COVID-19
អន្តរជាតិ
ម៉ាឡេស៊ី នឹងទិញវ៉ាក់សាំងពី Pfizer បន្ថែម ហើយអាចទិញវ៉ាក់សាំងចាក់តែមួយដងរបស់ចិន
09, Mar 2021 , 7:59 pm        
រូបភាព
ម៉ាឡេស៊ី នឹងទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech បន្ថែម ដែលនឹងធ្វើឱ្យចំនួនវ៉ាក់សាំងដែលប្រទេសនេះអាចទទួលបានកើនដល់៣២លានដូស។ ចំនួននេះ គឺ  គ្រប់គ្រាន់សម្រាប់ការចាក់ឱ្យប្រជាជនពាក់កណ្តាលនៃប្រជាជនសរុប។ នេះជាការលើកឡើងរបស់លោក Khairy Jamaluddin រដ្ឋមន្ត្រីវិទ្យាសាស្រ្តម៉ាឡេស៊ីថ្ងៃទី៨ ខែមីនា។ ម៉ាឡេស៊ី ក៏សម្លឹងរកវ៉ាក់សាំងចាក់តែមួយដងរបស់ចិនផងដែរ។


ម៉ាឡេស៊ី បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងទូទាំងប្រទេសតាំងពីថ្ងៃទី២៦ ខែកុម្ភៈ ដោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ដែលអភិវឌ្ឍរួមជាមួយក្រុមហ៊ុន BioNTech ។ ម៉ាឡេស៊ីមានគោលដៅចាក់វ៉ាក់សាំងឱ្យបាន ៨០ភាគរយនៃចំនួនប្រជាជនសរុបរបស់ខ្លួនដែលមាន៣២លាននាក់នៅត្រឹមខែកុម្ភៈ ឆ្នាំ២០២២។ ដើម្បីសម្រេចគោលដៅ ម៉ាឡេស៊ី ក៏បញ្ជាទិញវ៉ាក់សាំងពី Pfizer ថែមទៀត។
 
«វ៉ាក់សាំង Pfizer ទាំងអស់ដែលបានបញ្ជាទិញ ត្រូវរំពឹងទុកថានឹងមកដល់ត្រឹមឆ្នាំនេះ»។ រដ្ឋមន្ត្រីវិទ្យាសាស្រ្តម៉ាឡេស៊ី លោក Khairy Jamaluddin បញ្ជាក់បែបនេះក្នុងសន្និសីទសារព័ត៌មានអនឡាញនៅថ្ងៃទី៨ ខែមីនា។ លោកបន្តថា ម៉ាឡេស៊ី ក៏កំពុងពិចារណាលែងលើចរចាទិញវ៉ាក់សាំងចាក់តែមួយដងរបស់ក្រុមហ៊ុនឱសថអាមេរិក Johnson & Johnson វិញ ហើយងាកទៅរកកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន CanSino Biologics ដែលផលិតវ៉ាក់សាំងចាក់មួយដងដូចគ្នា។  
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្ត្រីរូបនេះពន្យល់ថា ក្រុមហ៊ុន CanSino Biologics ជាជម្រើសល្អ ព្រោះបើទិញពីក្រុមហ៊ុន Johnson & Johnson វ៉ាក់សាំងត្រូវទៅម៉ាឡេស៊ីនៅត្រីមាសទីបួនឆ្នាំ២០២១ ឯណោះ។
 
រដ្ឋាភិបាលម៉ាឡេស៊ី កាលពីខែមុន បានបញ្ជាក់ថា ខ្លួនធានាបានវ៉ាក់សាំងការពារកូវីដ-១៩ សរុបប្រមាណ ៦៦,៧លានដូសរួចមកហើយ ដែលលើសពីគ្រប់គ្រាន់ទៅទៀត សម្រាប់ប្រជាជនរបស់ខ្លួន។ 
 
បន្ថែមពីលើកិច្ចព្រមព្រៀងជាមួយ Pfizer ដែលដឹកវ៉ាក់សាំងបានជាង៣០ម៉ឺនដូសមកហើយនោះ ម៉ាឡេស៊ីក៏បានឈានដល់កិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងជាមួយក្រុមហ៊ុន AstraZeneca របស់អង់គ្លេស វិទ្យាស្ថានស្រាវជ្រាវ Gamaleya  របស់រុស្ស៊ី ហើយក៏ដូចជា Sinovac Biotec របស់ចិនផងដែរ៕
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com