អន្តរជាតិ
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបិទសារព័ត៌មានក្នុងស្រុក៥ និងចាត់វិធានការកាន់តែខ្លាំងលើបាតុករ
09, Mar 2021 , 11:59 am        
រូបភាព
អ្នកសារព័ត៌មានមីយ៉ាន់ម៉ានាពេលកន្លងមក។ រូបថត AFP
អ្នកសារព័ត៌មានមីយ៉ាន់ម៉ានាពេលកន្លងមក។ រូបថត AFP
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី៨ ខែមីនា បានដកអាជ្ញាប័ណ្ណពីសារព័ត៌មានក្នុងស្រុកចំនួន៥ ដែលតែងផ្សាយពីការតវ៉ាប្រឆាំងរបបយោធា។ នេះជាលើកដំបូងដែលក្រុមយោធាចាត់វិធានការលើប្រព័ន្ធផ្សព្វផ្សាយក្រោយការគំរាមពីមេដឹកនាំយោធាមក។ ទន្ទឹមនេះ រដ្ឋាភិបាលយោធា ក៏បានចាត់វិធានការកាន់តែខ្លាំងឡើងៗលើក្រុមបាតុករមីយ៉ាន់ម៉ាផងដែរ ខណៈពេលប្រេសិតមីយ៉ាន់ម៉ានៅក្រៅប្រទេសម្តងមួយៗ បានចេញមកប្រឆាំងនឹងរដ្ឋប្រហារក្នុងស្រុក។


នៅពេលកន្លងទៅ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង ព្រមានបិទស្ថាប័នសារព័ត៌មានក្នុងស្រុកទាំងអស់ ប្រសិនបើហ៊ានហៅរដ្ឋាភិបាលមីយ៉ាន់ម៉ា ថារដ្ឋាភិបាលយោធា ឬ របបសឹក។ បន្ទាប់ពីការព្រមាននេះ ក្រុមយោធា បានបិទស្ថាប័នសារព័ត៌មានក្នុងស្រុកចំនួន៥ ដោយមិនបញ្ជាក់ហេតុផលនៅថ្ងៃទី៨ ខែមីនា។ 
 
«ក្រុមហ៊ុនសារព័ត៌មានទាំងនោះ មិនត្រូវអនុញ្ញាតឱ្យផ្សព្វផ្សាយ ឬសរសេរ ឬផ្តល់ព័ត៌មាន ដោយប្រើប្រាស់ព័ត៌មានប្រភេទណាមួយ ឬប្រើប្រាស់បច្ចេកទេសព័ត៌មានណាមួយឡើយ»។ របបសឹកមីយ៉ាន់ម៉ា បានលើកឡើងបែបនេះនៅក្នុងទូរទស្សន៍រដ្ឋ MRTV ។ សារព័ត៌មានទាំង៥មានដូចជា Mizzima, DVB, Khit Thit Media, Myanmar Now និង 7Day News។ 
 
វាគ្មានអ្វីត្រូវចម្លែកឡើយ ព្រោះចាប់តាំងពីមានបាតុកម្មក្រោយរដ្ឋប្រហារយោធាមក សារព័ត៌មានទាំង៥ តែងតែផ្សព្វផ្សាយពីការតវ៉ារបស់ក្រុមបាតុករ និងផ្សាយផ្ទាល់ពីទិដ្ឋភាពនៃបាតុកម្មជាដើម។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP មុនប្រកាសបិទនៅថ្ងៃទី៨ ខែមីនា អាជ្ញាធរមីយ៉ាន់ម៉ា បានចុះទៅឆែកឆេរការិយាល័យសារព័ត៌មានទាំងនោះ។ របបសឹក ក៏បានចាប់ឃុំអ្នកសារព័ត៌មានជាច្រើនរូប ហើយថែមទាំងចោទប្រកាន់អ្នកកាសែតមួយចំនួនផងដែរ។
 
ក្នុងថ្ងៃបិទសារព័ត៌មានខាងលើ របបសឹក ក៏បានបង្កើនការបង្រ្កាបលើក្រុមបាតុករមីយ៉ាន់ម៉ាដែរ។ បាតុករយ៉ាងហោចណាស់ ៣នាក់បានស្លាប់ ក្នុងការបង្រ្កាបបាតុកម្មថ្ងៃទី៨ ខែមីនា។ ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលមិនបានបកស្រាយឡើយ ប៉ុន្តែនៅពេលកន្លងទៅ ទូរទស្សន៍រដ្ឋ MRTV ផ្សាយថា រដ្ឋាភិបាល គឺអស់ភាពអត់ធ្មត់ហើយក្នុងការបញ្ឈប់បាតុកម្មដោយប្រើធម៌ត្រជាក់។ ចាប់តាំងពីរដ្ឋប្រហារមក បាតុករជិត ៦០នាក់ហើយ បានបាត់បង់ជីវិត។ 
 
ស្របពេលក្រុមយោធាចាត់វិធានការកាន់តែខ្លាំងមុន ប្រេសិតមីយ៉ាន់ម៉ាម្តងមួយៗ បានចាប់ផ្តើមក្រោកតវ៉ាប្រឆាំងនឹងរបបសឹក និងរដ្ឋប្រហារយោធា។ បន្ទាប់ពីតំណាងអចិន្រ្តៃយ៍មីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិ ពេលនេះអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅចក្រភពអង់គ្លេស ក៏បានក្រោកតវ៉ាដែរ។ ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Kyaw Zwar Minn បានអំពាវនាវឱដោះលែងលោកស្រី អ៊ុងសាន ស៊ូជី, លោក Win Myint និងអ្នកជាប់ឃុំផ្សេងទៀត។ លើសពីនេះ លោក ក៏ជំរុញឱ្យមានការចរចារវាងភាគីពាក់ព័ន្ធនៅក្នុងប្រទេសផងដែរ។ ការទាមទារនេះ បានទទួលការសរសើរយ៉ាងខ្លាំងពីសំណាក់រដ្ឋមន្រ្តីការបរទេសអង់គ្លេស។ 
 
ចំណែក អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា លោក Tom Andrew បានអះអាងថា លោកបានទទួលរបាយការណ៍មួយចំនួន ដែលប៉ូលិសមីយ៉ាន់ម៉ា បានបិទផ្លូវចំនួន៤ នៅក្នុងខណ្ឌ Sanchaung ក្នុងក្រុងយ៉ាំងហ្គោន ដោយបង្ខាំងក្រុមបាតុករចំនួន ២០០នាក់។ អ្នករាយការណ៍ពិសេស បានទាមទារឱ្យការដោះលែងអ្នកទាំងនោះ៕
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com