អន្តរជាតិ
Freedom House៖ សេរីភាព​លើ​ពិភពលោក​បន្ត​ធ្លាក់ចុះ​១៥​ឆ្នាំ​ជាប់​គ្នា​
04, Mar 2021 , 9:59 pm        
រូបភាព
ការតវ៉ានៅអាមេរិកនាពេលកន្លងមក។ រូបថត AFP
ការតវ៉ានៅអាមេរិកនាពេលកន្លងមក។ រូបថត AFP
ដោយ:
​អង្គការសិទ្ធិមនុស្ស Freedom House នៅ​ថ្ងៃទី​៣ ខែមីនា បានចេញ​របាយការណ៍​សេរីភាព​ប្រចាំឆ្នាំ​នៅលើ​ពិភពលោក ដែល​លទ្ធផល​បង្ហាញថា សេរីភាព​នៅ​ទូទាំង​ពិភពលោក​បន្ត​ធ្លាក់ចុះ​ក្នុង​ឆ្នាំ​២០២០​។ របាយការណ៍​នេះ​បង្ហាញថា ប្រជាជន​ចំនួន​៣​ភាគ​៤​នៃ​ពិភពលោក​រស់នៅក្នុង​ប្រទេស​ដែល​សិទ្ធិ និង​សេរីភាព​របស់​ពួកគេ ត្រូវបាន​រឹតបន្តឹង​។


​បើតាម​អង្គការ Freedom House ដែលមាន​មូល​ដ្ឋា​នៅ​អាមេរិក សេរីភាព​លើ​ពិភពលោក​ចាប់ផ្តើម​ធ្លាក់ចុះ​តាំងតែ​ពី​ឆ្នាំ​២០០៦ មកម្ល៉េះ​។ សម្រាប់​ឆ្នាំ​២០២០ របាយការណ៍​នេះ​វាយតម្លៃ​ស្ថានភាព​នៅ​ប្រទេស​ចំនួន​១៥១ និង​ដែនដី​ចំនួន​៤៥​។​
 
​ក្នុង​ឆ្នាំ​២០២០ មាន​ប្រទេស​ចំនួន​២៨​ដែល​រកឃើញថា​សេរីភាព​មាន​លក្ខណៈ​ប្រសើរឡើង ផ្ទុយទៅវិញ​សេរីភាព​ក្នុងប្រទេស​ដល់​ទៅ​៧៣​បាន​ធ្លាក់ចុះ​។ អង្គការ​នេះ​វាយតម្លៃ​សេរីភាព​ក្នុងប្រទេស​នីមួយៗ​ដោយ​ពិនិត្យ​ទៅលើ​ដំណើរការ​បោះឆ្នោត នយោបាយ​ពហុ​និយម អំពើពុករលួយ សេរីភាព​បញ្ចេញមតិ និង​ការជួបជុំ ក៏ដូចជា​កត្តា​គួបផ្សំ​ដទៃទៀត​។ របាយការណ៍​នេះ​បែងចែក​ប្រទេស​ជា​៣​ក្រុម​គឺ មាន​សេរីភាព មាន​សេរីភាព​ខ្លះ និង​គ្មាន​សេរីភាព ដោយ​ផ្តល់​ពិន្ទុ​ខ្ពស់បំផុត​១០០ ដល់​០​ពិន្ទុ​។​
 
«​ឆ្នាំ​២០២០ ជា​ពេលវេលា​យ៉ាង​លំបាក​សម្រាប់​លទ្ធិប្រជាធិបតេយ្យ ហើយ​រដ្ឋ​ផ្តាច់ការ​រួមចំណែក​រហូត​ដល់​ទៅ​ពាក់កណ្តាល​នៃ​ការធ្លាក់ចុះ​សេរីភាព ហើយ​ប្រទេស​ដែល​គ្មាន​សេរីភាព​មាន​ចំនួន​ច្រើន​បំផុត​ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុងក្រោយ​»​។ នេះ​ជាការ​លើកឡើង​របស់រ​បាយ​ការណ៍​ខាងលើ​។​
 
​នៅ​ឆ្នាំ​២០២០ ស៊ុយអែត ន័​រវេ​ស និង​ហ្វាំ​ង​ឡង់​បាន​ពិន្ទុ​១០០​ពេញ​ដូចគ្នា ខណៈ​ស៊ី​រី​បាន​១​ពិន្ទុ ស៊ូដង់​ខាងត្បូង លី​ប៊ី និង​អេ​រី​ត្រេ​បាន​២​ពិន្ទុ ឯ​កូរ៉េខាងជើង​បាន​៣​ពិន្ទុ​។​
 
​ឥណ្ឌា​ជា​ប្រទេស​ដែល​រំកិល​ចុះ​ពី​ប្រទេស​មាន​សេរីភាព ទៅ​មាន​សេរីភាព​ខ្លះ​ក្នុង​ឆ្នាំ​២០២០​។ ការធ្លាក់​ចំណាត់ថ្នាក់រ​បស់​ឥណ្ឌា​ធ្វើឱ្យ​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​តិចជាង​២០​ភាគរយ​រស់នៅ​ដោយមាន​សេរីភាព​។ Freedom House ចោទ​លោកនាយក​រដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី និង​បក្ស​ជាតិនិយម​ហិណ្ឌូ​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​អ្នក​រិះគន់​រដ្ឋាភិបាល និង​អ្នក​កាន់សាសនា​ឥស្លាម ដែល​អាច​នឹង​ធ្វើឱ្យ​ឥណ្ឌា​ក្លាយជា​ប្រទេស​ផ្តាច់ការ​។​
 
​ចំណែក​ចិន​វិញ​ត្រូវបាន Freedom House ចោទថា ប្រើប្រាស់​អំណាច និង​ឥទ្ធិពល​ក្នុងការ​ចែកចាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ ឬ​បំបិទ​សំឡេង​ព័ត៌មាន​ជាពិសេស​ទាក់ទង​ទៅនឹង​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ។ បន្ថែម​ពីនេះ បញ្ហា​នៅ​ហុងកុង​ដូចជា​ច្បាប់​សន្តិសុខ​ជាតិ​ក៏​ត្រូវបាន​រាប់បញ្ចូល​ជា​កត្តា​រួមផ្សំ​ផងដែរ​។​
 
​នៅ​អាហ្វ្រិក​ខាងជើង​វិញ អាល់​ហ្សេ​រី ក៏​មិនមាន​ចំណាត់​ល្អ​ដែរ ដោយ​ត្រូវបាន​កត់សម្គាល់​លើ​ការប្រើប្រាស់​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ជា​មធ្យោបាយ​ក្នុងការ​ហាមប្រាម​ការជួប​ជុំ​។ ចំណែក​នៅ​អឺរ៉ុប​វិញ ហុង​គ្រី​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​នាយករដ្ឋមន្ត្រី Viktor Orban បាន​ប្រើប្រាស់​អំណាច​ក្នុង​ស្ថានការណ៍​អាសន្ន​ដើម្បី​គំរាម​ដល់​របាយការណ៍​ឯករាជ្យ និង​ការរិះគន់​ទាំងឡាយ​។​
 
​ក្នុង​ឆ្នាំ​២០២០ អាមេរិក​ទទួលបាន​ពិន្ទុ​ត្រឹមតែ​៨៣​ប៉ុណ្ណោះ ដោយ​ធ្លាក់ចុះ​ចំនួន​១១​ពិន្ទុ​ធៀប​ឆ្នាំ​២០១៩ ។ បើតាម Freedom House ការអុកឡុក​វិមាន​សភា​ដោយ​អ្នកគាំទ្រ​របស់លោក​អតីត​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ធ្វើឱ្យ​ប្រទេស​នេះ​ធ្លាក់​ពិន្ទុ​របស់ខ្លួន​ជា​បន្តទៀត​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​។ របាយការណ៍​នេះ បង្ហាញថា ជម្លោះ​រវាង​បក្សនយោបាយ ការរើសអើង​ពូជសាសន៍ ការជ្រៀតជ្រែក​នយោបាយ​ក្នុង​បញ្ហា​សុខាភិបាល និង​ផលប៉ះពាល់​ខុសៗ​គ្នា​នៃ​ជំ​ងី​កូ​វីដ​-១៩ បង្ហាញថា លទ្ធិប្រជាធិបតេយ្យ​អាមេរិក​ពុំមាន​ស្ថិរភាព​ឡើយ​។​
 
​យ៉ាងណាក្តី របាយការណ៍​នេះ​បង្ហាញថា លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​លើ​ពិភពលោក នៅតែមាន​ភាពរឹងមាំ និង​អាច​ងើបឡើង​វិញ​បាន​។ ដំណើរ​យ៉ាង​ប្រសើរ​នៃ​ប្រជាធិបតេយ្យ​នៅ​ម៉ាឡាវី និង​ការគ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ ដោយ​មិន​ប៉ះពាល់​សេរីភាព​ធ្ងន់ធ្ងរ​នៅ​តៃវ៉ាន់ ជាហេតុ​ផល​នាំឱ្យមាន​ការគិត​វិជ្ជមាន​ចំពោះ​ស្ថានភាព​សេរីភាព​លើ​ពិភពលោក​៕
 

Tag:
 Freedom House
© រក្សាសិទ្ធិដោយ thmeythmey.com