ការចេញតវ៉ានិងការថ្កោលទោសទៅលើការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា គឺជាការរំលោភលើលក្ខន្តិកៈរបស់អង្គការសង្គមស៊ីវិលខ្លួនឯង ដែលកំណត់មិនឲ្យធ្វើនយោបាយ។ លោក បញ្ជាក់ថា៖«អាហ្នឹង ខ្ញុំ មើលទៅ វា ហួសខ្សែបន្ទាត់ហើយ»។
យ៉ាងណាក៏ដោយ លោក អះអាងថា ទង្វើរបស់អង្គការសង្គមស៊ីវិល មិនមែនជាជំហររបស់រដ្ឋាភិបាលកម្ពុជានោះទេ។ ទន្ទឹមនេះ លោក ស្នើឲ្យអង្គការសង្គមស៊ីវិល គោរពរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងពីអព្យាក្រឹតភាពរបស់កម្ពុជា។
លោកបណ្ឌិត មាស នី អ្នកតាមដានព្រឹត្តិការណ៍នយោបាយនិងសង្គម មើលឃើញថា សកម្មភាព ដែលក្រុមអង្គការសង្គមស៊ីវិលខាងលើ បានធ្វើ គឺជារឿងធម្មតា ហើយលោក ចាត់ទុកថា វា គ្រាន់តែជាការសម្តែងមតិរបស់ពួកគេ ទៅលើអ្វីដែលកំពុងកើតមានឡើង។ សម្រាប់លោក ទង្វើរបស់ក្រុមអង្គការសង្គមស៊ីវិល គឺមិនខុសច្បាប់នោះទេ បើពួកគេ មិនធ្វើអ្វីឲ្យហួសព្រំដែន ដូចជា បង្កឲ្យមានអំពើហិង្សា ជាដើម។
អ្នកតាមដាននយោបាយរូបនេះ អធិប្បាយមកកាន់សារព័ត៌មានថ្មីៗថា៖«រឿងជ្រៀតជ្រែកកិច្ចការ [ផ្ទៃក្នុង] របស់ប្រទេសមួយទៀត វា មាននៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងតំបន់អាស៊ាន តែសម្រាប់ប្រជាពលរដ្ឋ មិនមែនជា Interfere [ការជ្រៀតជ្រែកផ្ទៃក្នុងរបស់អ្នកដទៃ] អីទេ។ វា ជាការយល់ឃើញរបស់ពួកគាត់»។
លោក បន្ថែមថា៖«ខ្ញុំ មើលទៅ មិនមែនជាបញ្ហាអីធ្ងន់ធ្ងរ ដល់ទៅប៉ះពាល់អធិបតេយ្យភាពទេ។ បើរដ្ឋាភិបាល [យើង] ស្រែក អាហ្នឹង វា អាចមានឥទ្ធិពលទៅលើភូមា [មីយ៉ាន់ម៉ា]។ ប៉ុន្តែ បើគ្រាន់តែសម្តែងមតិ សម្តែងការយល់ឃើញ [គឺ វា] គ្រាន់តែជាសំឡេង ដែលប្រជាពលរដ្ឋ ចង់និយាយតែប៉ុណ្ណឹង»។
លោក លើកទឡ្ហីករណ៍ថា នៅប្រទេសថៃ ក៏មានប្រជាពលរដ្ឋថៃមួយចំនួន នាំគ្នាទៅមុខស្ថានទូតមីយ៉ាន់ម៉ាប្រចាំប្រទេសថៃដែរ ដើម្បីបង្ហាញការជំទាស់នឹងការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ លោក និយាយទៀតថា រដ្ឋាភិបាលថៃ ពុំបានចាត់វិធានការលើប្រជាពលរដ្ឋខ្លួននោះទេ ដោយគ្រាន់តែជួយសម្របសម្រួលប៉ុណ្ណោះ។
ក្រុមអង្គការសង្គមស៊ីវិលទាំង៦០ ដែលធ្វើលិខិតប្រឆាំងនឹងការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា មានដូចជា លីកាដូ (Licadho) អាដហុក (Adhoc) សង់ត្រាល់ (Central) ខុមហ្វ្រេល (Comfrel) និង មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ជាដើម។
ក្នុងកម្មវិធីមួយ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចំថ្ងៃនៃការកើតរដ្ឋប្រហារនៅមីយ៉ាន់ម៉ា សម្តេចនាយកមន្ត្រី ហ៊ុន សែន ប្រកាសជំហរថា ការធ្វើរដ្ឋប្រហារនេះ គឺជាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ដោយកម្ពុជា មិនធ្វើអត្ថាធិប្បាយអ្វីឡើយ។
ក្នុងការធ្វើរដ្ឋប្រហារនេះ អ្នកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ ដែលជាមេដឹកនាំកំពូលរបស់មីយ៉ាន់ម៉ា និង លោក Win Myint ប្រធានាធិបតីមីយ៉ាន់ម៉ា រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវចាប់ខ្លួន។ មូលហេតុធំៗ២ នៃការឈានដល់ការធ្វើរដ្ឋប្រហារ គឺទី១ ពួកយោធាមីយ៉ាន់ម៉ា យល់ថា ការបោះឆ្នោត មានការលួចបន្លំ ហើយទី២ ពួកយោធា ខឹងនឹងរដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលឈ្នះឆ្នោតសម្រាប់អាណត្តិថ្មី មិនព្រមពិនិត្យលទ្ធផលបោះឆ្នោតឡើងវិញ ដែលពួកគេ បានស្នើសុំ។ បច្ចុប្បន្ន អំណាចទាំងមូល ស្ថិតក្នុងដៃរបស់លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង។
គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះជាថ្មី ក្នុងការបោះឆ្នោតសាកល នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ពេលនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ញើលិខិតអបអរសាទរអ្នកស្រីដែរ៕