COVID-19
អន្តរជាតិ
ថៃ បើកផ្សារគ្រឿងសមុទ្រនៅខេត្តសមុទ្រសាគរដែលជាចំណុចផ្ទុះជំងឺកូវីដ-១៩ វិញហើយ រូបថត Xinhua
× ផ្សារគ្រឿងសមុទ្រក្នុងខេត្តសមុទ្រសាគរ ដែលជាចំណុចកណ្ដាលនៃការផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ នៅថៃ ត្រូវបានបើកដំណើរការវិញហើយនៅថ្ងៃទី១ ខែមីនា។ ប៉ុន្តែវិធានការការពារ ត្រូវអនុវត្តយ៉ាងតឹងរ៉ឹងបំផុតដើម្បីបង្ការការឆ្លងរាលដាលជាថ្មី។
ជាង១០សប្ដាហ៍ក្រោយត្រូវបានបិទដំណើរការ ផ្សារគ្រឿងសមុទ្រដ៏ធំនៃខេត្តសមុទ្រសាគររបស់ថៃ បានដំណើរការលក់ដូរវិញហើយ ខណៈស្ថានភាពជំងឺកូវីដ-១៩ ត្រូវបានមើលឃើញថា ធូរស្រាលកាន់តែខ្លាំង។ ករណីឆ្លងចេញពីផ្សារនេះដែលត្រូវបានរាយការណ៍នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០ ក្លាយជារលកវាយប្រហារទីពីរនៅថៃ ដែលបង្ខំឱ្យរដ្ឋាភិបាលបិទខេត្ត និងដាក់ចេញវិធានការរឹតត្បិតជាច្រើនដើម្បីទប់ស្កាត់ការរាលដាល។
មិនខុសពីមុនពេលបិទឡើយ ផ្សារលក់គ្រឿងសមុទ្រនេះ នៅតែមានមនុស្សម្នាចេញចូលច្រើនដដែល។ ពលករបរទេសដែលភាគច្រើនជាជនមីយ៉ាន់ម៉ា ត្រឡប់ទៅធ្វើការរបស់ខ្លួនវិញ អ្នកលក់ក៏យកផលិតផលរបស់ខ្លួនលក់តាមធម្មតាដែរ ប៉ុន្តែស្ថិតក្រោមវិធានការការពារយ៉ាងតឹងរ៉ឹង។
បើតាមកាសែតបាងកកប៉ុស្តិ៍ ឡានដឹកគ្រឿងសមុទ្រ និងឡានដែលចេញចូលទាំងអស់ ត្រូវឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ ហើយមនុស្សទាំងអស់ត្រូវពិនិត្យសីតុណ្ហភាព ហើយផ្ដល់លិខិតបញ្ជាក់ថា បានធ្វើតេសត្តរកកូវីដ-១៩ ។ ករណីលើកលែង ត្រូវអនុវត្តចំពោះអ្នកដែលធ្វើការក្នុងផ្សារព្រោះពួកគេមានលិខិតបញ្ជាក់រួចហើយ។ ចំណែកពលករដែលធ្វើការក្នុងផ្សារនេះ ក៏ត្រូវពាក់ម៉ាស់គ្រប់ពេលវេលា ព្រមគ្នានឹងការពាក់ស្រោមដៃ ស្បែកកវែងដែលកំណត់ដោយក្រសួងសុខាភិបាលថៃ។
ធ្លាប់តែជាខេត្តមានករណីផ្ទុះច្រើន សមុទ្រសាគរ មិនមានករណីឆ្លងថ្មីនៅសហគមន៍ឡើយនៅថ្ងៃទី២៨ ខែកុម្ភៈ ដោយករណីថ្មីចំនួន១៩ សុទ្ធតែរកឃើញក្នុងចំណោមអ្នកស្នាក់នៅដោយឡែកក្នុងមន្ទីរពេទ្យ។ ខេត្តមានករណីឆ្លងសរុប១៦៣៧៧នាក់។
ដោយឡែកនៅថ្ងៃទី១ ខែមីនា ថៃកត់ត្រាករណីឆ្លងថ្មីចំនួន៨០នាក់ ដែលនាំឱ្យករណីឆ្លងសរុបនៅប្រទេសមាន២៦០៣១នាក់ និងស្លាប់៨៣នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com