ជាតិ
សង្គមជាតិ
«​គ​ន្ធា​» និង​សុនខ​៥​ក្បាល​ទៀត ត្រូវបាន​បញ្ជា​ទិញ​ដើម្បី​ទៅ​ដោះមីន​នៅ​ស៊ូដង់​ខាងត្បូង អ៊ីរ៉ាក់ និង​តួ​ក​គី​
02, Mar 2021 , 10:29 pm        
រូបភាព
សុនខ ឈ្មោះ​គ​ន្ធា បាន​ឡើង​យន្តហោះ​ពី​កម្ពុជា​ទៅ​ប្រទេស​ស៊ូដង់​ខាងត្បូង កាល​នៅ​ថ្ងៃទី​២៨ កុម្ភ​: ឆ្នាំ​២០២១​។ រូបថត​៖ គណនី​ហ្វេ​ស​ប៊ុ​ក Heng Rotana
សុនខ ឈ្មោះ​គ​ន្ធា បាន​ឡើង​យន្តហោះ​ពី​កម្ពុជា​ទៅ​ប្រទេស​ស៊ូដង់​ខាងត្បូង កាល​នៅ​ថ្ងៃទី​២៨ កុម្ភ​: ឆ្នាំ​២០២១​។ រូបថត​៖ គណនី​ហ្វេ​ស​ប៊ុ​ក Heng Rotana
ភ្នំពេញ​៖ «​សុនខ​»​ហិត​មីន​របស់​កម្ពុជា​៦​ក្បាល ដែល​ទទួលបាន​ការហ្វឹកហ្វឺន​ដោយ​អ្នកបច្ចេកទេស​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​(CMAC) ត្រូវបាន​អង្គការ APOPO ទិញ​យកទៅ​បំពេញភារកិច្ច​ដោះមីន​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង អ៊ីរ៉ាក់ និង​តួ​ក​គី​។ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​លើកឡើងថា នេះ ជា​មោទកភាព​ដែល​កម្ពុជា​ប្រឹងប្រែង​រហូត​សម្រេច​ជោគជ័យ​ក្នុងការ​បង្កើត​ជំនាញ​សត្វ​«​សុនខ​» ហិត​មីន​ដោយ​ខ្លួនឯងបាន​១០០​ភាគរយ នា​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​។

 
​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំមុន ការចូលរួម​កម្លាំង​ជំនាញ​របស់​សត្វ​«​សុនខ​» ក្នុងការ​រំដោះ​មីន​នៅតាម​តំបន់​នានា ក្នុង​ទឹកដី​កម្ពុជា   គឺ​បាន​ពី​ជំនួយ និង​ការ​បញ្ជ​ទិញ​ពី​បរទេស​។ លោក រតនា និយាយថា ប្រាប់​សារព័ត៌មាន​ថ្មីៗ​នា​ព្រឹក​ថ្ងៃទី​២​មីនា ថា​៖« ពីមុន​អ្វីៗ គឺ​យើង​ពឹង​ផ្អែកលើ​បរទេស​ទាំងស្រុង​។ ប៉ុន្តែ បច្ចុប្បន្ន កម្ពុជា​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់ ទាំង​ការ​បង្កាត់​ពូជ​សត្វ​សុនខ​ហិត​មីន​បាន​ដោយ​ខ្លួន  ទាំង​ការហ្វឹកហ្វឺន​បច្ចេកទេស ឬ​ជំនាញ​របស់​សត្វ​សុនខ ហើយ​ថែមទាំង​អាច​នាំចេញ​សុនខទាំងនេះ​ទៅ​បរទេស ដើម្បី​ជួយ​គេ​វិញ​បាន​ទៀត​»​។ 
 
​ភាពជោគជ័យ​ដែល​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​នេះ គឺ​បន្ទាប់ពី​បាន​ចំណាយពេល​អស់​១៨​ឆ្នាំ ក្នុង​ការខិតខំ​បង្កាត់​ពូជ​សត្វ​សុនខ និង​ហ្វឹកហ្វឺន​ជំនាញ​ហិត​មីន ដោយ​អ្នកបច្ចេកទេស​នៅក្នុង​ស្រុក​។ នេះ​ជាការ​លើកឡើង​របស់លោក ហេង រតនា ដោយ​បន្តថា មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា  បានចាប់ផ្តើម​ពង្រឹងសមត្ថភាព​ខ្លួនឯង ដោយ​ខិតខំ​បង្កាត់​ពូជ​សត្វ​សុនខ​ជំនាញ​ហិត​មីន និង​ហ្វឹកហ្វឺន​ជំនាញ​ឬ​បច្ចេកទេស​ស្វែងរក​មីន​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០០២​មក រហូតដល់​ឆ្នាំ​២០១៨ ទើប​ទទួលបាន​ជោគជ័យ​។ 
 
​បច្ចុប្បន្ន កម្ពុជា មាន​សត្វ​«​សុនខ​»​ហិត​មីន ឬ​ស្វែងរក​មីន​ដែល​កំពុង​ប្រតិ​ប​តិ្ត​ការ​ជាង​១០០​ក្បាល ដែលមាន​អ្នកប្រើប្រាស់ ឬ​បញ្ជា​លើ​សត្វ​សុនខទាំងនោះ ចំនួន​១៦៨​នាក់​។ លោក ហេង រតនា បាន​បញ្ជាក់ថា​៖« ចំនួន​សត្វ​សុនខ ដែល​យើង​បាន​ហ្វឹកហ្វឺន និង​កំពុង​ប្រតិបត្តិ​ការជួយ​រំដោះ​មីន​នេះ គឺ​យើង​មិន​រាប់បញ្ចូល​នូវ​ចំនួន​សត្វ​សុនខ​ដែល​បាន​ចូលនិវត្តន៍ និង​កំពុង​ហ្វឹកហ្វឺន​នោះទេ​»​។ 
 
​កម្ពុជា​ទទួលបាន​ជំនួយ​ជា​សត្វ​សុនខ​ជំនាញ​ហិត​មីន ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​១៩៩៧  ពី​កងទ័ព​នៃ​ប្រទេស​ស៊ុយអែត  បន្ទាប់​មកពី​រដ្ឋាភិបាល​ន័​រវេ​ស និង​អង្គការ​NPA​។ ក្រោយមកទៀត កម្ពុជា បាន​បញ្ជា​ទិញ សុនខ​ពី​ប្រទេស​អាឡឺម៉ង់ ស៊ុយអែត ប៊ែ​ល​ហ្សិ​ក ប៊ូ​សសៀរ ជាដើម ដើម្បី​ជួយ​រំដោះ​មីន នៅតាម​តំបន់​មីន​នានា ដែល​បាន​បន្សល់​ពី​សម័យ​សង្គ្រាម​ស៊ីវិល​។ នេះ​បើ​លោក ហេង រតនា​។​
 
APOPO ជា​អង្គការ​ដោះមីន​អន្តរជាតិ​ប្រើប្រាស់​ជំនាញ​សត្វ​កណ្តុរ (HeroRATs) ដែល​ទីស្នាក់ការ​កណ្តាល​នៅ​ក្រុង Morogoro ប្រទេស​តង់​ហ្សា​នី ហើយ​ជួយ​ពង្រឹង​ប្រតិបត្តិ​ការដោះមីន​នៅ​អាហ្វ្រិក ដូចជា​អង់​ហ្គោ​ឡា មូ​សំ​ប៊ិក និង​តង់​ហ្សា​នី​ជាដើម​។ នៅ​អាស៊ី អង្គការ​នេះ ក៏មាន​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ជាមួយ​ភាគី​កម្ពុជា និង​ថៃ​ផងដែរ​។​
 
 
 
 
 
 
 

Tag:
 សុនខ​
  មីន​
  លោក ហេង រតនា​
© រក្សាសិទ្ធិដោយ thmeythmey.com