អន្តរជាតិ
មហាសេដ្ឋីនីទាំង១០ របស់ពិភពលោក ជានរណា?
08, Mar 2021 , 6:59 pm        
រូបភាព
លោកស្រី Francoise Bettencourt Meyers មហាសេដ្ឋីជាស្រ្តីមានជាងគេបំផុត (ខាងឆ្វេង) និងលោកស្រី Alice Walton មហាសេដ្ឋីជាស្រ្តីលំដាប់ទី២។
លោកស្រី Francoise Bettencourt Meyers មហាសេដ្ឋីជាស្រ្តីមានជាងគេបំផុត (ខាងឆ្វេង) និងលោកស្រី Alice Walton មហាសេដ្ឋីជាស្រ្តីលំដាប់ទី២។
មិនចាញ់បុរសឡើយ ស្រ្តី កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្រុមហ៊ុន ឬកាន់កាប់ភាគហ៊ុនជាច្រើន និងអាចកាន់កាប់ទ្រព្យសម្បត្តិជាច្រើនពាន់លានដុល្លារថែមទៀត។ បច្ចុប្បន្ន ស្រ្តីជាច្រើន ជាប់ឈ្មោះជាមហាសេដ្ឋីរបស់ពិភពលោក។

 
ទិន្នន័យខាងក្រោមមហាសេដ្ឋីជាស្រ្តីទាំង១០ ដែលចាត់ថ្នាក់ដោយទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី៦ ខែមីនា៖
 
១. លោកស្រី Francoise Bettencourt Meyers និងគ្រួសារ
 
លោកស្រី Francoise Bettencourt Meyers និងគ្រួសារ បានកាន់កាប់ទ្រព្យសម្បត្តិរហូតដល់ ៧៤ ពាន់លានដុល្លារ។ លោកស្រី Bettencourt Meyers ជាចៅស្រីបង្កើតរបស់ស្ថាបនិកក្រុមហ៊ុន L’Oréal លោក Eugene Schueller។ ក្រុមហ៊ុន L’Oréal ដែលជាក្រុមហ៊ុនដ៏ល្បីមួយរបស់បារាំង និងមានស្នាក់ការកណ្តាលនៅក្រុងប៉ារីសមួយនេះ រកស៊ីផលិតគ្រឿងសំអាង ផលិតផលថែរក្សាសម្រស់ ទឹកអប់ជាដើម។ 
 
២. លោកស្រី Alice Walton
 
លោកស្រី Alice Walton ជាកូនស្រីបង្កើតរបស់ស្ថាបនិក Walmart លោក Sam Walton។ បច្ចុប្បន្ន ស្រ្តីវ័យ ៧១ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិប្រមាណ ៦០ពាន់លានដុល្លារ។ ដ្បិតជាកូនស្ថាបនិក Walmart ដែលធ្វើអាជីវកម្មលើទំនិញលក់រាយ និងហាងទំនិញផ្សេងមែន ប៉ុន្តែលោកស្រី Alice Walton ចូលចិត្តខាងសិល្បៈជាង។ នៅក្នុងឆ្នាំ២០១១ មហាសេដ្ឋីរូបនេះ បានបើកសារមន្ទីរ  Crystal Bridges Museum of American Art នៅក្នុងក្រុងកំណើតរបស់ខ្លួន Bentonville ក្នុងរដ្ឋ Arkansas។
 
៣. លោកស្រី MacKenzie Scott
 
លោកស្រី MacKenzie Scott គឺជាអតីតភរិយាស្ថាបនិក Amazon លោក Jeff Bezos ដែលបានលែងលះគ្នានៅពាក់កណ្តាលឆ្នាំ២០១៩។ ជាផ្នែកមួយនៃការលែងលះ លោក Jeff Bezos បានផ្តល់ភាគហ៊ុនរបស់ខ្លួនចំនួន ២៥ភាគរយ ដែលមាននៅក្នុងក្រុមហ៊ុនAmazon ឬស្មើនឹង ៤ភាគរយនៃភាគហ៊ុនរបស់ក្រុមហ៊ុន ឱ្យលោកស្រី។ បច្ចប្បន្ន ស្រ្តីវ័យ៥០ឆ្នាំរូបនេះ បានកាន់កាប់ទ្រព្យសម្បត្តិប្រមាណ ៥២ពាន់លានដុល្លារ។ 
 
 
៤. លោកស្រី Julia Koch និងគ្រួសារ
 
លោកស្រី Julia Koch និងគ្រួសារ បានកាន់កាប់ទ្រព្យសម្បត្តិប្រមាណ ៤៦ពាន់លានដុល្លារ។ បន្ទាប់ពីមរណភាពរបស់លោក David Koch ដែលត្រូវជាស្វាមី នៅក្នុងឆ្នាំ២០១៩ លោកស្រីJulia Koch រួមទាំងកូនបីនាក់ បានទទួលមរតកចំនួន ៤២ភាគរយ នៃភាគហ៊ុននៅក្នុង Koch Industries។
 
៥. លោកស្រី Jacqueline Mars 
 
លោកស្រី Jacqueline Mars ត្រូវប៉ាន់ស្មានថា គ្រប់គ្រងភាគហ៊ុន ១ភាគ៣នៃ Mars ដែលជាក្រុមហ៊ុនផលិតស្ករគ្រាប់ធំបំផុត ដែលត្រូវបានបង្កើតដោយជីតារបស់លោកស្រី។ បច្ចុប្បន្ន ស្រ្តីវ័យ៨១ឆ្នាំរូបនេះ បានកាន់កាប់ទ្រព្យសម្បត្តិចំនួន ៣១ពាន់លានដុល្លារ។ កូនរបស់លោកស្រី  លោក Stephen Badger ជាប្រធានក្រុមប្រឹក្សាក្រុមហ៊ុន។
 
៦. លោកស្រី Yang Huiyan 
លោកស្រី Yang Huiyan និងគ្រួសារ មានទ្រព្យសម្បត្តិចំនួន ២៩,៦ពាន់លានដុល្លារក្នុងពេលបច្ចុប្បន្ន។ ពេលនេះ លោកស្រីបានកាន់កាប់ភាគហ៊ុនចំនួន ៥៧ភាគរយ នៃក្រុមហ៊ុនអចលនទ្រព្យ Country Garden Holdings។ នៅក្នុងឆ្នាំ២០០៧ ឪពុកលោកស្រី បានផ្តល់ភាគហ៊ុនមួយភាគធំឱ្យលោកស្រី។ ទន្ទឹមនេះ លោកស្រីYang Huiyan ក៏ជាសមាជិកក្រុមប្រឹក្សាក្រុមហ៊ុនផងដែរ។ 
 
៧. លោកស្រី Iris Fontbona 
លោកស្រី Iris Fontbona និងគ្រួសារ បានកាន់កាប់ទ្រព្យសម្បត្តិចំនួន ២៣,៧ពាន់លានដុល្លារ។ បន្ទាប់ពីមរណភាពរបស់លោកAndrónico Luksic ដែលត្រូវជាស្វាមី មរតកជាច្រើនពាន់លានដុល្លារ រួមទាំងក្រុមហ៊ុនផងនោះ ត្រូវបានប្រគល់ឱ្យលោកស្រី និងកូនប្រុស៣ នាក់។  ក្រុមហ៊ុន Antofagasta រកស៊ីជីករ៉ែស្ពាន់ និងធ្វើជំនួញផ្សារហ៊ុននៅក្រុមប្រទេសអង់គ្លេស។ 
 
៨. លោកស្រី Susanne Klatten 
លោកស្រីSusanne Klatten គឺជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ BMW និងមានទ្រព្យសម្បត្តិរហូតដល់ទៅ ២៨,១ពាន់លានដុល្លារ។ ស្រ្តីវ័យ ៥៨ឆ្នាំរូបនេះ បានកាន់កាប់ភាគហ៊ុនBMW ចំនួន១៩,២ភាគរយ។ 
 
៩. លោកស្រី Gina Rinehart
លោកស្រី Gina Rinehart ជាមហាសេដ្ឋីអូស្រ្តាលី ដែលកាន់កាប់ទ្រព្យសម្បត្តិចំនួន ២៤ ពាន់លានដុល្លារ។ លោកស្រី គឺជាប្រធានប្រតិបត្តិក្រុមហ៊ុន Hancock Prospecting ដែលរកស៊ីខាងរុករករ៉ែនៅក្នុងប្រទេស។
 
១០. លោកស្រី Zhong Huijuan
លោកស្រី Zhong Huijuan គឺជាមហាសេដ្ឋីជនជាតិចិន ដែលកាន់កាប់ទ្រព្យសម្បត្តិចំនួន ១៩,៧ពាន់លានដុល្លារ។ លោកស្រី គឺជាប្រធានក្រុមហ៊ុនផលិតឱសថចិន Hansoh។ ប្តីរបស់លោកស្រី Zhong Huijuan ក៏ជាមហាសេដ្ឋីចិនផងដែរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com