អន្តរជាតិ
តើលោកស្រី អ៊ុងសាន ស៊ូជី មានដំណើរជីវិតបែបណាក្នុងឆាកនយោបាយមីយ៉ាន់ម៉ា?
09, Mar 2021 , 9:40 am        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី គឺជាអ្នកនយោបាយល្បីល្បាញមួយរូប ដែលត្រូវបានគេស្គាល់ទាំងនៅក្នុងប្រទេស និងឆាកអន្តរជាតិ ដោយសារតែការប្តេជ្ញាប្រឆាំងនឹងរបបសឹកមីយ៉ាន់ម់ា។ មុនកាន់កាប់រដ្ឋាភិបាល ក្នុងឆ្នាំ២០១៦ ប្រជាប្រិយភាពរបស់លោកស្រីស៊ូជីបានឡើងខ្ពស់ណាស់ និងទទួលបានពានរង្វាន់ជាច្រើន។ យ៉ាងណាមិញ បន្ទាប់ពីក្លាយជាទីប្រឹក្សារដ្ឋ កេរ្តិ៍ឈ្មោះលោកស្រីបានថមថយយ៉ាងខ្លាំង ដោយសារតែវិបត្តិរ៉ូហ៊ីងយ៉ា និងការប្តឹងមីយ៉ាន់ម៉ាទៅតុលាការអន្តរជាតិពីសំណាក់ប្រទេសហ្កំប៊ី។ រហូតដល់ដើមខែកុម្ភៈ ក្រុមយោធា បានបង្កការភ្ញាក់ផ្អើលជាថ្មី ដោយបានចាប់ឃុំលោកស្រីស៊ូជី នៅក្នុងផ្ទះជាថ្មី។

 
លោកស្រី អ៊ុងសាន ស៊ូជី គឺជាកូនរបស់លោក អ៊ុងសាន ដែលជាមេដឹកនាំបដិវត្តទាមទារឯករាជ្យភូមា ពីអង់គ្លេស និងត្រូវបានសម្លាប់នៅក្នុងឆ្នាំ១៩៤៧។ លោកស្រីស៊ូជី បានចាប់កំណើតនៅក្នុងឆ្នាំ ១៩៤៥ ក្នុងទីក្រុងយ្គាំងហ្គោន។ ដ្បិតជាក្មេងកំព្រាឪពុកតាំងពីអាយុពីរឆ្នាំមែន លោកស្រីស៊ូជី បានចំណាយពេលភាគច្រើននៅក្រៅប្រទេស ដោយសារមានម្តាយ លោកស្រី Khin Kyi ជាអគ្គរដ្ឋទូតរបស់ភូមា។ 


 
ក្នុងឆ្នាំ ១៩៦០ លោកស្រីស៊ូជី បានចូលរៀននៅវិទ្យាល័យមួយឥណ្ឌា ដោយសារម្តាយជាអគ្គរដ្ឋទូតនៅទីនោះ។ បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យ កូនស្រីរបស់លោកអ៊ុងសានរូបនេះ បានបន្តសិក្សានៅសកលវិទ្យាល័យ Oxford ដោយចាប់យកជំនាញសេដ្ឋកិច្ច នយោបាយ និងទស្សនៈវិទ្យា និងបានទទួលបរិញ្ញាបត្រនៅក្នុងឆ្នាំ១៩៦៧។ ក្នុងអំឡុងឆ្នាំនោះ លោកស្រីក៏បានជួបលោក Michael Aris ដែលជាអ្នកជំនាញជនជាតិអង់គ្លេស ហើយអ្នកទាំងពីរបានរៀបអាពាហ៍ពិពាហ៍នៅក្នុងឆ្នាំ១៩៧២។ ក្រោយមកគ្រួសារមួយនេះ មានកូនប្រុសពីរនាក់ ដែលមានឈ្មោះថា Alexander Aris និង Dannian Kim Arundel Aris។ 
 
បន្ទាប់ពីរៀបការរួច គ្រួសាររបស់លោកស្រីស៊ូជីបានចំណាយពេលក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និង ១៩៨០ នៅអង់គ្លេស អាមេរិក និងឥណ្ឌា។ ក្នុងឆ្នាំ១៩៨៨ លោកស្រីស៊ូជី បានត្រលប់មកមាតុប្រទេសវិញ ដើម្បីមើលថែម្តាយឈឺ ស្របពេលប្រជាជនមីយ៉ាន់ម៉ា កំពុងធ្វើបាតុកម្មប្រឆាំងនឹងរបបសឹកដែលដឹកនាំដោយលោក Ne Win ដែលបានធ្វើរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាលU Nu តាំងពីឆ្នាំ១៩៦២។ បាតុកម្មកាលនោះ កើតឡើងដោយសារលោក Ne Win លុបចោលក្រដាសប្រាក់មួយចំនួនរបស់មីយ៉ាន់ម៉ា។ 


 
ឥទ្ធិពលរបស់ស៊ូជីក្នុងនយោបាយមីយ៉ាន់ម៉ា បានកើនឡើងជាបន្តបន្ទាប់នៅក្នុងក្រុមបាតុករ។ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៨៨ (៨៨៨៨) ប្រជាជនមីយ៉ាន់ម៉ា ជាច្រើនម៉ឺននាក់ ដែលចេញមកពីគ្រប់ស្រទាប់វណ្ណៈ បានចេញមកបាតុកម្មប្រឆាំងនឹងក្រុមយោធា។ ក្នុងថ្ងៃទី២៤ ខែសីហា លោកស្រីស៊ូជី បានថ្លែងសុន្ទរកថាជាសាធារណៈលើកដំបូងនៅមុខប្រជាជនជាច្រើនម៉ឺននាក់ ក្នុងទីក្រុងយ៉ាំងហ្គោន ដោយលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ នៅពាក់កណ្តាលខែកញ្ញា រដ្ឋាភិបាលយោធា បានចាប់ផ្តើមបង្រ្កាបលើក្រុមបាតុករយ៉ាងសាហាវឃោរឃៅ ដែលបង្កឱ្យមានមនុស្សស្លាប់ជាច្រើនពាន់នាក់នៅក្នុងប្រទេស។ ក្នុងឆ្នាំឆ្នាំ១៩៨៩ ក្រុមយោធា បានដាក់ឃុំស្រ្តីរូបនេះក្នុងផ្ទះ។ ក្នុងឆ្នាំដដែលនេះ របបសឹកភូមា ក៏បានប្តូរឈ្មោះរដ្ឋាភិបាលភូមា ទៅជាសហភាពមីយ៉ាន់ម៉ាផងដែរ។
 


រូបភាព៖ (ពីស្តាំទៅឆ្វេង) លោកMichael Aris ស្វាមីលោកស្រី ស៊ូជី, លោក Kim កូនប្រុសលោកស្រីស៊ូជី, លោក Alexander កូនប្រុសច្បងលោកស្រីស៊ូជី មកទទួលពានរង្វាន់សន្តិភាពជំនួសលោកស្រីស៊ូជី ក្នុងឆ្នាំ១៩៩១។ រូបភាព៖ NTB Scapix
ក្នុងឆ្នាំ១៩៩១ ស៊ូជី បានឈ្នះពានរង្វាន់សន្តិភាព។ ដោយសារកំពុងជាប់ឃុំនៅក្នុងផ្ទះ ស៊ូជី មិនអាចទៅទទួលពាននោះឡើយ ដោយកូនប្រុសច្បង លោក Alexander Aris ជាអ្នកទៅទទួលជំនួស។ ចាប់តាំងពីជាប់ឃុំនៅក្នុងផ្ទះ លោកស្រីស៊ូជី ត្រូវបានដោះលែង និងដាក់ជាប់ឃុំក្នុងផ្ទះជាច្រើនលើក ច្រើនសារហូតដល់ឆ្នាំ២០១០។ លោកស្រីស៊ូជី ត្រូវបានដោះលែងនៅក្នុងឆ្នាំ១៩៩៥ និងជាប់ឃុំជាថ្មីក្នុងឆ្នាំ២០០០ ហើយនៅក្នុងឆ្នាំ២០០២ រដ្ឋាភិបាលយោធា បានដោះលែងជាថ្មី។ នៅក្នុងឆ្នាំ២០០៣ បន្ទាប់ពីមានការប៉ះទង្គិចរបស់ក្រុមបាតុករគាំទ្ររដ្ឋាភិបាលយោធា ជាមួយបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ស៊ូជីត្រូវបានជាប់ឃុំក្នុងផ្ទះជាថ្មី ហើយក្រោយមករបបសឹក បានចោទប្រកាន់ជាបន្តបន្ទាប់រហូតដល់មានការដោះលែងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១០ ដោយសារផុតកំណត់នៃការជាប់ឃុំលើបទចោទ។ 
 
ក្នុងឆ្នាំ២០១០ នោះផងដែរ របបសឹក បានរៀបចំការបោះឆ្នោតថ្នាក់ជាតិជាថ្មី ដោយមិនមានវត្តមានរបស់បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យឡើយ ព្រោះលោកស្រីស៊ូជី កំពុងជាប់ឃុំ។ កាលនោះ គណបក្សសហភាពបង្រួបបង្រួម និងអភិវឌ្ឍន៍ បានឈ្នះអាសនៈនៅក្នុងសភាយ៉ាងលើសលុប។ 
 
ក្នុងឆ្នាំ២០១១ បក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ បានប្រកាសចូលរួមការបោះឆ្នោតវិញ។ មួយឆ្នាំបន្ទាប់លោកស្រីស៊ូជី ឈរឈ្មោះបោះឆ្នោតជាសមាជិកសភានៅអាណត្តិក្រោយផងដែរ។ ក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៥ បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបានឈ្នះសម្លេងភាគច្រើននៅក្នុងសភា។ ដ្បិតជាបក្សឈ្នះឆ្នោតក្នុងឆ្នាំ២០១៥ពិតមែន ប៉ុន្តែលោកស្រីស៊ូជី មិនអាចឈរឈ្មោះជាប្រធានាធិបតីបានទេ ដោយសាររដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ដែលព្រាងដោយក្រុមយោធា បានហាមឃាត់អ្នកមានប្តី ឬកូនកាន់សញ្ជាតិបរទេស ក្លាយជាប្រធានាធិបតី។ ក្នុងឆ្នាំ២០១៦ សភា បានជ្រើសលោកHtin Kyaw ជាប្រធានាធិបតីមីយ៉ាន់ម៉ា។ ក្នុងខែមេសា ឆ្នាំនោះ ស៊ូជី បានកាន់តំណែងជាទីប្រឹក្សារដ្ឋ ដែលមានអាណត្តិស្មើនឹងប្រធានាធិបតីដែរ។ 


 
យ៉ាងណាមិញ ក្នុងអំឡុងពេលកាន់អំណាចកេរ្ត៍ឈ្មោះលោកស្រី ស៊ូជី បានធ្លាក់ចុះជាលំដាប់ដោយសារ វិបត្តិរ៉ូហ៊ីងយ៉ា។ ដោយសារតែបញ្ហានេះ លោកស្រីស៊ូជី ត្រូវបានដកពានរង្វាន់ជាច្រើន ក្នុងនោះរួមទាំងរង្វាន់សិទ្ធិមនុស្សពីអង្គការលើកលែងទោសអន្តរជាតិផងដែរ។ លើសពីនេះ នៅចុងឆ្នាំ២០១៩ លោកស្រីបានការពារក្តីនៅអង្គការយុត្តិធម៌អន្តរជាតិថែមទៀត ដោយកាលនោះប្រទេសហ្កំប៊ី ដែលមានគាំទ្រពីប្រទេសផ្សេងទៀត បានដាក់ពាក្យបណ្តឹងជុំវិញបញ្ហាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ 
 
នៅដើមខែកុម្ភៈ ឆ្នាំ២០២១ ក្រុមយោធាមីយ៉ាន់ម៉ា បានប្រើសន្លឹកបៀរចាស់ ដោយចាប់ឃុំលោកស្រីស៊ូជីជាថ្មីម្តងទៀត។ ក្រុមយោធា បានធ្វើរដ្ឋប្រហារជាថ្មី និងប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល ១ឆ្នាំ ដោយសំអាងថា ការបោះឆ្នោតក្នុងខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ មានភាពមិនប្រក្រតី។ បន្ទាប់ពីរដ្ឋប្រហារ លោកស្រីស៊ូជីត្រូវរងបទចោទចំនួន៤ រួមមាន ការនាំចូលវិទ្យុ និងឧបករណ៍ទំនាក់ទំនងខុសច្បាប់, បំពានបម្រាមកូវីដ-១៩ និងបទល្មើសពីរទៀតមានចែកក្នុងក្រមព្រហ្មទណ្ឌ និងច្បាប់ទូរគមនាគមន៍។ ប្រសិនគ្មានការប្រែប្រួលទេ លោកស្រីស៊ូជី ត្រូវចូលរួមក្នុងសវនាការបន្ទាប់នៅថ្ងៃទី១៥ ខែមីនាខាងមុខ។ 
 
ពេលនេះ បាតុកម្មកើតមានស្ទើរតែទូទាំងប្រទេស ដើម្បីទាមទារឱ្យរបបសឹកបង្កើតរដ្ឋាភិបាលស៊ីវិលឡើងវិញ និងដោះលែងអ្នកជាប់ឃុំទាំងអស់។ មកទល់ពេលនេះ បាតុករច្រើនជាង ៥០នាក់ត្រូវសម្លាប់ និងមនុស្សប្រមាន ១៧០០ ត្រូវបានចាប់ខ្លួន៕ 
 
ប្រភព
 

Tag:
 អ៊ុងសាន ស៊ូជី
© រក្សាសិទ្ធិដោយ thmeythmey.com