ជាតិ
UNDP ចាត់ទុកបាត់ដំបង ជាក្រុងគំរូលើការគ្រប់គ្រងសំរាម
09, Mar 2021 , 7:59 am        
រូបភាព
សិប្បកម្មកែច្នៃប្លាស្ទិករបស់លោក នាង ច័ន្ទថារ៉ា។ (រូបពី UNDP)
សិប្បកម្មកែច្នៃប្លាស្ទិករបស់លោក នាង ច័ន្ទថារ៉ា។ (រូបពី UNDP)
ខេត្តបាត់ដំបង ត្រូវបានទទួលស្គាល់ជាទីក្រុងគំរូ លើការគ្រប់គ្រងសំរាម ដោយអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា (UNDP)។ ការចាត់ទុកក្រុងបាត់ដំបង ជាទីក្រុងគំរូនេះ ផ្អែកលើបច្ចេកទេសកែច្នៃកាកសំណល់ជីវៈ ទៅជាជីកំប៉ុស្ត និងកែច្នៃប្លាស្ទិក សម្រាប់ប្រើប្រាស់ឡើងវិញ។ លើសពីនេះ កត្តាយល់ដឹងក្នុងការទុកដាក់សំរាមរបស់ពលរដ្ឋ ជាផ្នែកមួយដ៏សំខាន់ ដែលនាំឲ្យការគ្រប់គ្រងសំរាម បានកាន់តែល្អប្រសើរ។ សម្រាប់ UNDP សមិទ្ធផលដ៏គាប់ប្រសើរនេះ សម្រេចបានដោយសារមានកិច្ចសហការ និងជ្រោមជ្រែងគ្នាទៅវិញទៅមករវាង អង្គការដៃគូ សិប្បកម្មកែច្នៃ អ្នកស្ម័គ្រចិត្តចុះប្រមូលសំរាម ការផ្លាស់ប្តូរឥរិយាបថរបស់ពលរដ្ឋ និងវិភាគទាន និងការលើកទឹកចិត្តពីអាជ្ញាធរ។ 

 
កាលពីចុងខែមករា ឆ្នាំ២០២១កន្លងទៅ អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា (UNDP) បានអួតសរសើរ និងទទួលស្គាល់ថា ក្រុងបាត់ដំបង ជាក្រុងគំរូក្នុងការគ្រប់គ្រងសំរាម។  
 
លោក Nick Beresford តំណាងនិវេសនដ្ឋាន យូអិនឌីភី ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាមថា គំនិតផ្តួតផ្ដើមសំរាម ពិសេសការកែច្នៃសំណល់ផ្ទះបាយ និងថង់ប្លាស្ទិក នៅក្នុងក្រុងបាត់ដំបង គឺជាគំរូដ៏ល្អបំផុត សម្រាប់ខេត្តក្រុងផ្សេងទៀត។ លោក Nick បញ្ជាក់ដូច្នេះ៖«ទីក្រុង និងខេត្តផ្សេងទៀត អាចអនុវត្តតាម និងចម្លងគំនិតផ្តួចផ្តើមទាំងនេះ ដើម្បីធ្វើជីកំប៉ុស្ត និងការកែច្នៃប្លាស្ទិក សម្រាប់ប្រើប្រាស់ឡើងវិញ ក្នុងការរួមចំណែកដល់ការកាត់បន្ថយកាកសំណល់»។ 
 
សម្រាប់លោក Nick Beresford  គំរូភាពនេះ កើតឡើងបានដោយសារការចូលរួមជ្រោមជ្រែងយ៉ាងសកម្មភាពពីអ្នកពាក់ព័ន្ធ មានទាំងអង្គការដៃគូ ,សិប្បកម្មកែច្នៃ, ក្រុមយុវជនស្ម័គ្រចិត្ត វិភាគទានពីអាជ្ញាធរ និងពិសេសការយល់ដឹង និងការចូលរួមរបស់ពលរដ្ឋក្នុងក្រុងបាត់ដំបង។
 
អង្គការ UNDP ប្រចាំប្រទេសកម្ពុជា មានគម្រោងពីរទៀត ដើម្បីជួយគាំទ្រដល់ខេត្តក្រុងដទៃទៀត ក្នុងការរៀបចំការគ្រប់គ្រង និងកែច្នៃកាកសំណល់ជីវៈ និងប្លាស្ទិក។ គម្រោងទីមួយ គឺកសាងបរិស្ថាន ដែលអាចធ្វើទៅបានប្រកបដោយចរីរភាព (BESD) ដែលនឹងជួយដល់ខេត្តកែប ឲ្យសាកល្បងកែច្នៃសំណល់ជីវៈ និងប្លាស្ទិក តាមគំរូខេត្តបាត់ដំបង់។ គម្រោងមួយទៀត គឺពាក់ព័ន្ធការកាត់បន្ថយប្លាស្ទិក ដែលជួយដល់ក្រុងព្រះសីហនុ សៀមរាប និងភ្នំពេញផងដែរ។ នេះបើតាម លោក Nick Beresford។ 


កន្លែងញែកសំរាមរបស់អង្គការ COMPED (រូបពីអង្គការ COMPED) 

ជុំវិញរឿងនេះ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា អាជ្ញាធរខេត្តពាក់ព័ន្ធ មានផែនការច្បាស់លាស់ក្នុងការចុះប្រមូលសំរាម ធ្វើអនាម័យ អប់រំផ្សព្វផ្សាយ និងសហការជាមួយដៃគូពាក់ព័ន្ធបានយ៉ាងល្អ។ លោក កត បូរ៉ាន ថ្លែងយ៉ាងដូច្នេះថា៖ «ក្រុមដែលចុះធ្វើអនាម័យប្រមូលសំរាមហ្នឹង និយាយទៅ ទីតាំងណាមានសំរាម គឺយើងចុះសម្អាត និងណែនាំអាជីវករ ឬពលរដ្ឋ ឲ្យចេះទុកដាក់ បែងចែកសំរាម ឲ្យល្អឡើងវិញ។ រាល់ខែចុះអប់រំបែបនេះ យ៉ាងតិចក៏ម្ដងដែរ ហើយខែខ្លះ២ ទៅ៣ដង»។ 
 
បើតាមប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង រយៈពេលប្រមាណ៣ឆ្នាំចុងក្រោយនេះ អាជ្ញាធរពាក់ព័ន្ធ បានផ្តោតសកម្មភាពសំខាន់លើការអប់រំ និងផ្សព្វផ្សាយបញ្ហាសំរាម ទៅដល់ពលរដ្ឋ ព្រមទាំងការលើកទឹកចិត្តដល់អង្គការ សិប្បកម្ម និងគម្រោងនានាដែលផ្តោតលើការកែច្នៃសំរាមនៅក្នុងខេត្ត ជាហេតុធ្វើឱ្យការគ្រប់គ្រងកាកសំណល់នៅក្នុងក្រុងកាន់តែប្រសើរឡើង។ 
អង្គការ COMPED, អង្គការ One Earth-One Ocean(oeoo) និងសិប្បកម្មកែច្នៃថង់ប្លាស្ទិកមួយកន្លែង បាន និងកំពុងចូលរួមជាផ្នែកមួយដ៏ធំ លើការកែច្នៃកាកសំណល់ និងបញ្ជៀបការយល់ដឹងការគ្រប់គ្រងសំរាម និងថែរក្សាបរិស្ថានដល់ពលរដ្ឋ។ នេះបើតាមលោក កត បូរ៉ាន។ 
 
ការងារកែច្នៃ និងផ្សព្វផ្សាយពីបញ្ហាសំរាម នៅក្នុងក្រុងបាត់ដំបង 
អង្គការកែច្នៃសំរាម និងការសិក្សានៅកម្ពុជា (COMPED) ដែលមានទីតាំងនៅសង្កាត់ស្លាកែត ក្រុងបាត់ដំបង បានចាប់ផ្តើមកែច្នៃសំណល់ផ្ទះបាយ ទៅជាជីកំប៉ុស្ត តាំងពីឆ្នាំ២០០៩មកម្ល៉េះ។ អាជ្ញាធរ បានផ្តល់ដីទំហំ ៨០០ម៉ែត្រការ៉េ ដើម្បីធ្វើជាទីតាំងកែច្នៃ នេះរយៈពេល១៥ឆ្នាំ។ 
 
លោក សំ ផល្លា នាយករងអង្គការCOMPED និងជាប្រធានគម្រោងកែច្នៃជីកំប៉ុស្ត បានប្រាប់សារព័ត៌មានថ្មីៗថា អង្គការCOMPED បានចាប់ផ្តើមការកែច្នៃសំណល់ផ្ទះបាយនៅក្នុងក្រុងបាត់ដំបងនេះ គឺដោយសារតែចង់ចូលរួមលើកកម្ពស់ការងារកែច្នៃនៅកម្ពុជា និងពិសេសចូលរួមកាត់បន្ថយការបំពុលទឹក បរិស្ថាន និងបម្រែប្រួលអាកាសធាតុដែលបង្កពីសំណល់ផ្ទះបាយ។  លោក សំ ផល្លា ឱ្យដឹងដូច្នេះ៖ «ខ្ញុំឃើញមានសំណល់ជីវៈរលួយច្រើន ប្រមាណ៦៥ភាគរយ នៃសំរាម។ បើយើងអត់កែច្នៃ គឺត្រូវចាក់ចោលនៅទីលានចោល នាំឲ្យមានទឹកស្អុយលួយច្រើន ហើយច្រើនឆ្នាំយូរទៅ បង្កើតទៅជាឧស្ម័នមេតាន(CH4) បំពុលបរិយាកាស ឬបង្កទៅជាឧស្ម័នផ្ទះកញ្ចក់ នាំឲ្យមានការប្រែប្រួលអាកាសធាតុ។ ដូច្នេះអង្គការយើងមានបំណងកាត់បន្ថយសំណល់ជីវៈទាំងអស់នេះ ឲ្យទៅជីកំប៉ុស្តដើម្បីកាត់បន្ថយផលប៉ះពាលនៃបរិស្ថាន ក៏ដូចជាបម្រែប្រួលអាកាសធាតុផងដែរ»។ 
 
បើតាមលោក សំ ផល្លា បច្ចុប្បន្ន អង្គការ COMPED មានលទ្ធភាពប្រមូលកាកសំណល់ផ្ទះបាយពី ៥-៧តោន ក្នុងមួយថ្ងៃ ដើម្បីច្នៃទៅជាជីកំប៉ុស្ត។ ហើយក្នុងមួយខែៗ ទំហំកែច្នៃបានតែ៣ ទៅ៤តោន ប៉ុណ្ណោះ ដែល ជីកំប៉ុស្តមួយតោន COMPED លក់ទៅឱ្យកសិករក្នុងតម្លៃ១២០ដុល្លារ។ ទោះយ៉ាងណាការធ្វើជីកំប៉ុស្តនេះ ក៏ជួបបញ្ហាចម្បងមួយដែរ គឺការបែងចែកកាកសំណល់។ លោក ផល្លា ពន្យល់ថា ពលរដ្ឋយល់ដឹងពីបញ្ហាសំរាម ប៉ុន្តែការទុកដាក់ និងបែងចែកសំរាមរបស់ពួកគាត់នៅមានកម្រិតពោលគឺសំរាមគ្រប់ប្រភេទ នៅដាក់លាយឡំគ្នានៅឡើយ។
 
សំណល់ផ្ទះបាយ ត្រូវបានកែច្នៃទៅជាជីកំប៉ុស្ត រីឯថង់ប្លាស្ទិក ក៏ត្រូវបានកែច្នៃដើម្បីប្រើប្រាស់ឡើងវិញដែរ ដោយសិប្បកម្មកែច្នៃថង់ប្លាស្ទិកខ្នាតតូចមួយ ដែលមានទីតាំងនៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោក នាង ច័ន្ទថារ៉ា ម្ចាស់សិប្បិកម្មនេះ បានប្រាប់សារព័ត៌មានថ្មីៗថា សិប្បកម្មរបស់ខ្លួន ចាប់ដំណើរការនៅអំឡុងឆ្នាំ២០១៧ ដោយមានថៅកែជាជនជាតិ ហើយផ្តោតលើការផលិតគ្រាប់ប្លាស្ទិកសម្រាប់នាំចេញ។  ប៉ុន្តែនៅដើមឆ្នាំ២០២០ លោក ច័ន្ទថារ៉ា ក៏បានចូលរួមបណ្តាក់ទុនក្នុងសិប្បកម្មនេះ ហើយផលិតថង់ប្លាស្ទិកផ្គត់ផ្គង់នៅក្នុងស្រុកវិញ ចាប់ពីពេលនោះដែរ។   
 
តាមម្ចាស់សិប្បកម្មកែច្នៃថង់ខ្នាតតូចវ័យ៤៥ឆ្នាំរូបនេះ ក្នុងមួយខែៗ សិប្បកម្មរបស់លោក ប្រមូលទិញថង់ប្លាស្ទិក ពីក្រុមអ្នករើសអេតចាយ ក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប បានជាង៦០តោន ដើម្បីយកកែច្នៃ ជាថង់ប្លាស្ទិក ប្រើប្រាស់ឡើងវិញ។ ថង់ប្លាស្ទិកមួយតោន អាចច្នៃទៅជាថង់ដែលប្រើប្រាស់ឡើងវិញ ពី៥៥០-៦០០គីឡូក្រាម ខណៈលោក ច័ន្ទថារ៉ា ទិញពីអ្នករើសអេតចាយ ៣០០០រៀលក្នុងមួយគីឡូក្រាម។ លោក នាង ច័ន្ទថារ៉ា មានប្រសាសន៍ថា៖«ដោយមើលឃើញមុខរបរមួយនេះ ជួយដល់សង្គម [និង] បរិស្ថានច្រើន ហើយគោលនយោបាយរបស់រដ្ឋាភិបាល កំពុងជំរុញលើទីក្រុងស្អាត យើងក៏នាំគ្នាបន្តធ្វើទៅ ទោះដឹងថាចំណេញតិចក៏ដោយ»។
 
បើទោះបីជាអាចលក់ថង់ប្លាស្ទិក ដែលកែច្នៃ ក្នុងមួយគីឡូក្រាម ៤ ៥០០រៀល ប៉ុន្តែម្ចាស់សិប្បកម្មរូបនេះ អះអាងថាខ្លួនបានចំណាយទៅលើថ្លៃដើមកែច្នៃខ្ពស់ ហើយពិបាកលក់ប្រកួតប្រជែងនឹងថង់ប្លាស្ទិក នាំចូលពីវៀតណាម និងថៃ ដែលមានតម្លៃទាបជាង។
 
One Earth - One Ocean (OEOO) គឺជាអង្គការមួយប្រចាំក្រុងបាត់ដំបង ដែលបានកៀរគរ អ្នកស្ម័គ្រចិត្តក្នុងការ រើសសំរាមនៅតាមដងស្ទឹងសង្កែរយៈពេលប្រមាណ៣ឆ្នាំមកហើយ។ កញ្ញា ស៊ាង បុប្ផាផល មន្រី្តសម្របសម្រួលក្នុងអង្គការ OEOO បានឱ្យសារព័ត៌មានថ្មីៗថា គោលដៅរបស់ក្រុមរើសសំរាមនេះ គឺចង់បណ្ដុះផ្នត់គំនិតដល់សាធារណជន ពិសេសតាមមូលដ្ឋាន ឲ្យផ្ដើមគិតពីបញ្ហាសំរាម និងរៀនគ្រប់គ្រងសំរាម។


ក្រុមការងាររបស់ OEOO ចុះប្រមូលសំរាម។ (រូបពីអង្គការ OEOO) 

«ការប្រមូលសំរាមចេញពីប្រភពទឹកនេះ គឺដើម្បីកាត់បន្ថយបំពុលបរិស្ថានក្នុងទឹក និងសោភណភាព ព្រោះសំរាម មិនមែនផ្ដល់ផលប៉ះពាល់នៅតែលើដីគោកនោះទេ ក្នុងទឹក ក៏ផ្ដល់ផលប៉ះពាល់ដែរ គឺជីវៈចម្រុះក្នុងទឹក»។  នេះបើតាមការរៀបរាប់របស់កញ្ញា ស៊ាង បុប្ផាផល ដោយកញ្ញាបានបន្តថា ការរើសសំរាមតាមដងស្ទឹងសង្កែ ត្រូវបានធ្វើឡើង ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ 
 
កញ្ញា បុប្ផាផល បញ្ជាក់ទៀតថា ក្រៅពីផ្តោតការប្រមូលសំរាមក្នុងទឹក កន្លងមក OEOO  ក៏បានអនុវត្តសាកល្បង គម្រោងលើកកម្ពស់ការយល់ដឹង ពីការគ្រប់គ្រងសំរាម និងសំណល់រឹង នៅក្នុងសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបងដែរ។ សកម្មភាពនេះ នឹងបន្តអនុវត្ត នៅក្នុងសង្កាត់៦ផ្សេងទៀត នៅក្រុងបាត់ដំបង។ 
 
រយៈពេល៣ឆ្នាំមកនេះ មន្រី្តសម្របសម្រួលក្នុងអង្គការ OEOO សង្កេតឃើញថា បរិមាណសំរាមដែលក្រុមអ្នកស្ម័គ្រចិត្តប្រមូលបានពីស្ទឹងសង្កែ ថយចុះជាលំដាប់។ កាលពីឆ្នាំមុន អ្នកស្ម័គ្រចិត្តប្រមូលសំរាមបានប្រមាណ ២៥០គីឡូក្រាម ក្នុងមួយថ្ងៃ ហើយសព្វថ្ងៃ សំរាមប្រមូលបានធ្លាក់មកនៅជាង១៥០គីឡូក្រាម ។ ការណ៍នេះ បានធ្វើឲ្យកញ្ញា បុប្ផាផល ត្រេកអរ និងរំពឹងថា សំរាមនឹងកាន់តែថយ ហើយផ្នត់គំនិតនៃការចូលរួមដោះស្រាយបញ្ហាសំរាម នឹងកើតមានគ្រប់ទីកន្លែង។ 
 
ជុំវិញការគ្រប់គ្រងសំរាម នៅក្រុងបាត់ដំបង លោក សឿន ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង ក៏បានទទួលស្គាល់ថា សិប្បកម្មរបស់លោក នាង ច័ន្ទថារ៉ា, អង្គការ COMPED និង អង្គការ OEOO ជាផ្នែកដ៏ធំមួយ ក្នុងការរួមចំណែកដោះស្រាយ បញ្ហាកាកសំណល់នៅក្រុងបាត់ដំបង។ ក្រៅពីនេះ ក៏មានគម្រោងជាច្រើនទៀត របស់ ADB និង World Bank ដែលជួយ តាមរយៈរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជួយផ្សព្វផ្សាយ អំពីការគ្រប់គ្រងសំរាម។ 
 
លោក សឿន ប៊ុនរិទ្ធិ ថាកត្តារួមផ្សំទាំងនេះទើបធ្វើឲ្យពលរដ្ឋមានការយល់ដឹង អំពីការគ្រប់គ្រងសំរាម បានច្រើនជាងមុន។ ហើយដ៏សំខាន់មួយទៀត គឺអាជ្ញាធរខេត្ត បានសហការជាមួយអង្គការ ស្ថាប័ន និងសិប្បកម្ម ដែលជួយកាត់បន្ថយកាកសំណល់បានល្អយ៉ាងល្អ ទើបក្រុងបាត់ដំបង ក្លាយជាទីក្រុងគំរូ ដែលទទួលស្គាលដោយ UNDP។ អភិបាលរងខេត្តបាត់ដំបងរូបនេះថ្លែងដូច្នេះថា៖ «ក្រៅពីទទួលស្គាល់បាត់ដំបង ជាក្រុងគំរូលើការគ្រប់គ្រងសំរាមប៉ុណ្ណោះទេ UNDP គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកែប ក៏បានចុះសិក្សា ពីការគ្រប់គ្រងសំណង់ និងការកែច្នៃសំណល់ នៅបាត់ដំបងផងដែរ»៕
 
 
 

Tag:
 កែច្នៃសំរាម
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com