ជាតិ
តើសេចក្តីស្នេហាគួរមានលក្ខខណ្ឌច្រើនពេកឬទេ?
10, Mar 2021 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ គូស្រករដែលមិនឆ្លងកាត់អាពាហ៍ពិពាហ៍ត្រូវបានគេគិតថា មិនគ្រប់លក្ខណៈ ឬដូចជាខ្វះអ្វីម្យ៉ាង។ ការស្រឡាញ់គ្នាដោយមិនឆ្លងកាត់ការដឹងលឺពីគ្រួសារទាំងសងខាង ហាក់បីដូចជាមិនសូវសមនឹងភ្នែកញាតិអ្នកជិតខាង។ កូនកម្លោះផ្តល់ថ្លៃបណ្ណាការតិចជូនកូនក្រមុំ ក៏ហាក់បីដូចជាមិនសូវសម។ល។


សេ្នហារបៀបលោកខាងលិច ឬនៅបណ្តាបស្ចឹមប្រទេសក៏ស្មុគស្មាញដែរ។ តែទោះជាយ៉ាងណា គេហាក់បីដូចជាអាចគិតបានថា ស្នេហានៅតាមប្រទេសជឿនលឿនហាក់បីដូចជាមានលក្ខខណ្ឌតិចជាងនៅក្នុងបណ្តាប្រទេសអាស៊ីមួយចំនួន ហើយក្នុងនោះ ក៏មាននៅក្នុងប្រទេសកម្ពុជាផងដែរ។ ចំណុចមួយដែលគេអាចនិយាយបានថាស្នេហានៅបស្ចឹមប្រទេសមានលក្ខខណ្ឌស្រួលជាងប្រទេសកម្ពុជានោះ គឺចំណុចលក្ខខណ្ឌថ្ងៃខែឆ្នាំកំណើតត្រូវគ្នា។ នៅក្នុងប្រទេសជឿនលឿនមួយចំនួន ចំណុចថ្ងៃខែឆ្នាំកំណើតនេះ មិនមែនជាលក្ខខណ្ឌឡើយ។ តើអ្វីខ្លះជាលក្ខខណ្ឌសម្រាប់គូស្នេហ៍នៅកម្ពុជា? 
 
ទី១)-ត្រូវជ្រើសរើសថ្ងៃខែឆ្នាំកំណើតឲ្យត្រូវគ្នា(ជំនឿ)។ 
 
ទី២)-ត្រូវជ្រើសរើសថ្ងៃមង្គលចូលរោងការឲ្យល្អ។ 
 
ទី៣)-មុននឹងចូលស្តីដណ្តឹង ភាគីទាំងសងខាងត្រូវឆែកប្រវត្តិទៅវិញទៅមក បើអាចធ្វើបាន។ 
 
ទី៤)-តើថ្លៃបណ្ណាការក្នុងកម្រិតណា? 
 
ទី៥)-តើចំណេះវិជ្ជារវាងកូនស្រី និងកូនប្រុសយ៉ាងដូចម្តេចដែរ? 
 
ទី៦)-តើកម្រិតជីវភាព(ឋានៈ)រវាងកូនស្រី និងកូនប្រុសយ៉ាងដូចម្តេចដែរ?
 
ទី៧)-តើអាណាព្យាបាលខាងប្រុស ឬខាងស្រីពេញចិត្តកូនស្រី ឬកូនប្រុសឬទេ? 
 
ទី៨)-ពេលខ្លះ យាយតា បងប្អូន មីងមា ក៏ត្រូវមានសិទ្ធិក្នុងការជួយឆែកប្រវត្តិកូនស្រី ឬកូនប្រុសដែរ។ 
 
ទី៩)-ពេលខ្លះ គ្រួសារទាំងសងខាងត្រូវពិនិត្យលើពូជពង្សវង្សត្រកូលទាំងសងខាង។ 
 
ទី១០)-បរិសុទ្ធភាព។ 
 
ប្រសិនបើគេពិនិត្យលើចំណុចខាងលើនេះ គូស្នេហ៍មិនគួររងសម្ពាធលក្ខខណ្ឌខាងលើទាំងអស់នេះឡើយ។ ចំណុចខ្លះ អាចគួរលើកយកមកពិចារណាដែរ។ តែចំណុចខ្លះទៀត មិនគួរក្លាយជាឧបសគ្គសម្រាប់គូស្នេហ៍ឡើយ៕
 
ដោយលោក មនោ សម្បត្តិ

 

© រក្សាសិទ្ធិដោយ thmeythmey.com