ជាតិ
សង្គមអន្តរជាតិ​
តុលាការក្រុងប៉េកាំងតម្រូវឲ្យបុរសម្នាក់សងជំងឺចិត្តអតីតភរិយាលើថ្លៃការងារផ្ទះរយៈពេល៥ឆ្នាំ
10, Mar 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
ក្នុងសំណុំរឿងលែងលះមួយ កាលពីពេលថ្មីៗកន្លងមកនេះ តុលាការក្រុងប៉េកាំង បានចេញសាលក្រមតម្រូវឲ្យបុរសម្នាក់បង់ថ្លៃជំងឺចិត្តបន្ថែមជាង៥ម៉ឺនយ័ន (ជាង៧៧០០ដុល្លារអាមេរិក) ចំពោះការចំណាយពេលវេលាធ្វើជាស្ត្រីមេផ្ទះនាចំណងអាពាហ៍ពិពាហ៍រយៈពេល៥ឆ្នាំកន្លងមក។

 
យោងតាមការផ្សាយរបស់ BBC រដ្ឋាភិបាលចិនទើបតែអនុម័តច្បាប់ថ្មី ដែលបើកផ្លូវឲ្យដៃគូអាចទាមទារសំណងលើការងារផ្ទះសម្បែង ការមើលថែទាំកូន ក៏ដូចជាឪពុកម្តាយចាស់ជរា។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ករណីបុរសឈ្មោះ Chen និងអ្នកស្រី Wang បានធ្វើឲ្យមានការពិភាក្សាផុសផុលក្នុងប្រព័ន្ធអនឡាញ ដោយសារតែតម្លៃជំងឺចិត្តនៃការងារផ្ទះ មានចំនួនតិចតួចនៅឡើយ។
 
កាលពីឆ្នាំមុន លោក Chen បានដាក់ពាក្យប្តឹងសុំលែងលះអ្នកស្រី Wang ក្រោយរៀបការតាំងពីឆ្នាំ២០១៥មក។ ដំបូងឡើយ អ្នកស្រី Wang មិនព្រមឡើយ ប៉ុន្តែក្រោយមក គាត់បានទាមទារជំងឺចិត្តលើការងារផ្ទះដែលបានធ្វើកន្លងមក រួមទាំងការប្រើពេលវេលាដ៏ច្រើនក្នុងការថែទាំកូនប្រុស។
 
តុលាការបានសម្រេចលើការបែងចែកទ្រព្យសម្បត្តិផ្សេងៗ ហើយក្រោយការទាមទាររបស់អ្នកស្រី Wang តុលាការក៏បានអនុវត្តច្បាប់អាពាហ៍ពិពាហ៍ថ្មីដែលបានចូលជាធរមានកាលពីខែមករា ដោយតម្រូវឲ្យលោក Chen បង់ថ្លៃអាហារកិច្ចកូនប្រុសប្រមាណ៣០០ដុល្លារក្នុង១ខែ និងសងថ្លៃជំងឺចិត្ត ៧៧០០ដុល្លារអាមេរិក ចំពោះការចំណាយពេលធ្វើការងារផ្ទះរបស់អ្នកស្រី Wang នាពេលរស់នៅជាមួយគ្នា៥ឆ្នាំ។
 
បើតាមការសិក្សាមួយរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ (OECD) ស្ត្រីនៅប្រទេសចិន ចំណាយពេលស្ទើរតែ៤ម៉ោងក្នុង១ថ្ងៃលើការងារផ្ទះដែលមិនទទួលកម្រៃ ខណៈបុរសប្រើពេលតែ១,៥ម៉ោងប៉ុណ្តោះ។ ករណីនេះ មិនមែនកើតឡើងតែនៅចិននោះឡើយ ពោលគឺនៅទូទាំងពិភពលោកទាំងមូលដែលស្ត្រីភាគច្រើនធ្វើការច្រើនតែមិនទទួលបានកម្រៃ។
 
ការសម្រេចរបស់តុលាការក្រុងប៉េកាំង ទទួលបានគាំទ្រច្រើនទាក់ទងនឹងការផ្តល់តម្លៃដល់ការងារផ្ទះរបស់ស្ត្រី ប៉ុន្តែមនុស្សមួយចំនួននៅតែយល់ថា សំណងមានកម្រិតតិចតួចនៅឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com