ជាតិ
ក្រុមហ៊ុន១៦ចុះកិច្ចសន្យាទិញបន្លែ ត្រី និងសាច់សុវត្ថិភាពពីកសិករខ្មែរ លោក វេង សាខុន នាឱកាសចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចំនួន១៦ទិញ-លក់កសិផលកសិកម្មនៅថ្ងៃទី១៥ កុម្ភៈ
× ភ្នំពេញ៖ ដើម្បីជំរុញកំណើនផលិតកម្មកសិកម្ម បន្លែ ដំឡូងមី ឪឡឹកលឿង ស្វាយ និងមាន់សាច់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចំនួន១៦ ដើម្បីទិញ-លក់បន្លែសុវត្ថិភាពពីកសិករ ក្នុងបរិមាណសរុប ៣ ៤០០តោន ដែលមានតម្លៃសរុប ១ ៤១១ ៦៩០ដុល្លារ។ នេះបើតាមលោក វេង សាខុន ដែលបានបង្ហោះលើគណនីយហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១។
ពិធីចុះហត្ថលេខាបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែកុម្ភៈ ដោយមានកិច្ចសន្យាចំនួន១៦ និងអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ស្តីពី«ការផ្គត់ផ្គង់បន្លែសុវត្ថិភាព ដំឡូងមី ផ្លែស្វាយ ផ្លែឪឡឹកសាច់លឿង និងមាន់សាច់»។ ពិធីនេះមានការចូលរួមពីលោក វេង សាខុន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុន តំណាងបណ្ដុំអាជីវកម្ម និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
ក្រុមហ៊ុនដែលបានចុះកិច្ចសន្យាមានក្រុមហ៊ុនចំនួន១៦ ដោយក្រុមហ៊ុនទិញបន្លែមាន១២ ,ទិញមាន់សាច់ចំនួន២ ,ក្រុមហ៊ុនទិញស្វាយ១ និងក្រុមហ៊ុនទិញឪឡឹកលឿងចំនួន១។ ដើម្បីឲ្យភាគីទាំងពីរអនុវត្តកិច្ចសន្យាប្រកបដោយភាពត្រឹមត្រូវ ស្មោះត្រង់ ឈរលើស្មារតី លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឲ្យមានការរៀបចំចងក្រងបណ្តុំផលិត រៀបចំកន្លែងប្រមូលទិញ និងស្តុកកសិផល ការពង្រីកទីផ្សារ ការពង្រឹងយន្តការផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់គុណភាព ផ្តល់ស្លាកសញ្ញា ឬ QR Code ការអនុវត្តកសិកម្មល្អ និងការជួយគាំទ្រ និងផ្សព្វផ្សាយការបរិភោគកសិផលសុវត្ថិភាព។
បច្ចុប្បន្ន កម្ពុជាកំពុងអនុវត្តកម្មវិធីមួយឈ្មោះថា ការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ«អាស្ប៉ាយ» ដែលជាការចងក្រងបណ្ដុំកសិករ ជួយឲ្យកសិករ ជួយគាំទ្របច្ចេកទេស និងសម្ភារកសិកម្មដល់កសិករផងដែរ។
អាស្ប៉ាយ បានដើរតួនាទីយ៉ាងសំខាន់ ជាអ្នកជួយសម្របសម្រួល រៀបចំចងក្រងកសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអ្នកប្រមូលទិញកសិផល ដែលមានបណ្តុំអាជីវកម្មសរុបមានចំនួន ១ ៩២០ និងមានសមាជិកចំនួន ៦១ ៧៣៥គ្រួសារ នៅទូទាំងប្រទេស។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានកសិកម្ម៕
Tag:
វេង សាខុន
បន្លែ
ត្រី
សាច់
កសិករ
© រក្សាសិទ្ធិដោយ thmeythmey.com