អន្តរជាតិ
បង់ក្លាដែស បន្តបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៅកោះដាច់ស្រយាល ទោះមានក្ដីបារម្ភពីសុវត្ថិភាព
04, Mar 2021 , 4:16 pm        
រូបភាព
កប៉ាល់បង់ក្លាដែសដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៅកោះ Bhasan Char ។ រូបថត AFP
កប៉ាល់បង់ក្លាដែសដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៅកោះ Bhasan Char ។ រូបថត AFP
បង់ក្លាដែស កំពុងជម្លៀសជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណ៤ពាន់នាក់ទៅលើកោះដាច់ស្រយាលមួយ ដែលជាទីជម្រកថ្មី។ នេះបើតាមការលើកឡើងរបស់មន្ត្រីបង់ក្លាដែសនៅថ្ងៃទី៣ ខែមីនា។ ប៉ុន្តែការជម្លៀសនេះ ក៏រងការរិះគន់ពីសំណាក់ក្រុមសិទ្ធិមនុស្សដែលព្រួយបារម្ភពីសុវត្ថិភាពក្ដី។ ក្រុមសិទ្ធិមនុស្សបារម្ភថា កោះដែលនៅសមុទ្របេងកាល់ ប្រឈមមុខគ្រោះធម្មជាតិដូចជាខ្យល់ព្យុះ និងទឹកជំនន់ជាដើម។


ចាប់តាំងពីដើមខែធ្នូ បង់ក្លាដែស បានបញ្ជូនជនភាគតិចរ៉ូហ៊ីងយ៉ាជាង១ម៉ឺននាក់ ទៅកាន់កោះ Bhasan Char នៅសមុទ្របេងកាល់។ ពួកគេ ត្រូវបានដឹកពីជំរំនៅតាមព្រំដែនជាមួយមីយ៉ាន់ម៉ាដែលមានជនភៀសខ្លួនសរុបជាងមួយលាននាក់ ហើយរស់នៅក្នុងខ្ទមបាក់បែកតាមជម្រាលភ្នំ។ 
 
«ថ្ងៃនេះជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណ ២២៥៤ នាក់បានទៅដល់លើកោះហើយ។ ថ្ងៃស្អែក យើងរំពឹងថា នឹងបញ្ជូន ១៧០០ នាក់ទៅបន្ថែមទៀត»។ នេះជាការអះអាងរបស់មន្ត្រីកងទ័ពជើងទឹកបង់ក្លាដែស លោក Rashed Sattar នាថ្ងៃទី៣ ខែមីនា។
 
គម្រោងបញ្ជូនជនភៀសខ្លួននេះ បង់ក្លាដែស រងការរិះគន់ខ្លាំងក្រុមសិទ្ធិមនុស្ស ដែលបារម្ភពីសុវត្ថិភាពរបស់ពួកគេទាក់ទងការប្រឈមមុខគ្រោះធម្មជាតិដ៏សាហាវដូចជាខ្យល់ព្យុះ និងទឹកជំនន់។ ប៉ុន្តែរដ្ឋាភិបាលបង់ក្លាដែស បានច្រានចោលការព្រួយបារម្ភនេះ ដោយបកស្រាយថា ខ្លួនចាត់វិធានការការការពារទឹកជំនន់ សាងសង់លំនៅដ្ឋានសម្រាប់ប្រជាជន ១០ម៉ឺននាក់ ព្រមទាំងមានមន្ទីរពេទ្យ និងមជ្ឈមណ្ឌលការពារព្យុះស៊ីក្លូនផងដែរ។ 
 
ការកកកុញនៅតាមជំរំភៀសខ្លួន និងបទល្មើសដែលកើតឡើងជាញឹកញយ ជាមូលហេតុនាំឱ្យរដ្ឋាភិបាលបង់ក្លាដែស គិតគូរផ្លាស់កន្លែងជ្រកកោនរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាងដ៏ច្រើន។ បើតាមទីភ្នាក់ងារព័ត៌មាន Reutes បង់ក្លាដែស ក៏អះអាងថា ការផ្លាស់ប្តូរទីលំនៅទៅលើកោះដាច់ស្រយាលនេះ ឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ប៉ុន្តែជនភៀសខ្លួនខ្លះដែលបានទៅទីនោះកាលពីដើមខែធ្នូ បាននិយាយថា ជាការបង្ខិតបង្ខំទៅវិញ។
 
លើសពីនោះ បង់ក្លាដែស ត្រូវរិះគន់កាន់តែខ្លាំងចំពោះភាពស្ទាក់ស្ទើរក្នុងការពិគ្រោះយោបល់ជាមួយទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ក៏ដូចជាស្ថាប័នផ្តល់ជំនួយផ្សេងទៀតជុំវិញការជម្លៀសនេះ។ ទោះជាបែបនេះ បង់ក្លាដែសនៅតែបន្តការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបន្ថែមទៅកាន់ Bhasan Char ៕
 

Tag:
 បង់ក្លាដែស
  រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com