ជាតិ
កូនផ្សោតមួយទៀត បង្ហាញខ្លួននៅដែនជម្រកធម្មជាតិកាំពី ខេត្តក្រចេះ
10, Mar 2021 , 8:59 am        
រូបភាព
កូនផ្សោតទីពីរបានបង្ហាញខ្លួននៅព្រែកកាំពីខេត្តក្រចេះ(រូបភាពពីហ្វេសប៊ុកWWF)
កូនផ្សោតទីពីរបានបង្ហាញខ្លួននៅព្រែកកាំពីខេត្តក្រចេះ(រូបភាពពីហ្វេសប៊ុកWWF)
ដោយ:
អង្គការ WWF កម្ពុជា បានបង្ហាញវត្តមានកូនផ្សោតទីពីរ ដែលបានកើតនៅក្នុងឆ្នាំ២០២១។ កូនផ្សោតទី២នេះ ប្រទះឃើញនៅដែនជម្រកធម្មជាតិកាំពី ខេត្តក្រចេះ ខណៈកូនផ្សោតទី១នោះ ប្រទះឃើញនៅទីជម្រកធម្មជាតិនៃខេត្តស្ទឹងត្រែង។ នេះបើតាមការជូនដំណឹងរបស់ WWF កាលពីថ្ងៃទី៥ ខែមីនា។

 
ក្រុមអ្នកវិទ្យាសាស្រ្តនៃស្ថាប័នរដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាវត្តមានកូនសត្វផ្សោតថ្មីនេះ ដែលកំពុងហែលជាមួយនឹងសត្វផ្សោតពេញវ័យចំនួន ៤ក្បាលផ្សេងទៀត នៅទីជម្រកធម្មជាតិកាំពី នៃខេត្តក្រចេះ។ ដោយឡែកកូនសត្វផ្សោតទី១ សម្រាប់ឆ្នាំ២០២១ ទើបបានកត់ត្រាដោយក្រុមអ្នកស្រាវជ្រាវកាលពីពេលថ្មីៗ នៅក្នុងទីជម្រកធម្មជាតិនៃខេត្តស្ទឹងត្រែង។
 
ការបង្ហាញខ្លួនរបស់កូនផ្សោតទាំងពីរនេះ គឺជាការលើកទឹកចិត្ត ដល់ក្រុមអ្នកស្រាវជ្រាវ ក្នុងការបន្ដតាមដានស្ថានភាព និងកំណត់អត្តសញ្ញាណសត្វផ្សោតនៅក្នុងតំបន់ទេសភាពមេគង្គ។ បើតាមអង្គការ WWF នៅឆ្នាំ២០២០ ក្រុមស្រាវជ្រាវបានកត់ត្រាកូនសត្វផ្សោតចំនួន ៩ក្បាល ខណៈកូនសត្វផ្សោតចំនួន ១៣ ក្បាលត្រូវបានកត់ត្រាក្នុងឆ្នាំ ២០១៩៕
 

Tag:
 ផ្សោត
 ត្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com