ភ្នំពេញ៖ ការរាតត្បាតជំងឺកូវីដ-១៩នៅកម្ពុជា ជាង១ឆ្នាំនេះ បានជំរុញវិស័យអប់រំឲ្យដើរទាន់បច្ចេកវិទ្យាទំនើប។ ប៉ុន្តែគ្រូបង្រៀននៅតែជួបផលលំបាកនៃការបង្រៀនតាមអនឡាញនេះ ព្រោះវាជាបច្ចេកវិទ្យាថ្មីនៃការអប់រំ។ សម្រាប់គ្រូវ័យជាង៥០ឆ្នាំ បានប្រឹងរត់តាមបច្ចេកវិទ្យា ដើម្បីបង្រៀនសិស្សតាមអនឡាញ ក្នុងវិបត្តិកូវីដ-១៩នេះ។
ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងការបង្រៀនតាមអនឡាញក្នុងបរិបទកូវីដ-១៩ គឺជារឿងដ៌លំបាកសម្រាប់អ្នកគ្រូ កែវ យុទ្ធារី ដែលបង្រៀននៅវិទ្យាល័យបាក់ទូក។ ដូច្នេះរាល់ពេលដែលអ្នកគ្រូ កែវ យុទ្ធារី ត្រូវបង្រៀនសិស្សតាមអនឡាញម្តងៗ គឺអ្នកគ្រូតែងតែពឹងពាក់ឲ្យសិស្សជួយបើកកម្មវិធីZoom និងកម្មវិធីផ្សេងៗទៀត។
សកម្មភាពបង្រៀនតាមអនឡាញរបស់អ្នកគ្រូ ម៉ា ផល្លា គ្រូបង្រៀននៅសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប
អ្នកគ្រូដែលមានបទពិសោធបង្រៀនជិត២០ឆ្នាំនេះ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថ្មីៗដូច្នេះថា៖«ខ្ញុំបង្រៀនដូចជាធម្មតាទេ ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យាគឺលំបាក។ កូនសិស្សជាអ្នកបើកកម្មវិធីZoom តែបើឲ្យបើកខ្លួនឯងគឺបើកគ្មានកើតទេ។ ឥឡូវក៏នៅតែរដិបរដុប។ ជួនកាលបើកបាន ក៏បង្រៀនទៅ ជួនកាលបើកមិនចេញ ខលហៅកូនសិស្ស និងមានកូនសិស្សតាមជួយមើលឲ្យរហូតហ្នឹង»។
ការគ្រប់គ្រងវត្តមានសិស្ស និងការតាមដានការសិក្សារបស់សិស្សក៏ជារឿងលំបាកមួយទៀតសម្រាប់ អ្នកគ្រូ យុទ្ធារី ផងដែរ។ ស្ថិតក្នុងវ័យ៥៨ឆ្នាំ អ្នកគ្រូ យុទ្ធារី បានលើកឡើងដូច្នេះថា៖«ពេលយើងបង្រៀនទល់មុខ យើងដឹងថាសិស្សទទួលបានចំណេះដឹងប៉ុណ្ណា។ តែបើបង្រៀនតាមអនឡាញ ចំណេះដឹងរបស់សិស្សរៀងធ្លាក់ចុះ។ យើងគ្រប់គ្រងគាត់អត់បាន បារម្ភខ្លាចគាត់អត់ចូលរៀន រៀនមិនកើត សួរមិនកើត ពីព្រោះពិបាកហៅគ្នាទៅវិញទៅមក»។
សម្រាប់អ្នកគ្រូ ជេត សម្ផស្ស បង្រៀនមុខវិជ្ជារូបវិទ្យា និងគីមីវិទ្យាថ្នាក់ទី៧ នៅវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញ ក៏កំពុងជួបប្រទះនឹងបញ្ហាគ្រប់គ្រងសិស្សក្នុងអំឡុងពេលបង្រៀនតាមអនឡាញផងដែរ។ «ខ្ញុំបង្រៀនក្មេងតូចៗ។ កាលដែលយើងបង្រៀនតាមអនឡាញទៅ ក្មេងតូចៗគឺទាល់តែមានអាណាព្យាបាលគាត់ចូលរួម ហើយបើអាណាព្យាបាលគាត់អត់ចូលរួមទេ យើងពិបាកនឹងហៅគាត់តាមណា បើយើងអត់ស្គាល់ផ្ទះគាត់»។ នេះជាការរៀបរាប់របស់អ្នកគ្រូ ជេត សម្ផស្សដែលមានវ័យ៥៣ឆ្នាំ។
សកម្មភាពបង្រៀនផ្ទាល់របស់អ្នកគ្រូ កែវ យុទ្ធារី នៅវិទ្យាល័យបាក់ទូក
បច្ចុប្បន្នអ្នកគ្រូ សម្ផស្ស ហាក់មិនមានបញ្ហាទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់បង្រៀនតាមអនឡាញឡើយ ក្រោយពីអ្នកគ្រូបានឆ្លងកាត់ការបង្រៀនតាមអនឡាញរយៈពេលមួយឆ្នាំកន្លងមក។ អ្នកគ្រូ សម្ផស្ស បាននិយាយដូច្នេះថា៖«ការបង្រៀនតាមអនឡាញ ខ្ញុំដឹងបានច្រើនជាងមុន ខ្ញុំដឹងថាត្រូវប្រើម៉េច និងត្រូវហៅសិស្សរៀនម៉េច»។
ចំពោះអ្នកគ្រូ ម៉ា ផល្លា បង្រៀនសិស្សថ្នាក់ទី៥ នៅសាលាបឋមសិក្សាវត្តបូព៌ ក៏មិនមានបញ្ហាទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀនតាមអនឡាញដូចនឹងអ្នកគ្រូ ជេត សម្ផស្ស ផងដែរ។ «សាលារៀនរបស់ខ្ញុំគឺបានបណ្តុះគ្រូទាំងអស់ឲ្យចេះប្រើប្រាស់កុំព្យូទ័រ ហើយគ្រូម្នាក់ត្រូវមានកុំព្យូទ័រមួយ។ នេះជាការលើកឡើងរបស់អ្នកគ្រូ ម៉ា ផល្លា។
ចំណែកអ្នកគ្រូ ម៉ែន សូឡាណែត ដែលបង្រៀនភាសាខ្មែរថ្នាក់ទី៧និងទី៩នៅសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ក៏រឹតតែមិនស្មុគស្មាញនឹងការបង្រៀនតាមអនឡាញ និងការតាមដានសិស្សឲ្យចូលរៀនតាមអនឡាញឡើយ ពីព្រោះអ្នកគ្រូមានបទពិសោធបង្រៀនតាមអនឡាញ ការប្រើប្រាស់បច្ចេកវិទ្យាបានយ៉ាងស្ទាត់ជំនាញ និងមានបច្ចេកទេសបង្រៀនដល់សិស្សបានយ៉ាងមានប្រសិទ្ធភាព។
អ្នកគ្រូ ជេត សម្ផស្ស បង្រៀនមុខវិជ្ជា រូបនិងគីមីវិទ្យាថ្នាក់ទី៧ នៅវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី
អ្នកគ្រូវ័យ៥៧ឆ្នាំរូបនេះបាននិយាយដូច្នេះថា៖«ប្រសិនយើងជាគ្រូ អត់មានការគ្រប់គ្រងពួកគាត់ ការបង្រៀនតាមអនឡាញយើងអត់មានប្រសិទ្ធភាពទេ។ ប្រសិនយើងមានវិធីសាស្ត្រគ្រប់គ្រងពួកគាត់ ទោះបីពួកគាត់រៀនតាមអនឡាញ លទ្ធភាពមេរៀនដែលគាត់ផ្ញើឲ្យយើង យើងក៏ដឹងថាគាត់ចេះក្នុងកម្រិតណាដែរ»។
ថ្វីត្បិតការបង្រៀនតាមអនឡាញមិនងាយស្រួលសម្រាប់គ្រូនីមួយៗក្នុងបរិបទកូវីដ-១៩ក៏ដោយ ប៉ុន្តែការខិតខំប្រឹងប្រែងបង្រៀនរបស់គ្រូគឺនៅតែមានសម្រាប់សិស្ស ដើម្បីឲ្យសិស្សទទួលបានចំណេះដឹងប្រកបដោយប្រសិទ្ធភាព និងគុណភាព។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមតេឡេក្រាមថា ក្រសួងអប់រំ សង្កេតឃើញគ្រូបង្រៀនភាគច្រើនអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់បង្រៀនតាមអនឡាញ។ ជាមួយគ្នានេះក្រសួងអប់រំលើកទឹកចិត្តឲ្យគ្រូបង្រៀនទាំងអស់ពង្រឹងផ្នែកបច្ចេកវិទ្យាបន្ថែមទៀត។
«គ្រូបង្រៀនដែលត្រូវការការបណ្តុះបណ្តាលបន្ថែមដើម្បីអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់បង្រៀនតាមអនឡាញ ក្រសួងបានបន្តផ្តល់ឱកាសពង្រឹងសម្ថតភាពតាមគ្រប់រូបភាព។
គ្រូបង្រៀនក៏ទទួលបានវិធីសាស្ត្របង្រៀនថ្មីៗ រួមមានការរៀនសូត្រសកម្ម ការរៀនបែបស្ថាបនា ការរៀនតាមបែបដោះស្រាយបញ្ហា ការរៀនតាមបែបស្រាវជ្រាវ និងការរៀនតាមបែបរិះរក រួមទាំងបច្ចេកទេសគ្រប់គ្រងថ្នាក់រៀនផ្ទាល់ និងតាមអនឡាញ»។ នេះជាការលើកឡើរបស់លោក រស់ សុវាចា៕
អ្នកគ្រូ ម៉ែន សូឡាណែតដែលកំពុងថតវីដេអូបង្រៀនភាសាខ្មែរសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា