អន្តរជាតិ
កូរ៉េខាងត្បូង ស៊ើបអង្កេត​ករណី​អ្នកស្លាប់​ពីរ​នាក់​ក្រោយ​ចាក់​វ៉ាក់សាំង AstraZeneca
03, Mar 2021 , 8:59 pm        
រូបភាព
អាជ្ញាធរ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៣ ខែមីនា កំពុង​ស៊ើបអង្កេត​លើ​ករណី​ស្លាប់​ចំនួន​២ បន្ទាប់ពី​ចាក់​វ៉ាក់សាំង AstraZeneca​។ អ្នកស្លាប់​ទាំងពីរ​រូបនោះ សុទ្ធ​តែមាន​ផ្ទុក​ជំងឺ​នៅក្នុង​ខ្លួន មុននឹង​ចាក់​វ៉ាក់សាំង​។



 
​ជា​លើកដំបូង កូរ៉េខាងត្បូង មាន​មនុស្ស​ពីរ​នាក់​បាន​បាត់បង់​ជីវិត បន្ទាប់ពី​ចាក់​វ៉ាក់សាំង AstraZeneca បើ​គិត​ចាប់តាំងពី​ចាប់តាំងពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស​។ ទីភ្នាក់ងារ​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង​កូរ៉េខាងត្បូង (KDCA) បាន​អះអាងថា​ខ្លួន កំពុង​ស៊ើបអង្កេត​លើ​ករណី​ទាំងពីរ​នេះ ប៉ុន្តែ​មិនទាន់មាន​ភស្តុតាង​ណាមួយ​បញ្ជាក់ថា​ករណី​ស្លាប់​នេះ មាន​ទាក់ទិន​នឹង​វ៉ាក់សាំង​ក្រុមហ៊ុន​AstraZeneca នៅឡើយ​ទេ​។ 
 
​តាម​ការបញ្ជាក់​របស់​នាយក KDCA លោកស្រី Jeong Eun-kyeong ជនរងគ្រោះ​ទីមួយ មាន​អាយុ ៦៣​ឆ្នាំ និង​មាន​ជំងឺ​ពាក់ព័ន្ធ​សរសៃឈាម​ក្នុង​ខួរក្បាល​។ បុរស​រូបនេះ បានចេញ​រោគសញ្ញា​គ្រុនក្តៅ​ខ្លាំង បន្ទាប់ពី​ចាក់​វ៉ាក់សាំង​បាន​បួន​ថ្ងៃ​។ អ្នកជំងឺ​វ័យ ៦៣​ឆ្នាំ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ នៅ​ថ្ងៃទី​២ ខែមីនា ប៉ុន្តែ​ក្រុមគ្រូពេទ្យ​មិនអាច​ជួយសង្គ្រោះ​បានឡើយ បន្ទាប់ពី​បង្ហាញ​រោគសញ្ញា​មាន​ជាតិពុល​នៅក្នុង​ឈាម និង​ជំងឺ​រលាក​សួត​។ 
 
​ចំណែក​អ្នកជំងឺ​ទី​២ មាន​អាយុ​៥០​ឆ្លាំ​ប្លាយ ដែលមាន​ជំងឺ​ពាក់ព័ន្ធ​នឹង​បេះដូង និង​ចរន្តឈាម និង​ជំងឺ​ទឹកនោមផ្អែម បានទទួល​មរណភាព​នៅ​ថ្ងៃទី​៣ ខែមីនា​។ បន្ទាប់ពី​ចាក់​វ៉ាក់សាំង​បាន​មួយថ្ងៃ បុរស​រូបនេះ បាន​គាំងបេះដូង​ជាច្រើនលើក និង​ពិបាក​ដកដង្ហើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​កន្លងទៅ កូរ៉េខាងត្បូង ធ្លាប់​បញ្ជាក់ថា អ្នក​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​រហូតដល់​ពិការ ឬ​ស្លាប់ ដោយសារ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ នឹង​ទទួលបាន​សំណង​ប្រមាណ ៣៨៣,៤៦៦​ដុល្លារ​។ បើតាម​លោកស្រី Jeong ក្នុងចំណោម​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រមាណ​ជាង​៨​ម៉ឺន​នាក់ គិត​ត្រឹម​ថ្ងៃទី​២ ខែមីនា មាន​មនុស្ស​ចំនួន ២០៧​នាក់ បានចេញ​ប្រតិកម្ម ដោយសារ​ការចាក់​វ៉ាក់សាំង ក្នុងនោះ​មាន​៣​ករណី​រង​ប្រតិកម្ម​អាល់​លាក់​ហ្ស៊ី​ធ្ងន់ធ្ងរ​។ 
 
​ពេលនេះ កូរ៉េខាងត្បូង កំពុង​ចាក់​វ៉ាក់សាំង​ចំនួន ២​ប្រភេទ​របស់​ក្រុមហ៊ុន AstraZeneca និង​ក្រុមហ៊ុន Pfizer ។ គិត​ត្រឹម​ថ្ងៃទី​៣ ខែមីនា កូរ៉េខាងត្បូង មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​ចំនួន ៩០៨១៦​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ១៦១២​នាក់​៕

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com