COVID-19
អន្តរជាតិ
មនុស្ស៨នាក់ស្លាប់ក្រោយចាក់ AstraZeneca, កូរ៉េខាងត្បូងថា មិនទាក់ទងគ្នាឡើយ
08, Mar 2021 , 10:59 pm        
រូបភាព
ដោយ:
អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បញ្ជាក់ថា ខ្លួនរកពុំឃើញការពាក់ព័ន្ធនៃការស្លាប់របស់មនុស្ស៨នាក់ដែលត្រូវបានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ឡើយ។ កូរ៉េខាងត្បូង ចាប់ផ្តើមផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅចុងខែកុម្ភៈ។

 
មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង banស៊ើបអង្កេតលើករណីស្លាប់របស់មនុស្សចំនួន៨ ដែលមានជំងឺប្រចាំកាយ ក្រោយត្រូវបានវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ។ មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងអះអាងថា ខ្លួនរកមិនឃើញភស្តុតាងដែលបង្ហាញថាវ៉ាក់សាំងបណ្តាលឱ្យមនុស្សទាំងនោះស្លាប់ឡើយ។
 
«យើងសន្និដ្ឋានជាបណ្តោះអាសន្នថា វាជាការលំបាកក្នុងការបង្ហាញការពាក់ព័ន្ធនៃប្រតិកម្មក្រោយទទួលបានវ៉ាក់សាំង ទៅនឹងមរណភាពទាំងនោះឡើយ»។ នេះជាការលើកឡើងរបស់លោកស្រី Jeong Eun-kyeong ប្រធានទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េ (KCDA)នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៨ ខែមីនា។
 
បើតាមទីភ្នាក់ងារព័ត៌មាន Yonhap មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង ក៏សន្និដ្ឋានដែរថា ករណីស្លាប់ទាំង៨នាក់ ទំនងបណ្ដាលមកពីជំងឺប្រចាំកាយរបស់ពួកគេ។ អ្នកស្លាប់ទាំង៨នាក់ សុទ្ធសឹងជាអ្នកជំងឺស្ថិតក្នុងការថែទាំងរយៈពេលវែងដោយសារជំងឺក្នុងខ្លួនដូចជាជំងឺបេះដូង ឬជំងឺទឹកនោមផ្អែមជាដើម។ 
 
កូរ៉េខាងត្បូងចាប់ផ្តើមផ្តល់វ៉ាក់សាំងដល់មនុស្សចាស់ និងអ្នកបម្រើការងារនៅកន្លែងថែទាំមនុស្សចាស់កាលពីចុងខែកុម្ភៈ។ គិតត្រឹមថ្ងៃទី៧ ខែមីនា មានមនុស្សចំនួន៣១៦,៨៦៥នាក់ បានទទួលវ៉ាក់សាំង។ វ៉ាក់សាំង AstraZeneca ត្រូវបានអង្គការសុខភាពពិភពលោក(WHO) បញ្ជូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់កាលពីថ្ងៃទី១៥ ខែកុម្ភៈ។
 
ក្រៅពីកូរ៉េខាងត្បូង អាជ្ញាធរសុខាភិបាលនៃប្រទេសអឺរ៉ុបមួយចំនួនដូចជាអាល្លឺម៉ង់ អេស្ប៉ាញ ន័រវេស និងបែលហ្ស៊ិកក៏រកមិនឃើញភស្តុតាងអ្វីដែលបង្ហាញថាវ៉ាក់សាំងជាមូលហេតុផ្ទាល់ និងចម្បងដែលបណ្តាលឱ្យមានករណីស្លាប់ក្រោយទទួលវ៉ាក់សាំង។ ករណីស្លាប់នៅប្រទេសទាំងនោះភាគច្រើនបណ្តាលមកពីជំងឺផ្ទាល់ខ្លួនធ្ងន់ធ្ងរដែលកើតមានមុនទទួលវ៉ាក់សាំង និងមានជំងឺឆ្លងឯទៀត៕
 
 

Tag:
 កូវីដ-១៩
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com