អន្តរជាតិ
អ៊ីរ៉ង់​ទាមទារ​ឲ្យ​សហរដ្ឋអាមេរិក​ធ្វើ «​សកម្មភាព​» ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឡើងវិញ​
18, Feb 2021 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ មេដឹកនាំ​កំពូល​ប្រទេស​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei ថ្លែង​សុន្ទរកថា​ដែល​ផ្សាយ​តាម​ទូរទស្សន៍ នៅ​ទីក្រុង Tehran ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១​។​
​រូប​ឯកសារ​៖ មេដឹកនាំ​កំពូល​ប្រទេស​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei ថ្លែង​សុន្ទរកថា​ដែល​ផ្សាយ​តាម​ទូរទស្សន៍ នៅ​ទីក្រុង Tehran ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១​។​
ដោយ: VOA
​មេដឹកនាំ​កំពូល​ប្រទេស​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei បានទាមទារ​ឲ្យ​សហរដ្ឋអាមេរិក «​ធ្វើ​សកម្មភាព​ជាក់ស្តែង​ដោយ​មិន​គ្រាន់តែ​លើកឡើង​ជា​ពាក្យសម្ដី​នោះទេ​» ប្រសិនបើ​ខ្លួន​ចង់​ស្តារឡើងវិញ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥​។​

 
​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​បានកំណត់​យក​សប្តាហ៍​ក្រោយ ជា​កាលបរិច្ឆេទ​ផុតកំណត់​សម្រាប់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden នៅក្នុង​ការចាប់ផ្តើម​ដក​ចេញ​នូវ​ទណ្ឌកម្ម ដែល​បានដាក់​លើ​អ៊ីរ៉ង់​ដោយ​លោក​អតីត​ប្រធានាធិបតី Donald Trump បើ​មិន​ដូច្នេះ​ទេ អ៊ីរ៉ង់​បាន​បញ្ជាក់ថា ខ្លួន​នឹង​ចាត់វិធានការ​ទ្រង់ទ្រាយ​ធំ​ដើម្បី​បំពាន​ទៅលើ​កិច្ចព្រមព្រៀង​នោះ​។​
 
​លោក Khamenei បានបញ្ជាក់​នៅក្នុង​សុន្ទរកថា​មួយ​តាម​កញ្ចក់​ទូរទស្សន៍​ថា​៖ «​យើង​បានឮ​ពាក្យសម្តី​ល្អៗ​ជាច្រើន​និង​ការសន្យា​នានា ដែល​មិន​ត្រូវបាន​អនុវត្ត និង​ការធ្វើ​ផ្ទុយ​ពី​ការនិយាយ​។ គ្រាន់តែ​ជា​ពាក្យសម្តី​និង​ការសន្យា​នោះ វា​មិនល្អ​គ្រប់គ្រាន់​នោះទេ​។ ពេលនេះ​យើង​ត្រូវការ​សកម្មភាព​ជាក់ស្តែង​ពី​ភាគី​ម្ខាង​ទៀត ហើយ​យើង​ក៏​នឹងធ្វើ​សកម្មភាព​ផងដែរ​»​។​
 
​លោក Biden មានបំណង​ស្តារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​ឡើងវិញ​។ នៅក្រោម​កិច្ចព្រមព្រៀង​នេះ អ៊ីរ៉ង់​បាន​ឯកភាព​ក្នុង​ការផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ជា​ថ្នូរ​និង​ការដកចេញ​នូវ​ទណ្ឌកម្ម​នានា​។ កិច្ចព្រមព្រៀង​នេះ​គឺជា​សមិទ្ធផល​ដ៏​សំខាន់​ក្នុង​រដ្ឋបាល​របស់លោក​អតីត​ប្រធានាធិបតី Barack Obama ដែល​ត្រូវបាន​លោក Trump លះបង់​ចោល កាលពី​ឆ្នាំ ២០១៨​។​
 
​ប៉ុន្តែ​នៅពេលនេះ ទោះបីជា​រដ្ឋាភិបាល​អ៊ីរ៉ង់​និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​បញ្ជាក់ថា ពួកគេ​ចង់ឃើញ​កិច្ចព្រមព្រៀង​នេះ​រស់​ឡើងវិញ​ក៏ដោយ ក៏​ពួកគេ​នៅ​មិនទាន់​ឯកភាពគ្នា​នៅឡើយ​ថា តើ​ភាគី​ណា​គួរ​ចាប់ផ្តើម​ធ្វើ​សកម្មភាព​មុន​។​
 
​អ៊ីរ៉ង់​បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​ត្រូវតែ​ដក​ទណ្ឌកម្ម​របស់លោក Trump ចេញ​ជាមុន ចំណែកឯ​សហរដ្ឋអាមេរិក​វិញ​បាន​លើកឡើងថា អ៊ីរ៉ង់​ត្រូវតែ​ត្រឡប់មក​គោរព​តាម​កិច្ចព្រមព្រៀង​ជាមុនសិន ដោយសារ​អ៊ីរ៉ង់​បានចាប់ផ្ដើម​រំលោភ​លើ​កិច្ចព្រមព្រៀង​នេះ បន្ទាប់ពី​ទណ្ឌកម្ម​ត្រូវ​បានដាក់​ឡើងវិញ​មក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com