អន្តរជាតិ
​ចានព័រសឺឡែន​ចិន​តាំងពី​សតវត្ស​ទី​១៥ ត្រូវបាន​ប្រទះឃើញ​នៅ​កន្លែង​លក់​មួយ​នៅ​អាមេរិក​
06, Mar 2021 , 8:59 am        
រូបភាព
ដោយ: ធីតា
​ចានតូ​ចមួយ​ដែល​ត្រូវបាន​ទិញ​តែ​ក្នុងតម្លៃ​៣៥​ដុល្លារ​ប៉ុណ្ណោះ​ពី​កន្លែង​លក់​មួយ​នៅ​សហរដ្ឋអាមេរិក គឺ​វត្ថុ​មានតម្លៃ​សម្រាប់​ប្រវត្តិសាស្ត្រ​ចិន ដោយមាន​អាយុកាល​តាំងពី​សតវត្ស​ទី​១៥​មកម្ល៉េះ​។ យោងតាម​ការផ្សាយ​រប​ស់ AFP ចានព័រសឺឡែន​នោះ អាច​លក់បាន​ក្នុងតម្លៃ​ដល់​ទៅ​៥០​ម៉ឺន​ដុល្លារ​ឯណោះ​។​

 
​អ្នកទិញ​ដែល​រស់នៅ​ភាគ​ឦសាន​នៃ​រដ្ឋ Connecticut បាន​ទាក់ទង​ទៅ​អ្នកជំនាញ​សេ​រ៉ា​ម៉ិ​ក​នៃ​ក្រុមហ៊ុន​ដេញថ្លៃ Sotheby’s តាមរយៈ​ការផ្ញើ​រូបថត​។ អ្នកជំនាញ បាន​ឲ្យ​ដឹងថា ចានព័រសឺឡែន​នោះ ត្រូវបាន​ផលិតឡើង​នៅ​សម័យ​អធិរាជ Yongle ដែលជា​អធិរាជ​ទី​៣​នៃ​រាជ​កាល Ming ពី​ឆ្នាំ​១៤០២ ដល់​ឆ្នាំ​១៤២៤​។​
 
​បុរស​ដែល​បច្ចុប្បន្ន​ជា​ម្ចាស់​ចាន បាន​សុំ​លាក់​អត្តសញ្ញាណ​របស់ខ្លួន​។ «​ចាន​បុរាណ​បែបនេះ មានតែ​៦​ទៀត​ប៉ុណ្ណោះ​នៅលើ​ពិភពលោក ពោល​វា​ជាវ​ត្ថុ​ដ៏​កម្រ​»​។ លោកស្រី Angela McAteer អ្នកជំនាញ​វត្ថុ​សិល្បៈ​ចិន​ប្រចាំ​ក្រុមហ៊ុន Sotheby’s នៅ​ក្រុង​ញូវយ៉ក បាន​អះអាង​យ៉ាង​ដូច្នេះ​។​
 
Sotheyby’s ប្រកាស​ដាក់លក់​ដេញថ្លៃ​ចាន​ដ៏​កម្រ​ទី​៧​នេះ ចាប់ពី​ថ្ងៃទី​១៧ ខែមីនា ដោយ​រំពឹងថា នឹង​លក់បាន​ក្នុងតម្លៃ​ចន្លោះ​ពី​៣០​ម៉ឺន​ទៅ​៥០​ម៉ឺន​ដុល្លារ​អាមេរិក​។​
 
​បច្ចុប្បន្ន ចាន​ប្រភេទ​ដូចគ្នា​៥​ទៀត មាន​២​នៅ​តៃវ៉ាន់ ២​នៅ​ក្រុង​ឡុង​ដ៍ និង​១​នៅ​តេ​ហេ​រ៉ង់ ខណៈ​ចានទី​៦ ត្រូវបាន​រកឃើញ​នៅលើ​ទីផ្សារ​កាលពី​ឆ្នាំ​២០០៧​កន្លងមក​តាមរយៈ​ការ​ដាក់លក់​ដេញថ្លៃ​ពី​អ្នក​សន្សំ​វត្ថុ​បុរាណ​ឯកជន​មួយ​៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com