ជាតិ
ទូត​ខ្មែរ​នៅ​បារាំង​ខកចិត្ត​ចំពោះ​ការផ្សាយ​របស់​កាសែត Le Monde
19, Feb 2021 , 6:29 pm        
រូបភាព
លិខិត​ដែល​ដែល​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង លោក កេ​ត សោ​ផាន់ ផ្ញើ​ទៅ​និពន្ធ​នាយក​នៃ​កាសែត​ដ៏​ល្បី Le Monde គឺជា​ប្រតិកម្ម​ដែល​ឆ្លើយតប​នឹង​ការចុះផ្សាយ​អត្ថបទ​មួយ​របស់​កាសែត​នេះ​ដែល​ដាក់​ចំណងជើង​ថា «​នៅ​កម្ពុជា រមណីយដ្ឋាន​អង្គរ​ត្រូវបាន​គំរាមកំហែង​ដោយ​រមណីយដ្ឋាន​កម្សាន្ត​»​។​

 
​អត្ថបទ​នេះ​ត្រូវបាន​សរសេរ​ដោយយោង​ទៅលើ​ឯកសារ​នៃ​គម្រោង​វិនិយោគ​មួយ​របស់​ក្រុមហ៊ុន Naga Corp LTD ដែល​គ្រោង​វិនិយោគ​រមណីយដ្ឋាន​កម្សាន្ត​លើ​ទំហំ​ដី ៧៥​ហិកតា​ក្បែរ​រមណីយដ្ឋាន​អង្គរ​។ អត្ថបទ​ដែល​ត្រូវបាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៣​កុម្ភៈ បានសរសេរថា «​ក្រុមហ៊ុន​វិនិយោគិន NagaCorp LTD បានប្រកាសថា ខ្លួន​បានទទួល​ការយល់ព្រម​ពី​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សាងសង់​រមណីយដ្ឋាន​ក​ម្សា​ន្ត​ដ៏​ធំ​នេះ​»​។​
 
៥​ថ្ងៃ​ក្រោយមក នៅ​ថ្ងៃទី​១៨​ខែកុម្ភៈ ឯកអគ្គរាជទូត​កម្ពុ​ជា​ប្រទេស​បារាំង លោក កេ​ត សោ​ផាន់ ផ្ញើលិខិត​ឆ្លើយតប​បំភ្លឺ​ទៅ​និពន្ធ​នាយក​កាសែត Le Monde ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ខកចិត្ត ហើយ​អះអាងថា កាសែត​បារាំង​មួយ​នេះ​មិនគួរ​ផ្សាយ​ព័ត៌មាន​ខុស​ការពិត កុហក និង​ធ្វើឱ្យ​សាធារណៈមតិ​ភាន់ច្រឡំ​។ ប្រធាន​បេសកកម្ម​ការទូត​របស់​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​បានបញ្ជាក់​បន្ថែម​នៅក្នុង​លិខិត​ថា រាល់​គម្រោង​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការពិនិត្យ​របស់​គណៈកម្មាធិកា​រ​សម្របសម្រួល​អន្តរ​ជាតិ​ដែល​កំពុង​ត្រូវបាន​ដឹកនាំ​រួមគ្នា​ដោយ​ប្រទេស​បារាំង និង​ជប៉ុន​។​
 
«​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​នឹង​ប្រកាសសេចក្តី​សម្រេច​អំពី​គម្រោង​ដែល​កំពុង​ត្រូវបាន​សិក្សា នៅក្នុង​កិច្ចប្រជុំពេញអង្គ​របស់​ខ្លួន​នៅក្នុងពេល​ខាងមុខនេះ​។ លោកស្រី Florence Evin [​អ្នកកាសែត​] មាន​ពេលវេលា​សម្ភាស​ភាគី​បារាំង​ដែល​ពាក់ព័ន្ធ ដើម្បី​ចៀសវាង​កុំ​ធ្វើឱ្យ​ពលរដ្ឋ​កម្ពុជា​មិន​សប្បាយចិត្ត​»​។ នេះ​ជាការ​លើកឡើង​របស់​ឯក​អគ្គរាជទូត​កម្ពុជា ទៅកាន់​និពន្ធ​នាយក​កាសែត​បារាំង លោកស្រី Caroline Monnot​។​
 
​កាលពី​ថ្ងៃទី​១៥​វិច្ឆិកា ឆ្នាំ​២០២០ ក្រុមហ៊ុន NagaCorp បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា នឹង​បោះទុន​ជាង​៣០០​លាន​ដុល្លារ​សម្រាប់​បង្កើត​រមណី​ដ្ឋា​ន​កម្សាន្ត​មួយ ដោយនៅ​ក្នុងនោះ​មាន សាងសង់​សណ្ឋាគារ​មួយ​ដែលមាន​រចនាប័ទ្ម​បែប​វប្បធម៌ និង​ប្រពៃណី​ខ្មែរ នៅ​ចំ​កណ្តាល​គម្រោង​។​
 
 លើសពីនេះ នឹងមាន​បង្កើត​ឧទ្យាន​ទឹក​, បង្កើត Siem Reap  China Town, បង្កើត​ឧទ្យាន​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ខ្មែរ​បែប​4D, 5D,  Augmented Reality (AR) និង Virtual Reality (VR) រួមទាំង​បង្កើត​សួន​វប្បធម៌​ជាដើម​...​។ បើតាម​ក្រុមហ៊ុន​គម្រោង​វិនិយោគ​ដ៏​ធំ​មួយ​នេះ នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅក្នុង​២០២៥​។​
 
​សេចក្តីប្រកាស​អំពី​គម្រោង​នេះ​បាន​បង្កើត​ឱ្យ​ការព្រួយបារម្ភ​ពី​មជ្ឈដ្ឋាន​មួយចំនួន​។ កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ អង្គការ​យូណេស្កូ​(UNESCO) បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា គម្រោង​បង្កើត​រមណីយដ្ឋាន​កម្សាន្ត​តម្លៃ​ជាង​៣០០​លាន​ដុល្លារ​នេះ នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ឧទ្យាន​អង្គរ ដោយមាន​ការវាយតម្លៃ​និង​សិក្សា​ពី​អ្នកជំនាញ​ផ្នែក​អភិរក្ស និង​អភិវឌ្ឍ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​អង្គរ​(ICC Angkor)​។ ជុំវិញ​នៃ​បញ្ហា​លើ​គម្រោង​ដែល​អ្នកជំនាញ​លើកឡើង ខាង​ក្រសួង​ជំនាញ ក៏​ដូច​រដ្ឋាភិបាល នឹង​គោរព​តាម ហើយនឹង​សិក្សា​ឡើងវិញ ដើម្បី​កុំឱ្យ​មាន​ផលប៉ះពាល់​ណាមួយ​ដល់​ឧទ្យាន​អង្គរ​។​
 
 «​បើ​អ្នកជំនាញ​សិក្សា​គម្រោង​នេះ​ឃើញ​មាន​ផលប៉ះពាល់​អ្វី​នោះ  យើង​នឹង​គោរព​តាម​។ ហើយ​ការប្តេជ្ញា​របស់​រដ្ឋាភិបាល​យើង គឺ​ផ្តល់​អាទិ​ភាពជា​ចម្បង​ទៅលើ​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ និង​វប្បធម៌​»​។ លោក ស៊ុំ ម៉ាប់ បន្ត​មានប្រសាសន៍ប្រាប់ ThmeyThmey តាម​ទូរ​សព្ទ នា​រសៀល​ថ្ងៃទី​១៨​កុម្ភៈ ដូច្នេះ​៖«​គ្រប់​សកម្មភាព​អភិវឌ្ឍ ឬ​សកម្មភាព​ទាំងឡាយ​ដែល​ធ្វើឱ្យ​ផលប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោជន៍ ក៏​យើង​មិន​ធ្វើ​ដែរ​»​។  
 
​ជាមួយគ្នានេះ រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌​រូបនេះ ក៏បាន​បញ្ជាក់ទៀតថា ចំពោះ​គម្រោង​បង្កើត​រមណីយដ្ឋាន​កម្សាន្ត​តម្លៃ​៣៥០​​ លានដុល្លារ​នៅក្បែរ​ឧទ្យាន​អង្គរ​នេះ  គឺ​គ្រាន់តែ​ជា​សំណើរ​(Proposal)​ក្រុមហ៊ុន NAGA ដែល​ដាក់ឱ្យ​សិក្សា​ប៉ុណ្ណោះ គឺ​មិនទាន់មាន​ការអនុម័ត​ណាមួយ​ចេញពី​រាជរដ្ឋាភិបាល​ឡើយ​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com