ជាតិ
ទឹកទន្លេ​មេគង្គ​ធ្លាក់ចុះ​ដល់​កម្រិត​«​ព្រួយបារម្ភ​» ខណៈ​មានការ​អំពាវនាវ​ឲ្យ​ចិន​ផ្តល់​ទិន្នន័យ​ទំនប់​វា​រី​អគ្គិសនី​
16, Feb 2021 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ ដង​ទន្លេមេគង្គ​ដែល​ហូរ​កាត់​ប្រទេស​ថៃ​និង​ឡាវ មើល​ពី​ខេត្ត Nong Khai ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩​។​
​រូប​ឯកសារ​៖ ដង​ទន្លេមេគង្គ​ដែល​ហូរ​កាត់​ប្រទេស​ថៃ​និង​ឡាវ មើល​ពី​ខេត្ត Nong Khai ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩​។​
ដោយ: VOA
​គណៈកម្មការ​ទន្លេមេគង្គ (Mekong River Commission) ដែលជា​ស្ថាប័ន​តំណាង​ឲ្យ​ប្រទេស​តាម​ដង​ទន្លេមេគង្គ បានបង្ហាញ​ក្តី​ព្រួយបារម្ភ​អំពី​កម្រិត​ទឹកទន្លេ​ធ្លាក់ចុះ ដោយ​ពួកគេ​លើកឡើងថា ហេតុផល​មួយ​គឺ​ដោយសារ​ការ​បង្ខាំង​ទឹក​នៅ​ទំនប់​វា​រី​អគ្គិសនី​ក្នុងប្រទេស​ចិន​។​

 
​ស្ថាប័ន​ថ្នាក់​តំបន់​តំណាង​ឲ្យ​ប្រទេស​ឡាវ ថៃ កម្ពុជា និង​វៀតណាម ដែល​ទន្លេមេគង្គ​ហូរ​កាត់ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ចិន​ផ្តល់​ទិន្នន័យ​ទំនប់​វា​រី​អគ្គិសនី​ក្នុង​ខេត្ត​យូ​ណាន ដើម្បី​ពួកគេ​អាច​វាយតម្លៃ​ទាក់ទង​នឹង​កម្រិត​ទឹកធ្លាក់​ចុះ​នេះ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដែល​ចេញផ្សាយ​ដោយ​ស្ថាប័ន​នេះ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​
 
​គណៈកម្មការ​ទន្លេមេគង្គ​ដែល​បង្កើតឡើង​កាលពី​ឆ្នាំ ១៩៩៥ បាន​លើកឡើងថា កម្រិត​ទឹក​នៅ​ស្ថានីយ​ទំនប់​វា​រី​អគ្គិសនី​ជី​ង​ហុង (Jinghong) ក្នុង​ខេត្ត​យូ​ណាន (Yunnan) នៃ​ប្រទេស​ចិន និង​តំបន់​ដីសណ្ត​ទន្លេមេគង្គ​វៀតណាម បាន​ធ្លាក់ចុះ​ដល់ «​កម្រិត​ព្រួយបារម្ភ​»​។​
 
​គណៈកម្មការ​នេះ​បញ្ជាក់ថា កម្រិត​ទឹកធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​នេះ កើតឡើង​ចាប់តាំងពី​ដើមឆ្នាំ ២០២១ នេះ ក្រោម​ហេតុផល​មួយចំនួន​ក្នុងនោះ​មាន​កម្រិត​ទឹកភ្លៀង​ទាប ការផ្លាស់ប្តូរ​លំហូរ​ផ្នែក​ខាងលើ ប្រតិបត្តិការ​ទំនប់​វា​រី​អគ្គិសនី​នៅលើ​ដៃទន្លេ​មេគង្គ និង​ការ​ទប់ទឹក​ហូរ​ចេញពី​ទំនប់​ជី​ង​ហុង​ក្នុងប្រទេស​ចិន​។ គណៈកម្មការ​ទន្លេមេគង្គ​បន្ថែមថា បញ្ហា​នេះ​អាចមាន​ផលប៉ះពាល់​ទៅលើ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ការ​បម្លាស់​ទី​របស់​ត្រី កសិកម្ម និង​ការប្រមូល​ផល​ធម្មជាតិ​តាម​ដង​ទន្លេ​។​
 
​គណៈកម្មការ​នេះ​បាន​អំពាវនាវ​ដល់​ប្រទេស​ចិន និង​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ ត្រូវ​ចែករំលែក​ទិន្នន័យ​របស់​ពួកគេ​។​
 
​បើតាម​គណៈកម្មការ​ទ​ន្លេ​មេគង្គ កម្រិត​ទឹក​នៅតាម​ដង​ទន្លេមេគង្គ​ក្នុងប្រទេស​កម្ពុជា ក្នុងនោះ​មាន​ខេត្តស្ទឹងត្រែង និង​ក្រចេះ បាន​ប្រែប្រួល​នៅ​ចន្លោះ -០,០២ ម៉ែត្រ​និង ០,០៥ ម៉ែត្រ​។ ចំណែក​កម្រិត​ទឹកទន្លេ​ហូរ​ចេញពី​ខេត្តកំពង់ចាម អ្នក​លឿង ទន្លេបាសាក់ នៅ​ភ្នំពេញ និង​ព្រែក​ក្តាម ក៏បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។​
 
​កាលពី​ខែតុលា​ឆ្នាំមុន គណៈកម្មការ​ទន្លេមេគង្គ​ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​ឡាវ បាន​ឲ្យ​ដឹងថា ចិន​ព្រម​ចែករំលែក​ទិន្នន័យ​អំពី​ទឹកជំនន់​និង​គ្រោះរាំងស្ងួត​។ ការចុះ​កិច្ចព្រមព្រៀង​រវាង​ចិន​និង​គណៈកម្មការ​ទន្លេមេគង្គ ធ្វើឡើង​ក្រោយពី​មានការ​រិះគន់​ប្រទេស​ចិន​ដែល​នៅ​ផ្នែក​ខាងលើ​ថា​បាន​គ្រប់គ្រង​លំហូរ​ទឹកទន្លេ​មេគង្គ​រួម​នេះ ដោយ​គ្មាន​តម្លាភាព និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បណ្តា​ប្រទេស​ជាប់​ដង​ទន្លេមេគង្គ​ខ្សែទឹក​ខាងក្រោម​រួមមាន​កម្ពុជា ថៃ ឡាវ និង​វៀតណាម​។​
 
​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា ប្រទេស​ចិន​បាន​ច្រានចោល​ការលើកឡើង​អំពី​ទំនប់​វា​រី​អគ្គិសនី​នៅ​ប្រទេស​ចិន​ជា​មូលហេតុ​នៃ​ការធ្លាក់ចុះ​កម្រិត​ទឹក​។ ចិន​បាន​លើកឡើងថា ការធ្លាក់ចុះ​ទឹក​នេះ ដោយសារ​បញ្ហា​រាំងស្ងួត​ក្នុងប្រទេស​ទាំងនោះ​។​
 
​លោក គល់ វ​ឌ្ឍ​នា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ទន្លេមេគង្គ​កម្ពុជា មានប្រសាសន៍ថា ទំនប់​វា​រី​អគ្គិសនី​ជាហេតុ​ផល​មួយ​ក្នុងចំណោម​ហេតុផល​ជាច្រើន ដែល​នាំ​ឲ្យ​ខ្វះ​ទឹក ឬ​ទឹក​មាន​ច្រើន ដោយសារ​ទំនប់​វា​រី​អគ្គិសនី​ត្រូវ​បង្ខាំង​ទឹក​សម្រាប់​ផលិត​អគ្គិសនី​តាម​តម្រូវការ​របស់​ប្រទេស​នោះ​។ លោក​ថា កត្តា​បម្រែបម្រួល​អាកាសធាតុ ក៏​ជា​មូលហេតុ​មួយ​ដែរ​នៃ​ការប្រែប្រួល​កម្រិត​ទឹក​នេះ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ដូច្នេះ​បើ​យើង​និយាយ​ទម្លាក់​ទៅលើ​កត្តា​តែមួយ ចំពោះ​ខ្ញុំ ខ្ញុំ​ថា វា​អត់​គ្រប់​ជ្រុ​យ​ជ្រោយ​ទេ​។ ខ្ញុំ​និយាយ​ហ្នឹង និយាយ​ក្នុង​លក្ខណៈ​បច្ចេកទេស​កណ្តាល​។ ខ្ញុំ​មិន​ទៅ​គាំទ្រ​អ្វី ដែល​ចិន​ហ្នឹង​ធ្វើ ក៏​ខ្ញុំ​មិន​ទៅ​គាំទ្រ​។ អ្វីដែល​ការស្រាវជ្រាវ​វា​លើសពី​ការពិត ក៏​ខ្ញុំ​អត់​ដែរ​»​។​
 
​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ថ្លែងប្រាប់ VOA ថា​កម្រិត​ទឹក​នៅ​ទន្លេមេគង្គ​កម្ពុជា «​ទាប​ជាង​កម្រិត​មធ្យម​បន្តិចបន្តួច​»​។ លោក​បន្ថែមថា រដូវវស្សា​ឆ្នាំនេះ នឹង​មកដល់​លឿន​ជាង​ឆ្នាំ​កន្លងទៅ ពោលគឺ​នឹង​មកដល់​ដើមខែ​ឧសភា មិនមែន​ចុងខែ​នោះទេ​។ លោក​បន្ថែមថា សីតុណ្ហភាព​ក៏​នឹងមិន​ក្តៅ​ខ្លាំង​ដូច​ឆ្នាំ​កន្លងទៅ​ដែរ​។​
 
​លោក Brian Eyler នាយក​គម្រោង​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល Stimson ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង​បាន​បង្កើត​គម្រោង​តាមដាន​ទន្លេមេគង្គ​មានប្រសាសន៍ថា ទិន្នន័យ​របស់លោក ក៏​បង្ហាញ​ដូចគ្នា​ថា​កម្រិត​ទឹក​នៅ​ស្រុក Chiang Saen ក្នុង​ខេត្ត Chiang Rai នៃ​ប្រទេស​ថៃ និង​នៅ​វៀង​ច័ន្ទ​ន៍ ក្នុងប្រទេស​ឡាវ ទាប​ខ្លាំង ដែល​មិន​ដែលមាន​ពីមុនមក​។​
 
​លោក​បន្តថា ការ​ស្តុក​ទឹក​នៅ​ទំនប់​វា​រី​អគ្គិសនី​របស់​ចិន គឺ​ទំនប់ Xiaowan និង Nuozhadu គឺ​ជិត​ពេញ​ហើយ ដែល​សរុប​ទឹក​ទាំងអស់ មាន​ប្រមាណ ៤០ ពាន់​លាន​ម៉ែត្រ​គីប​។​
 
​លោក Brian Eyler បញ្ជាក់ថា ការប្រែប្រួល​ខុស​ប្រក្រតី​នេះ បាន​កំពុង​បំផ្លាញ​ត្រី និង​សហគមន៍​នេសាទ​តាម​ដង​ទន្លេ​។​
 
​លោក ចាប សុផាត អាយុ ៣១ ឆ្នាំ និង​ជា​អ្នកនេសាទ​ម្នាក់​ក្នុងភូមិ​កោះ​ព្រះ ឃុំ​កោះ​ព្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង មានប្រសាសន៍ថា ទឹកទន្លេ​មេគង្គ​ក្នុង​តំបន់​របស់លោក​ស្រក​ខុសពី​ឆ្នាំមុន គឺ​ចុះ​ប្រហែល ២​ម៉ែត្រ តាម​ការសង្កេត​របស់​លោក​។​
 
​ប្រជា​នេសាទ​ដែល​រស់នៅ​ចម្ងាយ​ប្រមាណ ២០ ម៉ែត្រ​ពី​ទន្លេមេគង្គ លើកឡើងថា ទឹក​ស្រក​នេះ​ក៏​នាំ​ឲ្យ​ការនេសាទ​ធ្លាក់ចុះ​ផងដែរ ដែល​លោក​ថា ពេលខ្លះ​ក្នុង​មួយថ្ងៃ លោក​រកត្រី​មិនបាន​មួយ​គីឡូក្រាម​ផង តាមរយៈ​ការ​ដាក់មង និង​លប​។​
 
​លោក​បង្ហាញ​ក្តីបារម្ភ​ថា ទឹកទន្លេ​មេគង្គ​នឹង​ប្រែប្រួល​ជា​បន្តបន្ទាប់ ដោយសារ​បញ្ហា​អាកាសធាតុ​ប្រែប្រួល និង​ទំនប់​វា​រី​អគ្គិសនី​នៅ​ផ្នែក​ខាងលើ​។​
 
​លោក​ប្រាប់ VOA ថា​៖ «​ទឹក​វា​ប្រហែលជា​នឹង​ប្លែក ដោយសារ​មានការ​បម្រែបម្រួល​អាកាសធាតុ​ផង អញ្ចឹង​ខ្ញុំ​គិតថា ទៅមុខៗ អាច​នឹងមាន​ហានិភ័យ​ដោយសារ​យើង​បាត់បង់​ទឹកជា​ច្រើន ដោយសារ​ខាងលើ​គេ គេ​បិទ​ទំនប់ គេ​បិទ​អី​អញ្ចឹង​»​។​
 
​ចំណែក​អ្នកស្រី ផ្លោក សារ៉េត អាយុ ៥០ ឆ្នាំ ជា​កសិករ​ម្នាក់​នៅលើ​កោះ​ត្នោត​ជាប់​នឹង​ទន្លេមេគង្គ​ក្នុងស្រុក​សំបូរ ខេត្តស្ទឹងត្រែង ឲ្យ​ដឹងថា ទឹកទន្លេ​ប្រែប្រួល​មិន​ទៀង​។​
 
​អ្នកស្រី​បញ្ជាក់ថា​៖ «​ពេលណា​ស្រក​ខ្លាំង ស្រក​ខ្លាំង ពេលណា​ឡើង ឡើង​ខុសពី​ធម្មតា​វិញ​អញ្ចឹង​»៕​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com