ជាតិ
ទូតកម្ពុជា ប្រាប់ពលរដ្ឋខ្មែរ នៅវៀតណាម ប្រុងប្រយ័ត្នសន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូរីកម្រិតខ្ពស់
×
ដោយ៖ ប៉ូ សុភា
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម ប្រាប់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ត្រូវការពារខ្លួន និងប្រុងប្រយ័ត្ន ចំពោះសន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូរីកម្រិតខ្ពស់ ដែលនាំឱ្យគ្រោះដល់សុខភាពស្បែក និងភ្នែក។ នេះបើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជា នៅថ្ងៃទី១៧ កម្ភៈ។
ស្ថានទូតកម្ពុជា ប្រាប់ឱ្យនិស្សិត សិក្ខាកាមយោធា នគរបាល និងពលរដ្ឋខ្មែរ ដែលកំពុងមានវត្តមាននៅវៀតណាម ត្រូវស្លៀកសម្លៀកបំពាក់ការពារកម្ដៅ , ពាក់របាំងមុខ, ក និងត្រចៀក , ពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យ ។ ជាពិសេសលាបឡេការពារស្បែក នៅពេលចេញក្រៅ រួមទាំងផឹកទឹកឱ្យបានច្រើន និងមានវីតាមីនC បំប៉នបន្ថែមឱ្យបានគ្រប់គ្រាន់។
ក្រុងហូជីមិញ ក្រុងញ៉ត្រាង ទីក្រុង Cha Tho ក្រុងដាណាង និងខេត្ត Thua Thien Hue នឹងមានសន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូរី កើនដល់កម្រិតហានិភ័យខ្ពស់ពី ៨ទៅកម្រិត១០ ចាប់ពីថ្ងៃទី១៧ ដល់ទី១៩ កុម្ភៈ ។
កាំរស្មីវិទ្យុសកម្មយូរីខ្លាំងនេះ ភាគច្រើនមាននៅចន្លោះម៉ោង ១១ព្រឹក ដល់១រសៀល។ សន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូរីពី ៨ទៅ ១០ ជាកំរិតកាំរស្មីយូរីខ្លាំង អាចឆ្លងកាត់ពពក វ៉ែនតា និងធ្វើឱ្យរលាកស្បែក ក្នុងរយៈពេល២៥នាទី។ ប្រសិនសន្ទស្សន៍ចាប់ពី១១ឡើងទៅ ជាកាំរស្មីយូរីខ្លាំងដែលអាចធ្វើឱ្យភ្នែក និងស្បែក ប៉ះពាល់ក្នុងរយៈពេល១៥នាទី។ នេះបើតាមស្ថានទូតកម្ពុជា ដែលប្រាប់ពលរដ្ឋខ្មែរ ឱ្យអនុវត្តវិធានការការពារឱ្យខ្ជាប់ខ្ជួន ដើម្បីចៀសវាងគ្រោះថ្នាក់នានា៕
Tag:
វៀតណាម
ហូជីមិញ
កាំរស្មីវិទ្យុសកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com