អន្តរជាតិ
តើស្រ្តីកំពុងដឹកនាំស្ថាប័នអន្តរជាតិណាខ្លះ?
08, Mar 2021 , 9:59 pm        
រូបភាព
ប្រធានធនាគារកណ្ដាលអឺរ៉ុប (ខាងលើឆ្វេង)_ ប្រធានគណៈកម្មការអឺរ៉ុប (កណ្ដាល)_ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (ខាងក្រោម) និងប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (ខាងស្ដាំ)
ប្រធានធនាគារកណ្ដាលអឺរ៉ុប (ខាងលើឆ្វេង)_ ប្រធានគណៈកម្មការអឺរ៉ុប (កណ្ដាល)_ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (ខាងក្រោម) និងប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (ខាងស្ដាំ)
ដោយ:
ឆ្នាំ ១៩១០ សន្និបាតអន្តរជាតិនារីដែលមានប្រទេស ១៧ ចូលរួមបានធ្វើឡើងនៅទីក្រុងកូប៉ែនហាក រដ្ឋធានីនៃប្រទេសដាណឺម៉ាក បានសម្រេចយកថ្ងៃ ៨ មីនា “ទិវានារីអន្តរជាតិ” ជាថ្ងៃមហាសាមគ្គីតស៊ូរបស់នារីពលករទូទាំងសាកលលោក ដើម្បីសិទ្ធិសេរីភាពប្រជាធិបតេយ្យ និងទាមទារឱ្យអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងនារី។



ជាង១០០ឆ្នាំ ក្រោយទិវានេះលេចចេញជារូបរាងមក ស្ថាប័នអន្តរជាតិមួយចំនួនចាប់ផ្តើមមានថ្នាក់ដឹកនាំជាស្ត្រីដំបូងបង្អស់។ ខាងក្រោមនេះ ជាស្រ្តីដែលកំពុងដឹកនាំ និងមានតួនាទីខ្ពស់នៅស្ថាប័នអន្តរជាតិនានា៖
 
អគ្គនាយិកាអង្គការពាណិជ្ជកម្មអន្តរជាតិ (WTO)លោកស្រី Ngozi Okonjo-Iweal
លោកស្រី Okonjo-Iweal សញ្ជាតិនីហ្សេរីយ៉ាកាន់តំណែងជាអគ្គនាយិកាអង្គការពាណិជ្ជកម្មអន្តរជាតិនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។លោកស្រីគឺជាស្ត្រីដំបូង និងជាជនជាតិអាហ្វ្រិកទីមួយដែលគ្រប់គ្រងស្ថាប័នពាណិជ្ជកម្មអន្តរជាតិមួយនេះ។ លោកស្រីចាប់ផ្តើមការងារដំបូងក្នុងរដ្ឋាភិបាលនីហ្សេរីយ៉ា រហូតកាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុពីឆ្នាំ២០០៣ ដល់២០០៦ និងពីឆ្នាំ២០១១ ដល់ពី២០១៥។ 
 
ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) លោកស្រី Christine Lagarde
លោកស្រី Christine Lagarde សញ្ញាតិបារាំងកាន់តំណែងជាប្រធានធគារកណ្តាលអឺរ៉ុបចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។ ធនាគារកណ្តាលអឺរ៉ុបជាស្ថាប័នមួយរបស់សហភាពអឺរ៉ុប (EU)ដែលទទួលបន្ទុកលើបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃបណ្តាប្រទេសចាយរូបិយវត្ថុរួមអឺរ៉ូ។ក្នុងឆ្នាំ២០១១ លោកស្រីត្រូវបានជាប់ឆ្នោតជាអគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)ពីឆ្នាំ២០១១ ដល់២០១៩។ លោកស្រី Lagarde ជាថ្នាក់ដឹកនាំស្ត្រីដំបូងបង្អស់នៃ ECB និង IMF ។
 
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) លោកស្រី Michelle Bachelet 
លោកស្រីMichelle Bachelet សញ្ញាតិអាហ្សង់ទីនទទួលតំណែងជាឧត្តមស្នងការសិទ្ធិមនុស្សក្នុងឆ្នាំ២០១៨។ មុនកាន់តំណែងក្នុងស្ថាប័ននេះ លោកស្រីធ្លាប់បានបម្រើការងារនៅអង្គការសុខភាពពិភពលោក(WHO) និងអង្គការពលកម្មអន្តរជាតិ(ILO)។ លោកស្រីកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិអាហ្សង់ទីន និងសុខាភិបាលពីឆ្នាំ២០០២ ដល់២០០៤។ លោកស្រីជាប់ឆ្នោតជាប្រធានាធិបតីអាហ្សង់ទីនស្ត្រីដំបូងបង្អស់ក្នុងឆ្នាំ២០០៦ ដល់២០១០ និងពីឆ្នាំ២០១៤ ដល់២០១៨។
 
អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) លោកស្រី Kristalina Georgieva 
លោកស្រី Georgieva សញ្ជាតិប៊ុលហ្ការីគ្រប់គ្រង IMF ចាប់ពីខែតុលាឆ្នាំ២០១៩។ មុនកាន់តំណែងនេះ លោកស្រីជានាយកប្រតិបត្តិនៃធនាគារពិភពលោកពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩។ មុនកាន់តំណែងនៅធនាគារពិភពលោក លោកស្រីGeorgeiva ជាអនុប្រធានគណៈកម្មធិការអឺរ៉ុបទទួលបន្ទុកថវិកា និងធនធានមនុស្សពីឆ្នាំ២០១៤ ដល់២០១៦។ លោកស្រីចាប់ផ្តើមការងារក្នុងឆាកអន្តរជាតិចាប់ពីឆ្នាំ១៩៩៣មក នៅធនាគារពិភពលោកដោយមាននាទីជាអ្នកសេដ្ឋកិច្ចផ្នែកបរិស្ថាន លោកស្រីទទួលបានតំណែងជាអនុប្រធានធនាគារពិភពលោកក្នុងឆ្នាំ២០០៨។
 
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen
លោកស្រី von der Leyen សញ្ញាតិអាល្លឺម៉ង់ ទទួលតំណែងជាប្រធានគណៈកម្មធិការអឺរ៉ុបនាខែវិច្ឆិកា ឆ្នាំ២០១៩។ ប្រធានគណៈកម្មការអឺរ៉ុប ជាតំណែងខ្ពស់បំផុតក្នុងសហភាពអឺរ៉ុប និងតំណាងស្ថាប័នមួយនេះក្នុងកិច្ចប្រជុំនានាជាមួយប្រទេសជាសមាជិក ក៏ដូចជាប្រទេសមិនមែនជាសមាជិកផងដែរ។ មុនកាន់តំណែងនេះ លោកស្រីបំពេញការងារជាតំណាងរាស្ត្រនៃបក្សកាន់អំណាចCDU និងជារដ្ឋមន្ត្រីសហព័ន្ធអាល្លឺម៉ង់។ លោកស្រីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងគ្រួសារ មនុស្សវ័យចំណាស់ ស្ត្រី និងយុវជនពីឆ្នាំ២០០៣ ដល់២០០៥ រដ្ឋមន្ត្រីក្រសួងការងារនិងសង្គមកិច្ចពីឆ្នាំ២០០៩ ដល់២០១៣ និងរដ្ឋមន្ត្រីការពារជាតិពីឆ្នាំ២០១៣ ដល់២០១៩។ លោកស្រីបម្រើការងារជាវេជ្ជបណ្ឌិតជំនាញផ្នែកសុខភាពស្ត្រី មុនប្រឡូកចូលឆាកនយោបាយ។ លោកស្រីជាស្ត្រីដំបូងបង្អស់ដែលកាន់តំណែងកំពូលនៃសហភាពអឺរ៉ុប។
 
អគ្គរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោកស្រី Fatou Bensouda 
លោកស្រី Bensouda សញ្ជាតិហ្កំប៊ីត្រូវបានរដ្ឋសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិជ្រើសតាំងជាឯកច្ឆ័នឱ្យកាន់តំណែងជាអគ្គរដ្ឋាអាជ្ញានៃតុលាការនេះពីឆ្នាំ២០១២ ដល់ខែមិថុនាឆ្នាំ២០២១។ លោកស្រីកាន់តំណែងជាអគ្គរដ្ឋអាជ្ញារងពីឆ្នាំ២០០៤ ដល់២០០១២។ លោកស្រីជាបុគ្គលទីពីរដែលកាន់តំណែងអគ្គរដ្ឋអាជ្ញា ក៏ដូចជាស្ត្រីដំបូងបំផុតដែលកាន់តំណែងនេះចាប់តាំងពីតុលាការចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ២០០២មក។ មុនចូល ICC លោកស្រីជាមេធាវីនៅតុលាការព្រហ្មទណ្ឌអន្តរជាតិរវ៉ាន់ដា។ នៅហ្គំប៊ីវិញ លោកស្រីកាន់តំណែងជាអគ្គរដ្ឋអាជ្ញា និងទីប្រឹក្សាច្បាប់នៃរដ្ឋភិបាលហ្គំប៊ីនៅឆ្នាំ១៩៩៦ និងកាន់តំណែងជារដ្ឋមន្ត្រីយុត្តិធម៌ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០០។
 
បន្ថែមពីលើស្ថាប័នចំនួនខា៦ងលើ ទីភ្នាក់ងារ កម្មវិធី មូលនិធិ និងការិយាល័យអង្គការសហប្រជាជាតិចំនួន១០ ផ្សេងទៀតក៏ដឹកនាំដោយស្ត្រីផងដែរ។ ថ្នាក់ដឹកនាំស្ត្រីនៃស្ថាប័នអន្តរជាតិចម្បងៗទាំងនោះរួមមាន៖
លោកស្រីAudrey Azoulyសញ្ញាតិបារាំង អគ្គនាយិកាអង្គការយូណេស្កូ (UNESCO)
លោកស្រីHenrietta Foreសញ្ជាតិអាមេរិក អគ្គនាយិកាអង្គការយូនីសេហ្វ (UNICEF) 
លោកស្រី Fang Liu សញ្ជាតិចិន អគ្គលខាធិការអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)
លោកស្រី Natalia Kanem សញ្ជាតិប៉ាណាម៉ា អគ្គនាយិកាមូលនិធិសហប្រជាជាតិសំរាប់ប្រជាជន (UNFPA) 
លោកស្រី Ghada Fathi Walyសញ្ញាតិអេហ្ស៊ីប អគ្គនាយិកាការិយាល័យអង្គការសហប្រជាជាតិស្ដីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) 
លោកស្រី Grete Faremo សញ្ជាតិន័រវេស អគ្គនាយិកាការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) 
លោកស្រី Isabelle Durant សញ្ជាតិបែលហ្ស៊ិក អគ្គនាយិកាស្តីទីសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍(UNCTAD)
លោកស្រី Maimunah Mohd Sharif សញ្ជាតិម៉ាឡេស៊ី អគ្គនាយិកាកម្មវិធីសហប្រជាជាតិផ្នែកទីជម្រក (UN-Habitat)
លោកស្រី Phumzile Mlambo-Ngcukaសញ្ជាតិអាហ្វ្រិកខាងត្បូង អគ្គនាយិកាកម្មវិធីអង្គការសហប្រជាជាតិដើម្បីស្ត្រី (UN Women) 
លោកស្រីលោកស្រី Inger Andersenសញ្ជាតិដាណឺម៉ាក អគ្គនាយិកាកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (UNEP)៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com