អន្តរជាតិ
ចិន បង្កើនថវិកាការពារជាតិនៅឆ្នាំ២០២១ ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩ ហើយបំណុលក៏កើនឡើង
05, Mar 2021 , 4:12 pm        
រូបភាព
នាយករដ្ឋមន្រ្តីចិន លី ខឹងឈាំង ថ្លែងនាកិច្ចប្រជុំសភាប្រជាជនចិននៅថ្ងៃទី៥ ខែមីនា។ រូបថត AFP
នាយករដ្ឋមន្រ្តីចិន លី ខឹងឈាំង ថ្លែងនាកិច្ចប្រជុំសភាប្រជាជនចិននៅថ្ងៃទី៥ ខែមីនា។ រូបថត AFP
ចិន នឹងបង្កើនការចំណាយលើវិស័យការពារជាតិនៅក្នុងឆ្នាំ២០២១ ៦,៨ភាគរយបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន។ នេះបើតាមសេចក្តីព្រាងរបាយការណ៍ហិរញ្ញវត្ថុ ដែលត្រូវបានដាក់ចូលទៅក្នុងកិច្ចប្រជុំសភាប្រជាជនចិន នៅថ្ងៃទី៥ ខែមីនា។ ការបង្កើនថវិកាលើវិស័យការពារជាតិនេះ ធ្វើឡើងស្របពេលរដ្ឋាភិបាលកំពុងមានបំណុលកម្រិតខ្ពស់ និងស្ថិតក្នុងវិបត្តិកូវីដ-១៩។

 
សភាប្រជាជនចិន នៅថ្ងៃទី៥ ខែមីនា បើកកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំ២០២១ នៅមហាវិមានប្រជាជនចិន ក្នុងក្រុងប៉េកាំង។ ក្នុងសន្ទរកថាបើកកិច្ចប្រជុំសភា នាយករដ្ឋមន្រ្តីចិន លោកលី ខឺឈាំង បានលើកឡើងថា រដ្ឋាភិបាលចិន នឹងអនុវត្តតាមការទ្រឹស្តីរបស់លោកស៊ី ជិនភីង ប្រធានាធិបតីចិន ឱ្យបានម៉ត់ចត់ ក្នុងការពង្រឹងសមត្ថភាពកងទ័ព និងយុទ្ធសាស្រ្តយោធានៅក្នុងយុគសម័យថ្មី ដើម្បីឆ្លើយតបនឹងការគំរាមកំហែង និង ការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍របស់ប្រទេស។ 
 
ទាក់ទិននឹងការពង្រឹងសមត្ថភាពកងទ័ព ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ផ្សាយថា នៅក្នុងសេចក្តីព្រាងហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១ ដែលត្រូវបានដាក់ចូលក្នុងកិច្ចប្រជុំសភាដើម្បីអនុម័ត ចិននឹងបង្កើនការចំណាយលើវិស័យការពារជាតិរហូតដល់២០៩ពាន់លានដុល្លារ។ ការចំណាយនេះ គឺកើនឡើង៦,៨ ភាគរយ បើធៀបនឹងឆ្នាំ២០២០ និងជាការបង្កើនថវិកាលើវិស័យការពារជាតិ ក្នុងរយៈពេល ៦ឆ្នាំជាប់ៗគ្នា។ 
 
ការចំណាយលើវិស័យការពារជាតិរបស់ចិនដ៏ច្រើនបែបនេះ ធ្វើឱ្យចិនឈរនៅលំដាប់ទីពីរនៃប្រទេសចំណាយហិរញ្ញវត្ថុច្រើនបំផុតលើវិស័យការពារជាតិបន្ទាប់ពីអាមេរិក។ ប៉ុន្តែការចំណាយនេះ គឺស្មើប្រមាណមួយភាគបួននៃការចំណាយលើវិស័យការពារជាតិអាមេរិកដែលមានប្រមាណ ៧៤០,៥ពាន់លានដុល្លារ ក្នុងឆ្នាំថវិកា២០២១។ កន្លងមក អាមេរិក ធ្លាប់លើកឡើងថា ការចំណាយថវិកាផ្នែកវិស័យការពារជាតិចិន មិនមានតម្លាភាពឡើយ ដោយសារចិនមិនបានផ្តល់ព័ត៌មានលម្អិតណាមួយជុំវិញរបាយការណ៍ហិរញ្ញវត្ថុនេះ។ 
 
យ៉ាងណាមិញ ការបង្កើនហិរញ្ញវត្ថុខាងលើ បានធ្វើឡើងក្នុងពេលចិនកំពុងជាប់បំណុលកម្រិតខ្ពស់ និងស្ថិតក្នុងវិបត្តិកូវីដ-១៩។ ម្យ៉ាងការចំណាយបែបនេះ គឺស្របពេលចិន និងអាមេរិក កំពុងមានជម្លោះជាមួយគ្នា និងបញ្ហានៅសមុទ្រចិនខាងត្បូង និងខាងកើត។ 
 
ស្របពេលបង្កើនទឹកប្រាក់សម្រាប់យោធា ក្រុងប៉េកាំង ក៏បានកំណត់គោលដៅសម្រាប់កំណើនសេដ្ឋកិច្ចឆ្នាំ២០២១ លើសពី៦ភាគរយដែរ ទោះពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ដោយសារការរាលដាលជំងឺកូវីដ-១៩ ក៏ដោយ។ នៅក្នុងឆ្នាំ២០២០ ចិន ជាប្រទេសមួយ ក្នុងចំណោមប្រទេសតិចតួចផ្សេងទៀតដែលមានកំណើនសេដ្ឋកិច្ចប្រមាណ ២,៣ភាគរយ។ តាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សេដ្ឋកិច្ចចិន នឹងងើបឡើងដល់ ៨,១ភាគរយ ក្នុងឆ្នាំ២០២១៕ 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com