អន្តរជាតិ
លោក សាកូហ្ស៊ី ចង់ប្តឹងទៅតុលាការសិទ្ធិមនុស្សអឺរ៉ុប ក្រោយតុលាការបារាំងកាត់ទោសរឿងពុករលួយ អតីតប្រធានាធិបតីបារាំង នីកូឡាស់ សាកូហ្ស៊ី ។ រូបថត AFP
× អតីតប្រធានាធិបតីបារាំងលោក នីកូឡាស់ សាកូហ្ស៊ី និយាយថា លោកអាចនឹងប្តឹងឧទ្ធរណ៍ទៅតុលាការសិទ្ធិមនុស្សអឺរ៉ុប (ECHR) ដើម្បីជំទាស់សាលក្រមតុលាការបារាំងដែលកាត់ឱ្យលោកជាប់ពន្ធនាគារ៣ឆ្នាំក្នុងសំណុំរឿងពុករលួយ។
«ខ្ញុំមិនអាចទទួលយកការចោទប្រកាន់ចំពោះអ្វីដែលខ្ញុំមិនបានធ្វើនោះទេ»។ លោក នីកូឡាស់ សាកូហ្ស៊ី ប្រាប់សារព័ត៌មានបារាំង Le Figaro មួយថ្ងៃក្រោយលោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធាគារ៣ឆ្នាំ ចំពោះរឿងសូកប៉ាន់ចៅក្រម ប្រើប្រាស់ឥទ្ធិពលដើម្បីបានព័ត៌មានស្តីពីការស៊ើបអង្កេតលើរូបលោកពាក់ព័ន្ធទៅការបំពានច្បាប់ហិរញ្ញវត្ថុយុទ្ធនាការឃោសនាបោះឆ្នោត។
សាលក្រមកាលពីថ្ងៃទី១ ខែមីនាលើកឡើងថា បទល្មើសដ៏ធ្ងន់ធ្ងរ ត្រូវបានប្រព្រឹត្តដោយអតីតប្រធានាធិបតីដែលជាអ្នកធានាឯករាជ្យភាពនៃអំណាចតុលាការ។ ក្រៅតែពីសំណុំរឿងពុករលួយ លោក សាកូហ្ស៊ី ក៏ត្រូវឡើងសវនាការជាថ្មីម្តងទៀតនៅចុងខែមីនាចំពោះការបំពានច្បាប់ហិរញ្ញវត្ថុស្តីពីយុទ្ធនាការឃោសនាបោះឆ្នោតក្នុងឆ្នាំ២០១២។
«វាប្រហែលជារឿងចាំបាច់ក្នុងការយកសមរភូមិនេះឡើងតុលាការសិទ្ធិមនុស្សអឺរ៉ុប»។ អតីតប្រធានាធិបតីបារាំងបញ្ជាក់បែបនេះដោយសង្កត់ធ្ងន់ថា វាជារឿងគួរឱ្យឈឺចាប់ដែលបារាំងត្រូវបានថ្កោលទោស។
អតីតប្រមុខរដ្ឋបារាំង និយាយទៀតថា សាលក្រមរបស់តុលាការពេញដោយភាពរញ៉េរញ៉ៃ និងមិនសមស្រប ហើយមិនបង្ហាញអ្វីទាល់តែសោះ ក្រៅតែពីបណ្តុំនៃភស្តុតាងប្រយោល។ សម្រាប់លោក សាកូហ្ស៊ី វាជារឿងមិនអាចទទួលយកបានទាល់តែសោះ ដែលលោកត្រូវបានគេលួចស្តាប់កិច្ចសន្ទនាទូរសព្ទ និងត្រូវបានឃុំខ្លួនរយៈពេល១៥ម៉ោងទៀត។
ជាការកត់សម្គាល់ក្រៅតែពីលោក សាកូហ្ស៊ី អតីតមេដឹកនាំបក្សអភិរក្សនិយមបារាំងពីររូបផ្សេងទៀតក៏ត្រូវតុលាកាចោទប្រកាន់ និងកាត់ទោសផងដែរ។ លោកអតីតប្រធានាធិបតី Jacque Chirac ត្រូវបានតុលាការបារាំងរកឃើញថា មានទោសក្នុងឆ្នាំ២០១១ ពីបទពុករលួយ។ ចំណែកលោកអតីតនាយករដ្ឋមន្ត្រី François Fillon ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំពីបទល្មើសបន្លំ និងប្រើប្រាស់ថវិកាមិនត្រឹមត្រូវ។
ទាក់ទងទៅនឹងអនាគតនយោបាយវិញ លោកសាកូហ្ស៊ីទទូចហើយទទូចទៀតថាលោក នឹងមិនឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ឆ្នាំ២០២២ឡើយ បើទោះបីជាមនុស្សក្នុងបក្សសាធារណរដ្ឋមួយចំនួនចង់ឱ្យលោកឈរឈ្មោះក្តី៕
© រក្សាសិទ្ធិដោយ thmeythmey.com