ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូតអាមេរិក ស្នើឲ្យរដ្ឋាភិបាលខ្មែរ បើកលម្ហនយោបាយវិញ ក្រោយឃើញលោក សម រង្ស៊ី ត្រូវកាត់ទោស២៥ឆ្នាំបន្ថែម
02, Mar 2021 , 2:43 pm        
រូបភាព
លោក ផាទ្រិក មើហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា (ឆ្វេងដៃ, រូបពីសហការី) និង លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ (រូបពី AKP)
លោក ផាទ្រិក មើហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា (ឆ្វេងដៃ, រូបពីសហការី) និង លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ (រូបពី AKP)
ដោយ: ថ្មីៗ
លោក ផាទ្រិក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបញ្ចេញមតិ ជុំវិញការកាត់ទោសលោក សម រង្ស៊ី មេដឹកនាំកំពូលនៃក្រុមប្រឆាំង និងមន្រ្តីជាន់ខ្ពស់៨រូបទៀតនៃក្រុមប្រឆាំង ឲ្យជាប់ពន្ធនាគារពី២០ឆ្នាំទៅ២៥ឆ្នាំ ពាក់ព័ន្ធនឹងបទឧបឃាត ឬការរៀបផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោក មើលឃើញថា ការកាត់ទោសនេះ ដំណើរការដោយខ្វះនីតិវិធីត្រឹមត្រូវ។

  

 
តាមរយៈសារលើបណ្តាញសង្គមធ្វីតធឺ (Twitter) លោក ផាទ្រិក មើហ្វី សរសេរថា៖«យើង ជំរុញឲ្យអាជ្ញាធរ [កម្ពុជា] បើកលម្អនយោបាយ [ឲ្យទូលំទូលាយ] ឡើងវិញ ហើយអនុញ្ញាតឲ្យគ្រប់ភាគី បានបញ្ចេញសំឡេង និងបានចូលរួមធ្វើសកម្មភាពដូចគ្នា»។ 
 
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចោទសួរថា តើ ការខ្វះភាពត្រឹមត្រូវក្នុងការកាត់ក្តីនេះ លោកឯកអគ្គរដ្ឋទូតអាមេរិក ចង់សំដៅលើអ្វី? បន្ទាប់មក លោក ឆ្លើយតបថា ការសម្រេចរបស់តុលាការ គឺធ្វើទៅតាមបញ្ញត្តិច្បាប់របស់កម្ពុជា។ 
 
ចំពោះការទាមទាររបស់ឯកអគ្គរដ្ឋទូតអាមេរិក ឲ្យបើកលម្ហនយោបាយ លោក ជិន ម៉ាលីន លើកឡើងថា កម្ពុជា គ្មានអ្វី ដែលត្រូវបើកលម្ហនយោបាយនោះទេ ដ្បិតនៅកម្ពុជា លម្ហនយោបាយ ត្រូវបានបើកស្រាប់ទៅហើយ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ មន្រ្តីជាន់ខ្ពស់របស់ក្រសួងយុត្តិធម៌រូបនេះ ថ្លែងថា៖«[មនុស្សគ្រប់រូប] មានសេរីភាពដូចគ្នា កុំឲ្យតែធ្វើអ្វីបំពានច្បាប់»។ 
 
លោកឯកអគ្គរដ្ឋទូតអាមេរិក បង្ហោះសារនេះ នៅក្រោយតុលាការភ្នំពេញ ប្រកាសសាលក្រម ស្តីពីការកាត់ទោសលោក សម រង្ស៊ី និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់លោក៨រូបទៀត កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។ បើតាមសាលក្រម ក្នុងបទឧបឃាតនេះ លោក សម រង្ស៊ី ជាប់ពន្ធនាគារ២៥ឆ្នាំ, អ្នកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ជាប់ពន្ធនាគារ២២ឆ្នាំ, អ្នកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្រ្ទ លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី លោក និង លោក នុត រំដួល ត្រូវជាប់ពន្ធនាគារ២០ឆ្នាំ។
 
ក្រៅពីជាប់ពន្ធនាគារ មេដឹកនាំក្រុមប្រឆាំងទាំង៩រូប ដែលកំពុងរស់នៅឯក្រៅប្រទេស ត្រូវបានបានដកសិទ្ធពលរដ្ឋមួយចំនួនជាស្ថាពរថែមទៀត។ សិទ្ធិពលរដ្ឋ ដែលត្រូវតុលាការ ដកជាស្ថាពរពីពួកលោកទាំង៩រូប គឺសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និង សិទ្ធិបម្រើការងារជាមន្រ្តីរាជការ។ ការដកសិទ្ធិពលរដ្ឋជាស្ថាពរនេះ មានន័យថា ជាការដកមួយជីវិត។ ក្រៅពីនេះ ពួកលោកទាំង៩រូប ត្រូវបង់ប្រាក់រួមគ្នាចំនួន១៨០០លានរៀល (ជាង៤៤ម៉ឺនដុល្លារ) ចូលទៅរដ្ឋផងដែរ។ 
 
លោក សម រង្ស៊ី ចំអកថា សាលក្រមផ្តន្ទាទោសលោក និងថ្នាក់ដឹកនាំទាំង៨រូបរបស់លោក គឺជាសាលក្រមគួរឲ្យអស់សំណើច។ លោក បន្តថា ការផ្តន្ទាទោសនេះ គឺឆ្លុះបញ្ចាំងពីបំណងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចង់កម្ចាត់លោក ចេញពីឆាកនយោបាយនៅកម្ពុជា។ 
 
តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោក សម រង្ស៊ី អះអាងថា៖«អ្នកណាដែលត្រូវតុលាការ [កម្ពុជា]...តាមធ្វើទុក្ខបុកម្នេញ អ្នកនោះជាអ្នកតស៊ូ ស្វែងរកសេរីភាព ជូនប្រទេសជាតិ យ៉ាងពិតប្រាកដ»។    
 
ការកាត់ទោសលោក សម រង្ស៊ី និងថ្នាក់ដឹកនាំទាំង៨រូបរបស់លោកលើកនេះ គឺពាក់ព័ន្ធនឹងការរៀបផែនការចូលកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលហៅថា ផែនការ៩វិច្ឆិកា។ ដ្បិតគម្រោងវិលចូលកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ បរាជ័យ តែលោក សម រង្ស៊ី និងថ្នាក់ដឹកនាំទាំង៨របស់លោក នៅតែត្រូវបានចោទពីបទឧបឃាត។ រដ្ឋាភិបាលកម្ពុជា ចាត់ទុកផែនការ៩វិច្ឆិការបស់លោក សម រង្ស៊ី នាពេលនោះ ថា ប៉ងចូលមកកម្ពុជា ដើម្បីផ្តួលរំលំរដ្ឋាភិបាល។
 
បើគិតទោសសរុប មកដល់ពេលនេះ លោក សម រង្ស៊ី តែម្នាក់ឯង ជាប់ទោសប្រមាណជា៥០ឆ្នាំឯណោះ៕ 
 

Tag:
 Patrick Murphy
  សម រង្ស៊ី
  ជិន ម៉ាលីន
  លម្ហនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com