អន្តរជាតិ
អង្គការ UNHCR នឹង​ជួយ​កំណត់​អត្តសញ្ញាណ​ជន​ចំណាកស្រុក​នៅ​ម៉ិ​ក​ស៊ិ​ក​ដែលមាន​សិទ្ធិ​ចូល​សហរដ្ឋអាមេរិក​
19, Feb 2021 , 7:59 pm        
រូបភាព
ដោយ: VOA
​រូប​ឯកសារ​៖ មន្ត្រី​គយ​និង​ព្រំដែន​កំពុង​ត្រួតពិនិត្យ​ឯកសារ​ឆ្លងដែន​របស់​ជន​ចំណាកស្រុក​ម៉ិ​ក​ស៊ិ​ក​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​សហរដ្ឋអាមេរិក ខណៈ​ពួកគេ​ចាក​ចេញពី​ទីក្រុង Nuevo Laredo នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩​។​

 
​មន្ត្រី​សហរដ្ឋអាមេរិក​មួយរូប​បាន​ប្រាប់ VOA ថា ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​ជនភៀសខ្លួន (UNHCR) នឹង​ធ្វើការ​ដើម្បី​កំណត់​អត្តសញ្ញាណ​ជន​ចំណាកស្រុក​ណា​ដែល​ត្រូវការ​ជំនួយ​ខ្លាំង​បំផុត ដែល​កំពុង​រង់ចាំ​នៅក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ហើយនឹង​ជួយ​ពួកគេ​បំពេញ​ឯកសារ​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅ​សហរដ្ឋអាមេរិក​។​
 
​ទីភ្នាក់ងារ UNHCR នឹងធ្វើ​ការ​ជាមួយ​រដ្ឋបាល​របស់លោក​ប្រធានាធិបតី Joe Biden ដើម្បី​ដោះស្រាយ​បញ្ហាលំបាក​របស់​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​រាប់ម៉ឺន​នាក់ ដែល​រដ្ឋបាល​របស់លោក​អតីត​ប្រធានាធិបតី Donald Trump បាន​បង្ខំ​ឲ្យ​ស្ថិតនៅក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ខណៈ​រង់ចាំ​សវនាការ​នៅ​តុលាការ​អន្តោប្រវេសន៍​របស់​សហ​រដ្ឋ​អាមេរិក នៅក្រោម​គម្រោង​ផ្តួចផ្តើម​ដែល​គេ​ហៅថា «​ពិធីការ​ការពារ​ជន​ចំណាកស្រុក (MPP)»​។​
 
​អ្នកស្រី Roberta Jacobson អ្នកសម្របសម្រួល​កិច្ចការ​ព្រំដែន​ភាគ​និរតី​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​សេត​វិមាន បាន​ប្រាប់ VOA ថា​៖ «​អង្គការ UNHCR កំពុងធ្វើការ​ដើម្បី​ជ្រើសរើស​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត ឬ​អ្នក​ដែល​បាន​រង់ចាំ​យូរ​នៅក្រោម​គម្រោង MPP ដើម្បី​ឲ្យ​ឆ្លង​មក​សហរដ្ឋអាមេរិក​» ។​
 
​រដ្ឋបាល​របស់លោក Biden ដែល​បាន​ចាត់វិធានការ​ដើម្បី​បញ្ចប់​គម្រោង MPP ត្រូវគេ​រំពឹងថា​នឹង​ចាប់ផ្តើម​ដំណើរការ​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​របស់​ជន​ចំណាកស្រុក​ទាំងនេះ​នៅ​ថ្ងៃទី ១៩ ខែកុម្ភៈ​ខាងមុខ​។ មាន​ជន​ចំណាកស្រុក​ប្រមាណ ២៥.០០០ នាក់​ដែល​កំពុងមាន​សំណុំរឿង​ក្នុង​គម្រោង MPP​។​
 
​ការពិនិត្យ​ជ្រើសរើស​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ដោយ​អង្គការ UNHCR នេះ ត្រូវគេ​រំពឹងថា នឹង​កាត់បន្ថយ​ការឃុំខ្លួន​ជន​ចំណាកស្រុក​ណា​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​សហរដ្ឋអាមេរិក​។ ពួកគេ​ភាគច្រើន​នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ស្នាក់នៅ​ជាមួយ​អ្នកធានា ឬ​សមាជិកគ្រួសារ​ណា​ដែល​នៅ​សហរដ្ឋអាមេរិក​ស្រាប់​។​
 
​ទោះបីជា​អង្គការ UNHCR ជួយ​ក៏ដោយ ក៏​សហរដ្ឋអាមេរិក​នៅតែ​ជា​អ្នកសម្រេច​ថា អ្នកណា​នឹង​ទទួលបាន​សិទ្ធិ​ជ្រកកោន ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ស្នាក់នៅ​ក្នុងប្រទេស​ដោយ​ស្របច្បាប់​។​
 
​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក​បា​នស​ង្ក​ត់​ធ្ងន់​ថា ការផ្លាស់ប្តូរ​គោលនយោបាយ​នេះ​មិនមែន​មានន័យថា​ជាការ​បើកចំហ​ព្រំដែន​សម្រាប់​ជន​ដែល​ធ្វើ​ចំណាកស្រុក​មិន​ទៀងទាត់​មកកាន់​សហរ​ដ្ឋ​អាមេរិក​នោះទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com