អត្ថបទពាណិជ្ជកម្ម
​សែ​ល​កាត​ចូលរួម​សហការ​ជាមួយ​អង្គការ People in Need Cambodia នៅក្នុង​យុទ្ធនាការ​អន​ឡាញ ដើម្បី​ផ្សព្វផ្សាយ​នូវ​បទពិសោធន៍​ស្ត្រី​ដ៏​អស្ចារ្យ​នៅក្នុង​ប្រទេស​កម្ពុជា​
06, Mar 2021 , 10:27 am        
រូបភាព
ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​សិទ្ធិនារី​នា​ឆ្នាំនេះ ក្រុមហ៊ុន​សែ​ល​កាត​បាន​បង្ហាញជូន​នូវ​ឈុត​វីដេអូ​ពិសេស​មួយ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ People in Need Cambodia ដើម្បី​អបអរសាទរ​ដល់​វីរនារី​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​យុទ្ធនាការ​នេះ​បាន​ប្រើ​នូវ Hashtag ជំរុញ​ទឹកចិត្ត​ចំនួន​បី​រួមគ្នា​ជាមួយនឹង​សុភាពនារី ដែលមាន​បុគ្គលិកលក្ខណៈ​រឹងមាំ​បំផុត​ទាំងបី​រូប​របស់​សែ​ល​កាត ដើម្បី​ផ្សព្វផ្សាយ​អំពី​ការយល់ដឹង​នៃ​តម្លៃ​របស់​ស្ត្រី​។​
 
#GenerationEquality #IWD2021 #SheEmpowers​។​
 
​នៅក្នុង​វីដេអូ ដែល​កំពុង​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នាពេលនេះ កញ្ញា រ៉េត ស៊ូ​ហ្សា​ណា ដែលជា​ទូត​សុ​ឆន្ទៈ​តំណាងឱ្យ​សែ​ល​កាត​, ស្រី​នា ដែលជា​អ្នក​ចែករំលែក​មាតិកា​ទាក់ទង​នឹង​ការថែរក្សា​សម្រស់​ដែល​កំពុង​ទទួលបាន​នូវ​ការគាំទ្រ​ខ្លាំង និង Mina ដែលជា Idol ដ៏​ពេញនិយម​បំផុត​មួយរូប​ផង​នោះ បាន​ចែករំលែក​នូវ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​ពួកគាត់ ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​នៅក្នុង​ជីវិត ដើម្បី​ជួយ​លើកទឹកចិត្ត​ដល់​ស្ត្រី​គ្រប់រូប​ឱ្យមាន​កម្លាំងចិត្ត​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​ជីវិត​របស់ខ្លួន​។​
 
​កញ្ញា ស៊ូ​ហ្សា​ណា បាន​ចែករំលែក​ឱ្យដឹងថា​៖ «​ពេលខ្លះ នៅពេលដែល​យើង​សម្រេចបាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា ក៏មាន​លេចចេញ​នូវ​មនុស្ស​ដែល​ស្អប់​យើង និង​ចង់​ធ្វើឱ្យ​យើង​អាប់ឱន ហើយ​ប្រសិនបើ​ពួកគេ​យក​រឿង​ទាំងអស់​ហ្នឹង​ទៅ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ទៀត​នោះ វា​អាច​នឹង​បង្កបញ្ហា​ជាច្រើន​ដល់​ខ្លួន​យើង​»​។​
 
«​ខ្ញុំ​ចង់​ផ្តាំផ្ញើរ​ទៅកាន់​ស្ត្រី​គ្រប់រូប​ថា យើង​ត្រូវតែ​ធ្វើខ្លួន​ឱ្យ​រឹងមាំ​ជាង​បុគ្គល​ទាំងអស់នេះ ហើយ​យើង​ត្រូវ​ជឿជាក់​លើ​ខ្លួនឯង និង​កុំ​សូវ​ខ្វល់ខ្វាយ​ពីអ្វី​ដែល​មនុស្ស​ផ្សេងទៀត​កំពុង​គិត​មកលើ​យើង​។ មិនត្រូវ​ឱ្យគេ​មករា​រាំងផ្លូវ​ទៅកាន់​គោលដៅ​របស់​យើង​នោះឡើយ​»​។​
 
​អ្នក​ទាំងអស់គ្នា ដែល​បាន​ទស្សនា​វីដេអូ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កសែ​ល​កាត Cellcard Play និង People in Need Cambodia ក៏​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ចែករំលែក​វីដេអូ​ទាំងនេះ ទៅកាន់​ស្ត្រី​ទាំងអស់​ដែល​ពួកគេ​តែង​គោរព​កោតសរសើរ និង​ឱ្យ​តម្លៃ​បំផុត រួមជាមួយ​នឹង​សារ​ផ្ទាល់ខ្លួន​ដើម្បី​សម្តែង​នូវ​ការដឹងគុណ​ផងដែរ​។​
 
​រឿងរ៉ាវ​ទាំងឡាយ​ដែលមាន​អត្ថន័យ​ដក់​ជាប់​អារម្មណ៍​បំផុត​នៅក្នុង​យុទ្ធនាការ​នេះ នឹងត្រូវ​យកទៅ​ចែករំលែក​បន្ត​នៅតាម​បណ្តាញ​សង្គម ដើម្បីឱ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​បាន​ជ្រាប​កាន់តែច្បាស់​។​
 
​កិច្ចសហការ​នៅក្នុង​យុទ្ធនាការ រវាង​ក្រុមហ៊ុន​សែ​ល​កាត និង​អង្គការ People in Need Cambodia នេះ គឺជា​គំនិត​ផ្តួចផ្តើម​មនុស្សធម៌​ដំបូង​គេ​ក្នុងឆ្នាំនេះ បន្ទាប់ពី​ស្ថាប័ន​ទាំងពីរ​បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នារ​កាលពី​ខែមករា​កន្លងទៅ​ថ្មីៗ​នេះ​។​
 
​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត​បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ “​អង្គការ People in Need Cambodia កំពុង​ដឹក​នាំនូវ​គម្រោង​ជាច្រើន ដែល​ផ្តល់នូវ​សារៈប្រយោជន៍​នៅ​ទូទាំងប្រទេស​កម្ពុជា ហេតុ​ដូចនេះហើយ ក្រុមហ៊ុន​សែ​ល​កាត ពិត​ជាមាន​មោទនភាព​បំផុត ដែល​បាន​ចូលរួម​សហការ​ជាមួយ ក៏ដូចជា​ជួយ​ផ្សព្វផ្សាយ​នូវ​កិច្ចការងារ​ដែល​ពួកគេ​កំពុង​អនុវត្ត​”​។​
 
​ក្រោម​កិច្ចសហការ​នេះ ក្រុមហ៊ុន​សែ​ល​កាត រួមជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប នឹងចូលរួម​គាំទ្រ​គម្រោង​របស់​អង្គការ PIN ដោយ​ក្នុងនោះ​មានដូចជា គម្រោង​គ្រប់គ្រង​គ្រោះមហន្តរាយ ការឆ្លើយតប​ទៅនឹង​វិបត្តិ​ជម្ងឺ​កូ​វីដ សមភាព​យេនឌ័រ និង​ការគោរព​សិទ្ធិ​ស្ត្រី​និង​កុមារ​ជាដើម​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com