អន្តរជាតិ
ចិន ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP
09, Mar 2021 , 11:29 pm        
រូបភាព
រដ្ឋមន្រ្តីពាណិជ្ជកម្មចិន លោក Wang Wentao ។ រូបភាព៖ Xinhua
រដ្ឋមន្រ្តីពាណិជ្ជកម្មចិន លោក Wang Wentao ។ រូបភាព៖ Xinhua
រដ្ឋាភិបាលចិន បានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ នេះបើតាមការបញ្ជាក់់របស់រដ្ឋមន្រ្តីពាណិជ្ជកម្មចិន លោក Wang Wentao នៅថ្ងៃទី៨ ខែមីនា។ ទន្ទឹមនេះ លោករដ្ឋមន្រ្តីពាណិជ្ជកម្ម ក៏បានជំរុញឱ្យប្រទេសសមាជិកផ្សេងទៀត ផ្តល់សច្ចាប័នកាន់តែឆាប់ផងដែរ។

 
នៅក្នុងសន្និសីទសារព័ត៌មានស្របនឹងកិច្ចប្រជុំសភាប្រចាំឆ្នាំ លោក Wang Wentao ប្រមុខពាណិជ្ជកម្មចិន បានបញ្ជាក់ថា ចិន បានផ្តល់សច្ចាប័នលើ RCEP រួចហើយ។ បើតាមលោក Wang ប្រទេសផ្សេងទៀត ក៏កំពុងពន្លឿននីតិវិធីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះដែរ ហើយចិនសង្ឃឹមថា កិច្ចព្រមព្រៀង នឹងចូលជាធរមានក្នុងពេលឆាប់ៗខាងមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua។
 
ដើម្បីចូលធរមានក្នុងរយៈពេល៦០ថ្ងៃ កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ តម្រូវឱ្យប្រទេសហត្ថលេខីដែលជាសមាជិកអាស៊ានយ៉ាងហោចណាស់៦ និងប្រទេសមិនមែនសមាជិកអាស៊ានចំនួន៣ ផ្តល់សច្ចាប័ន។ ក្នុងន័យនេះ លោក Wang បានជំរុញថា នៅពេលប្រទេសជាសមាជិកផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងបានគ្រប់ចំនួនកាន់តែឆាប់រហ័ស ប្រជាជននៃប្រទេសសមាជិកទាំង១៥ ក៏ទទួលបានផលប្រយោជន៍កាន់តែលឿនផងដែរ។ 
 
ការផ្តល់សច្ចាប័នរបស់ចិននេះ គឺធ្វើឡើងមុនពេលកំណត់ប្រមាណ៣ខែ។ នៅក្នុងខែមករា កន្លងទៅ ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា ចិន នឹងផ្តល់សច្ចាប័នលើ RCEP ក្នុងរយៈពេល ៦ខែ។ 
 
គួររំលឹកថា កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ មានសមាជិកចំនួន ១៥ប្រទេស ក្នុងនោះមានដូចជាប្រទេសអាស៊ានចំនួន១០ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់។ កន្លងទៅឥណ្ឌា ក៏ស្ថិតក្នុងការចរចាក្លាយជាភាគីមួយដែរ ប៉ុន្តែប្រទេសអាស៊ីខាងត្បូងមួយនេះ បានសម្រេចដើរចេញនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសារខ្លាចទំនិញចិន ហូរចូលក្នុងទីផ្សាររបស់ខ្លួនខ្លាំងពេក និងការពារជំនួញក្នុងស្រុករបស់ខ្លួន។ 
 
មួយឆ្នាំបន្ទាប់ពីឥណ្ឌាដើរចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេនេះ ប្រទេសជាសមាជិកចំនួន ១៥ បានសម្រេចចុះហត្ថលេខា តាមប្រព័ន្ធវិដេអូ។ កិច្ចព្រមព្រៀងនេះ បានចរចារហូតដល់ ៨ឆ្នាំ ដោយចាប់ផ្តើមតាំងពីឆ្នាំ២០១២មក។ 
 
នៅក្នុងសុន្ទកថាបើកកិច្ចប្រជុំសភាប្រជាជនក្នុងថ្ងៃទី៥ ខែមីនា លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាំង ក៏បានបញ្ជាក់ជំហររបស់ចិននៅលើឆាកអន្តរជាតិផងដែរថា ខ្លួន ប្រកាន់ខ្ជាប់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម ហើយចិននឹងខិតខំធ្វើការ ដើម្បីផ្តល់សច្ចាប័នឱ្យកាន់តែឆាប់លើ RCEP៕
 

Tag:
 ចិន
  RCEP
© រក្សាសិទ្ធិដោយ thmeythmey.com