អន្តរជាតិ
ប៉ូលិសមីយ៉ាន់ម៉ាមួយចំនួនសុខចិត្តគេចខ្លួន ក្រោយបដិសេធបញ្ជាបាញ់សម្លាប់បាតុករ
10, Mar 2021 , 11:49 am        
រូបភាព
ប៉ូលិសមីយ៉ាន់ម៉ាមួយចំនួន សុខចិត្តគេចខ្លួនទៅឥណ្ឌាក្បែរ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងបដិសេធបញ្ជាបាញ់ឱ្យក្រុមបាតុករដែលកំពុងតវ៉ាប្រឆាំងនឹងរបបសឹក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមីនា។

 
លោក Peng ដែលសុំមិនបញ្ចេញឈ្មោះពេញដើម្បីការពារអត្តសញ្ញាណរបស់ខ្លួនប្រាប់ទីភ្នាក់ងារព័ត៌មាន Retuers លោកបានទទួលបញ្ជាមួយពីថ្នាក់លើ នៅថ្ងៃទី២៧ ខែកុម្ភៈ ឱ្យបាញ់សម្លាប់ក្រុមបាតុករ ដែលតវ៉ានៅក្នុងក្រុង Khampat ។ ប៉ុន្តែអតីតមន្រ្តីប៉ូលិសរូបនេះ បានបដិសេធ។ បន្ទាប់ពីនោះ លោកបានលាលែងពីកងកម្លាំងប៉ូលិសមីយ៉ាន់ម៉ា ហើយភៀសខ្លួនទៅរដ្ឋ Mizoram របស់ឥណ្ឌា។ 
 
«ខ្ញុំគ្មានជម្រើសផ្សេងទេ»។ លោក Peng បានរៀបរាប់បែបនេះ ដោយបន្ថែមថា លោកធ្វើដំណើរតែពេលយប់ប៉ុណ្ណោះ ដើម្បីមិនឱ្យអាជ្ញាធរចាប់ខ្លួនបាន។ បើតាមអតីតមន្រ្តីប៉ូលិសរូបនេះ អ្នករួមការងារចំនួន ៦នាក់ផ្សេងទៀត ក៏បានបដិសេធបញ្ជាបាញ់រហូតដល់ស្លាប់លើក្រុមបាតុករដែរ។ លោក Peng បានបញ្ជាក់ផងដែរថា តាមគោលការណ៍ ប៉ូលិសអាចបាញ់គ្រាប់កាំភ្លើងជ័រ ឬអាចប្រើប្រាស់គ្រាប់ពិតបាញ់នៅកន្លែងក្រោមជង្គង់។ 
 
ចំណែកប៉ូលិសម្នាក់នៅក្រុង Mandalay ក៏ទទួលបញ្ជាឱ្យបាញ់គ្រាប់ពិតដែរ ប៉ុន្តែមន្រ្តីរូបនោះ មិនបានបញ្ជាក់ឱ្យបានច្បាស់លាស់ឡើយថា នោះជាការបាញ់សម្លាប់ឬអត់។ ទន្ទឹមនេះ ប៉ូលិសបួនរូបផ្សេងទៀត ក៏បានបញ្ជាក់ផងដែរ បញ្ជាខាងលើ គឺជាការពិត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
កន្លងទៅ ប៉ូលិសមីយ៉ាន់ម៉ារួមទាំងក្រុមគ្រួសារ ប្រមាណ១០០នាក់ បានគេចខ្លួនទៅឥណ្ឌា ចាប់តាំងពីរដ្ឋប្រហារមក។ បើតាមមន្រ្តីជាន់ខ្ពស់ឥណ្ឌា អ្នកភៀសខ្លួនភាគច្រើនត្រូវបានស្នាក់នៅក្នុងរដ្ឋ Mizoram។ ជុំវិញអ្នកភៀសខ្លួនទៅឥណ្ឌានេះ អាជ្ញាធរមីយ៉ាន់ម៉ា ក៏ធ្លាប់ស្នើអ្នកបញ្ជូនអ្នកទាំងនោះត្រលប់មកវិញដែរ។ ចំណែករដ្ឋមន្រ្តីមហាផ្ទៃនៃរដ្ឋ Mizoram បានអះអាងថា អាជ្ញាធរនឹងសម្រេចលើបញ្ហាបញ្ជូនជនភៀសខ្លួនត្រលប់ទៅវិញ បន្ទាប់ពីទទួលបានការណែនាំពីរដ្ឋាភិបាលក្រុងញូវដែលី។ 
 
ច្រើនជាងមួយខែហើយ បាតុករមីយ៉ាន់ម៉ា នៅតែបន្តចេញមកធ្វើបាតុកម្ម ស្របពេលក្រុមប៉ូលិស បានចាត់វិធានការបង្រ្កាបកាន់តែខ្លាំងជាងមុន។ បាតុករច្រើនជាង ៥០នាក់ត្រូវបានសម្លាប់ ខណៈពេលមន្រ្តីបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យចំនួន ២នាក់ បានបាត់បង់ជីវិតក្នុងអំឡុងពេលឃុំខ្លួន ដោយមិនមានមូលហេតុច្បាស់លាស់។ ប៉ូលិសក៏បានចូលទៅឆែកឆេរនៅតាមបន្ទប់ និងផ្ទះ ដែលមានចងទង់បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដើម្បីស្វែងរកក្រុមបាតុករក្នុងក្រុងយ៉ាំងហ្គោនផងដែរ។ 
 
អំពើហិង្សារបស់ប៉ូលិស មិនបានបង្អាក់ការតវ៉ាដែលធ្វើឡើងសឹងទូទាំងប្រទេសនៅឡើយ ប៉ុន្តែការបាញ់សម្លាប់បាតុករដែលកើនឡើងរាល់ថ្ងៃ ធ្វើឱ្យរបបយោធារងការរិះគន់កាន់តែខ្លាំង។ នៅក្រុង Myitkyina វីដេអូ ដូនជី Ann Rose Nu Tawng ដែលបានលត់ជង្គង់ និងឱនសំពះក្រុមប៉ូលិស កុំឱ្យបាញ់បាតុករ ត្រូវបានចែកចាយព្រោងព្រាត។ «បាញ់ខ្ញុំ និងសម្លាប់ខ្ញុំជំនួសវិញចុះ»។ ដូនជី Tawng បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ នៅថ្ងៃទី៩ ខែមីនាក្រោយហេតុការណ៍នោះ។
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com