កីឡាអន្តរជាតិ
អន្តរជាតិ
Klopp៖ ចាញ់ក្នុងដី៦លើកជាប់គ្នា ជាវេលាដ៏អាក្រក់បំផុតក្នុងអាជីព២០ឆ្នាំមកនេះ
09, Mar 2021 , 2:13 pm        
រូបភាព
លោក Jurgen Klopp សារភាពថា Liverpool ចាញ់ក្នុងដី៦ប្រកួតជាប់ៗគ្នា ជាការដឹកនាំដ៏អន់និងស្ថិតក្នុងស្ថានភាពអាក្រក់បំផុតក្នុងអាជីពជាអ្នកចាត់ការទូទៅរយៈពេល២០ឆ្នាំ របស់ខ្លួន។ Klopp អះអាងដូច្នេះ បន្ទាប់ពីហង្សក្រហមចាញ់ក្រុមបាតតារាង Fulham ១-០ នៅ Anfield។


Fulham បានក្លាយជាក្រុមចុងក្រោយដែលបានផ្តល់មេរៀនឈឺចាប់សម្រាប់ក្រុមការពារតំណែងជើងឯកនាជំនួបលីគកំពូលអង់គ្លេសសប្តាហ៍ទី២៨ នៅរាត្រីថ្ងៃទី៧ ខែមីនា។ តាមរយៈលទ្ធផល ១-០ នេះ បានជួយក្រុមលោក Scott Parker មានឱកាសកាន់តែច្រើនក្នុងការប្រជែងដើម្បីគេចផុតពីតំបន់ត្រូវកាត់ចោល។
 
Liverpool ដែលបានឈ្នះជើងឯក Premier League រដូវកាលមុន ដោយមានពិន្ទុនាំមុខដាច់ដល់ទៅ១៨ពិន្ទុ បានរក្សាកំណត់ត្រាមិនចាញ់សោះនៅ Anfield ដល់ទៅ ៦៨ប្រកួតក្រោមការដឹកនាំរបស់លោក Klopp។ ប៉ុន្តែសម្រាប់រដូវកាលនេះ មិនត្រឹមតែមិនរក្សាកំណត់ត្រាបាន ហើមថែមទាំងបរាជ័យនៅដីខ្លួនឯងដល់ទៅ៦លើកជាប់ៗគ្នាទៀតផង។
 
«ខ្ញុំមិនចាំបាច់មានកំណត់ត្រាដ៏ល្អបំផុតទៀតនោះទេ។ នេះជាស្ថានភាពដ៏លំបាក និងការដឹកនាំដ៏អន់បំផុតក្នុងអាជីពអ្នកចាត់ការរបស់ខ្ញុំក្នុងរយៈពេល២០ឆ្នាំ»។ Klopp ប្រាប់អ្នកសារព័ត៌មានដូច្នេះបន្ទាប់ពីចាញ់ Fulham។
 
មូលហេតុដែល Liverpool ធ្លាក់ទម្រង់លេងយ៉ាងខ្លាំងបែបនេះ ត្រូវបានគេមើលឃើញថា ដោយសារកីឡាករសំខាន់ៗរងរបួសច្រើន ជាពិសេសខ្សែការពារដូចជា Virgil van Dijk, Joel Matip និង Joe Gomez ជាដើម។
 
បរាជ័យផ្ទួនៗគ្នានៅរយៈពេលចុងក្រោយនេះ ធ្វើឱ្យពួកគេទទួលបានតែ៤៣ពិន្ទុប៉ុណ្ណោះ ពីការប្រកួត ២៨លើក និងស្ថិតនៅចំណាត់ថ្នាក់ទី៨ក្នុងតារាងលីគកំពូលអង់គ្លេស ដែលប្រឈងអស់កៅអី Champions League និង Europa League រដូវកាលក្រោយ៕
 

Tag:
 Jurgen Klopp
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com