ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រាប់ហ្វីលីពីន ឱ្យពិនិត្យមើលសក្តានុពលនៅក្នុងតំបន់ ដើម្បីជួយបំពេញគ្នាទៅវិញទៅមក ដែលវាប្រសើរជាងនៅទីឆ្ងាយ។ នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅក្នុងជំនួបលោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនថ្មីប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៧ កុម្ភៈ។
សម្រាប់សម្ដេច ហ៊ុន សែន ការប្រើប្រាស់សក្ដានុពលក្នុងតំបន់ វានឹងផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកផងដែរ។ «យើងគប្បីណាពិនិត្យមើលសក្តានុពលណាដែលមាននៅក្នុងតំបន់របស់យើង ជាជាងពិនិត្យមើលសក្តានុពល នៅទីឆ្ងាយៗ ពោលគឺយើងអាចធ្វើយ៉ាងណា ទាញយកសក្តានុពលនេះមកប្រើប្រាស់ ហើយបំពេញឲ្យគ្នាទៅវិញទៅមក»។នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដែលបានស្រង់ខ្លឹមសារនៃកិច្ចពិភាក្សាជាមួយឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនថ្មីប្រចាំនៅកម្ពុជា។
ជាមួយគ្នានេះសម្ដេច ហ៊ុន សែន ក៏ស្នើឱ្យហ្វីលីពីន ពិនិត្យលទ្ធភាពនាំអង្ករកម្ពុជាចូលទីផ្សារក្នុងប្រទេសខ្លួន ខណៈកម្ពុជា មានអង្ករនៅសល់ ប្រមាណ៦លានតោនក្នុងមួយឆ្នាំ។ បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាល ក៏ជំរុញឱ្យហ្វីលីពីន បោះទុនវិនិយោគលើវិស័យកសិកម្មស្រូវអង្ករកម្ពុជាផងដែរ។ ឮ
នាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយដូច្នេះថា៖«ហ្វីលីពីន អាចមកដាក់ទុនវិនិយោគនៅក្នុងកម្ពុជាយើងបាន តាមរយៈការដាក់ទុនលើផ្នែកម៉ាស៊ីនកិនស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ និងបង្កើតជាបណ្ដាញទិញស្រូវស្តុកទុក ដើម្បីនាំចេញទៅប្រទេសហ្វីលីពីន»។
លោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនថ្មីប្រចាំនៅកម្ពុជា បានបញ្ជាក់ថា បេសកកម្មលោកស្រីនៅអាណត្តិនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ។
ហ្វេសប៊ុកសម្ដេច ហ៊ុន សែន បានស្រង់សម្តីលោកស្រី Maria Amelita C.Aquino បានបញ្ជាក់ដូច្នេះថា៖«ត្រៀមខ្លួនជាស្រេចដើម្បីធ្វើយ៉ាងណា ចាប់ផ្ដើមដំណើរការទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគឡើងវិញ បន្ទាប់ពីជំងឺកូវីត១៩បានសាបរលាបទៅ ដែលកន្លងមកត្រូវបានផ្អាកមួយរយៈនោះ»។
បើតាមនាយករដ្ឋមន្ត្រី ហ៊ុន សែន ការចាប់ផ្ដើមសកម្មភាពឡើងវិញនេះ ហ្វីលីពីនគប្បីពិនិត្យមើលសកម្មភាព និងសក្តានុពលដទៃទៀត ជាពិសេសនៅក្នុងក្របខណ្ឌនៃ ខ័ណ្ឌអាស៊ានChina និង ASEM ផងដែរ។
បច្ចុប្បន្ននេះ ក្រុមហ៊ុនហ្វីលីពីននៅកម្ពុជា មានជាង៥០ក្រុមហ៊ុន។ ដោយឡែកប្រជាជនហ្វីលីននៅកម្ពុជា មានជាង៦ពាន់នាក់ ដែលភាគច្រើនពួកគេ កាន់តំណែងខ្ពស់ៗ នៅក្នុងវិស័យឯកជន។ គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីន កាលពីឆ្នាំ២០១៩ មានចំនួន៣៧លានដុល្លារប៉ុណ្ណោះ៕