ករណី​ឆ្លង​កូ​វីដ​-១៩ លើ​ពិភពលោក​ថយចុះ​១៦​ភាគរយ​នៅ​សប្ដាហ៍​មុន ទោះ​ទម្រង់​ថ្មី​កំពុង​រាលដាល​
COVID-19
អន្តរជាតិ
ករណី​ឆ្លង​កូ​វីដ​-១៩ លើ​ពិភពលោក​ថយចុះ​១៦​ភាគរយ​នៅ​សប្ដាហ៍​មុន ទោះ​ទម្រង់​ថ្មី​កំពុង​រាលដាល​
17, Feb 2021 , 12:32 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
​អង្គការ​សុខភាព​ពិភពលោក (WHO) អះអាងថា ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ធ្លាក់ចុះ​ចំនួន​១៦​ភាគរយ​នៅ​ពេញ​មួយ​សប្តាហ៍​មុន​។ ក្នុងចំណោម​តំបន់​ទាំង​៦ ដែល​បែងចែក​ដោយ WHO មានតែ​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត​ប៉ុណ្ណោះ មាន​ករណី​ឆ្លង​កើនឡើង​។ ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ ក៏​ថយចុះ​ផងដែរ​អំឡុងពេល​ដូចគ្នានេះ​។

 
​ពេញ​មួយ​សប្ដាហ៍​មុន ចំនួន​អ្នក​ឆ្លង​កូ​វីដ​-១៩ ធ្លាក់​ចុះមក​ត្រឹមតែ​២,៧​លាន​ករណី​ប៉ុណ្ណោះ​នៅ​ទូទាំង​ពិភព​ល​លោក​។ ចំណែក​ករណី​ស្លាប់​ក៏​ថយចុះ​ចំនួន​១០​ភាគរយ​ផងដែរ ដោយ​ធ្លាក់​ចុះមក​ត្រឹម​៨១,០០០​នាក់​។ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus បញ្ចេញ​តួលេខ​នេះ​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ មុន​បន្តថា វា​ជាការ​ធ្លាក់ចុះ​ករណី​ឆ្លង​ថ្មី​៥​សប្ដាហ៍​ជាប់ៗ​គ្នា​។ 
 
​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ធ្លាក់ចុះ​ក្នុង​តំបន់​ចំនួន​៥​ក្នុងចំណោម​៦ ដោយ​មានតែ​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត​ប៉ុណ្ណោះ​ដែលមាន​ករណី​ឆ្លង​កើនឡើង​៧​ភាគរយ​។ ករណី​ឆ្លង​នៅ​តំបន់​អាហ្វ្រិក​ថយចុះ​២០​ភាគរយ ប៉ាស៊ីហ្វិក​ខាងលិច​ថយ​២០​ភាគរយ អឺរ៉ុប​ថយ​១៨​ភាគរយ អាមេរិក​ថយ​១៦​ភាគរយ និង​អាស៊ីអាគ្នេយ៍​ថយ​១៣​ភាគរយ​។​
 
«​អ្វីដែល​សំខាន់ គឺ​ការឆ្លើយតប​។ ភ្លើង​មិនទាន់​រលត់​ឡើយ ប៉ុន្តែ​យើង​បន្ថយ​ទំហំ​របស់​វា​។ បើ​យើង​មិន​ប្រយុទ្ធ​ទេ វា​នឹង​ឆេះ​មកវិញ​ជាថ្មី​»​។ នេះ​ជាការ​លើកឡើង​របស់លោក Tedros ដោយ​និយាយថា វិធាន​សុខភាព​សាធារណ​សាមញ្ញ​មាន​ប្រសិទ្ធភាព ទោះបី​ជាមាន​ទម្រង់​មេរោគ​ថ្មី​ក៏ដោយ​។ ទម្រង់​មេរោគ​កូ​វីដ​-១៩​ថ្មី ដែលមាន​ប្រភព​នៅ​អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង ត្រូវបាន​រកឃើញថា មាន​សមត្ថភាព​ក្នុងការ​ចម្លងជំងឺ​នេះ​រហ័ស​ជាង​មេរោគ​កូ​វីដ​-១៩ ធម្មតា​។​
 
​ទម្រង់​មេរោគ​កូ​វីដ​-១៩​ថ្មី មាន​ប្រភពពី​អង់គ្លេស​ត្រូវបាន​រកឃើញ​នៅ​ប្រទេស​យ៉ាងហោចណាស់​ចំនួន​៩៤​។ មេរោគ​ទម្រង់​ថ្មី​នេះ​បណ្តាលឱ្យមាន​ករណី​ឆ្លង​ក្នុងស្រុក ក្នុងប្រទេស​ចំនួន​៤៧​ផងដែរ​។ ចំណែក​ទម្រង់​មេរោគ​កូ​វីដ​-១៩​ថ្មី មាន​ប្រភពពី​អាហ្វ្រិក​ខាងត្បូង​រាលដាល​ដល់​ប្រទេស​ចំនួន​៤៦ និង​នាំឱ្យមាន​ការឆ្លង​ក្នុងស្រុក ក្នុងប្រទេស​ចំនួន​១២​។ មិន​អស់​ឡើយ​ទម្រង់​ថ្មី​នៃ​មេរោគ​កូ​វីដ​-១៩ ទម្រង់​ថ្មី​ដែលមាន​ប្រភពពី​ប្រេ​ស៊ី​ល ត្រូវបាន​រកឃើញ​ក្នុងប្រទេស​ចំនួន​២១ ដែល​ឈានដល់​ការឆ្លង​ក្នុងស្រុក ក្នុងប្រទេស​ចំនួន​ពីរ​។​
 
​ទម្រង់​ថ្មី​នៃ​មេរោគ​កូ​វីដ​-១៩ លេច​ជា​រូបរាង​ឡើង​នៅ​ប្រទេស​ដែលមាន​ករណី​ឆ្លង​ខ្ពស់​ធៀប​ទៅនឹង​ចំនួន​ប្រជាជន​។ ទម្រង់​ថ្មី​នេះ ក៏​នាំឱ្យមាន​បញ្ហា​ប្រឈម​ដល់​វ៉ាក់សាំង​ផងដែរ ដោយ​អាចឱ្យ​ប្រសិទ្ធភាព​វ៉ាក់សាំង​ថយចុះ​។​
 
​ចំពោះ​រឿង​វ៉ាក់សាំង​នេះ យន្តការ COVAX បញ្ជាក់ថា ខ្លួន​នឹង​ចាប់ផ្តើម​ដឹកជញ្ជូន​ទៅ​ប្រទេស​ចំនួន​១៤៥ នៅ​សប្តាហ៍​ក្រោយ​។ ការប្រកាស​នេះ ធ្វើឡើង​បន្ទាប់ពី WHO អនុញ្ញាតឱ្យ​ប្រើប្រាស់​បន្ទា​ន់​វ៉ាក់សាំង AstraZeneca/Oxford ដែល​ផលិត​នៅ​ឥណ្ឌា និង​កូរ៉េខាងត្បូង​។ យន្តការ​COVAX ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​ទិញ និង​ចែកចាយ​វ៉ាក់សាំង​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ ដែលមាន​លទ្ធភាព​តិចតួច ក្នុងការ​ទទួលបាន​វ៉ាក់សាំង​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​១៥ ខែកុម្ភៈ  COVAX មាន​វ៉ាក់សាំង​ចំនួន​៣៣៧,២​លាន​ដូ​ស ដែល​ក្នុងនោះ​មាន​១,២​លាន​ដូ​ស​ជា​វ៉ាក់សាំង​របស់ Pfizer/BioNTech ។ ក្នុងដំណាក់កាល​ដំបូង ប្រទេស​ចំនួន​១៤៥ នឹង​ទទួលបាន​វ៉ាក់សាំង​សម្រាប់​ប្រជាជន​ចំនួន​៣,៣​ភាគរយ ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០២១​។ ការដឹកជញ្ជូន​ជុំទីមួយ អាច​នឹង​ចាប់ផ្តើម​នៅ​ខែមីនា ឯ​ខ្លះទៀត​អាច​នឹង​ដឹកជញ្ជូន​នៅ​ចុងខែ​កុម្ភៈ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៦ ខែកុម្ភៈ ពិភពលោក​ទាំងមូល​មាន​ករណី​ឆ្លង​ចំនួន​១០៨,៨២២,៩៦០​ករណី និង​ស្លាប់​ចំនួន​២,៤០៣,៦៤១​នាក់​៕
 

Tag:
 ​កូ​វីដ​-១៩
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com