កីឡាអន្តរជាតិ
អន្តរជាតិ
រជ្ជទាយាទ​រដ្ឋ Johor អាច​នឹង​ទិញយក Valencia ពី​មហាសេដ្ឋី​សិង្ហ​បុរី​
05, Mar 2021 , 7:29 pm        
រូបភាព
​រជ្ជទាយាទ Tunku Ismail Sultan Ibrahim នៃ​រដ្ឋ Johor ប្រទេស​ម៉ាឡេស៊ី និង​ជា​ម្ចាស់​ក្លិប​បាល់ទាត់ Johor Darul Ta'zim FC មាន​គម្រោង​ទិញ​ក្លិប Valencia ពី​មហាសេដ្ឋី​សិង្ហ​បុរី Peter Lim​។ នេះ​បើតាម​ការចុះផ្សាយ​របស់​របស់​កាសែត Channelnewsasia​។​



«​ខ្ញុំ​មិនមែនជា​អ្នកជំនួញ​ទេ ខ្ញុំ​គឺជា​ព្រះអង្គម្ចាស់​»​។ នេះ​ជា​សារ​របស់​អង្គ​ម្ចាស់ Tunku Ismail ដែល​បាន​សរសេរ​លើ​បណ្តាញ​សង្គម Instagram នា​ថ្ងៃទី​២ ខែមីនា ស្របពេល​ព្រះអង្គ​បង្ហាញ​ចំណាប់អារម្មណ៍​ចង់​ទិញ​ក្លិប Valencia នៃ​លី​គ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ La Liga​។​
 
​ចំណាប់អារម្មណ៍​របស់​រជ្ជទាយាទ​វ័យ​៣៦​ឆ្នាំ ក្នុងការ​ទិញយក​ក្លិប​ដ៏​ល្បី​មួយ​នេះ​ទំនងជា​ក្លាយជា​ការពិត ហើយ​នេះ​ក៏​អាច​ក្លាយជា​អ្នក​ផ្លាស់ប្តូរ​ក្លិប​មួយ​នេះ​ឱ្យ​រីក​មុខមាត់​ផងដែរ​។​
 
​បើទោះបីជា Tunku Ismail អះអាងថា​ខ្លួន​មិនមែនជា​អ្នកជំនួញ​ក៏ដោយ​ក៏​រជ្ជទាយាទ​រូបនេះ ជា​ម្ចាស់​ក្លិប​យក្ស​នៃ​លី​គ​កំពូល​ម៉ាឡេស៊ី Johor FC ដែល​បាន​កាន់កាប់​តាំងពី​ឆ្នាំ ២០១២ មក​រួចទៅហើយ​។ 
 
«​ខ្ញុំ​មិនមែន​អ្នកថ្មី​ក្នុង​វិស័យ​កីឡាករ​បាល់ទាត់​ទេ​។ ខ្ញុំ​បាន​បង្កើត​ក្លិប​មួយ​ដែល​ប្រជែង​ពី​តំបន់​ត្រូវ​កាត់ចោល រហូត​ក្លាយជា​ម្ចាស់​ជើងឯក​។ ខ្ញុំ​បានធ្វើឱ្យ Johor ឈ្នះ​ពានរង្វាន់​ចំនួន​១៦ ក្នុង​រយៈពេល ៨ ឆ្នាំ​។ យើង​ជា​ប្រទេស​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ និង​ធំជាងគេ​មួយ​ចំណោម​ប្រទេស​នៅ​អាស៊ី​»​។ នេះ​ជាការ​អះអាង​របស់​អង្គ​ម្ចាស់ Tunku Ismail​។ 
 
​ព្រះអង្គម្ចាស់ Tunku Ismail ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ អាច​នឹង​ជួយ Valencia ដែល​កំពុង​ត្រដាបត្រដួស​បាន ប្រសិនបើ​ក្លិប​នេះ​ក្លាយជា​របស់ខ្លួន​។ Valencia ក្រោម​ការដឹកនាំ​របស់​ម្ចាស់​ក្លិប Peter Lim ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៤ ក្នុង​តារាង La Liga ដោយ​រកបាន​២៧​ពិន្ទុ ពី​ការប្រកួត​២៥​លើក ពោល​មាន​៥​ពិន្ទុ​ឈរ​ពីលើ​ក្រុម​ត្រូវ​កាត់ចោល​៕

Tag:
 Tunku Ismail Sultan Ibrahim
  Johor
© រក្សាសិទ្ធិដោយ thmeythmey.com