អន្តរជាតិ
ប្រមុខ UN អំពាវនាវឱ្យប្រយុទ្ធនឹងអំពើហិង្សាលើស្ត្រី
17, Mar 2021 , 7:59 pm        
រូបភាព
ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី១៥ ខែមីនា បានអំពាវនាវឱ្យមានការប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សាលើស្ត្រី។ បើតាមលោក ហ្គូតេរ៉េស ការចូលរួមរបស់ស្រ្តី ជាការផ្លាស់ប្ដូរដ៏ចាំបាច់ ពិសេសនៅក្បាលម៉ាស៊ីនដឹកនាំប្រទេស។ 

 
ថ្លែងនាពិធីបើកកិច្ចប្រជុំគណៈកម្មការស្ថានភាពស្រ្តីនៅថ្ងៃទី១៥ ខែមីនា លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងពីផលវិបាកដែលស្រ្តីជួបប្រទះអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ដូចជាការបាត់ការងារ ការបំពានផ្លូវភេទ និងការរៀបការនៅវ័យក្មេងជាដើម។ លោក ហ្គូតេរ៉េស ស្នើឱ្យបញ្ចប់សកម្មភាពបែបនេះ ហើយលើកកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងកិច្ចការសង្គមគ្រប់កម្រិត។ 
 
កិច្ចប្រជុំគណៈកម្មការស្តីពីស្ថានភាពស្ត្រីនេះត្រូវប្រារព្ធឡើងចាប់ពីថ្ងៃទី ១៥ ខែមីនាដល់ថ្ងៃទី ២៦ ខែមីនា ដោយប្រមូលផ្ដុំស្ត្រីរាប់ពាន់នាក់។ បើតាមទីភ្នាក់ងារព័ត៌មានAFP ប្រធានបទនៃការជជែកពិភាក្សាមានវិសមភាពយេនឌ័រ និងភាពមិនស្មើគ្នានៃអំណាចរវាងស្ត្រីនិងបុរស។ ត្រង់នេះ ប្រមុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានសមភាពយេនឌ័រ និងមានភាពស្មើគ្នាក្នុងជួរអ្នកដឹកនាំនៅលើពិភពលោក ដោយលោកលើកឡើងថា ការចូលរួមរបស់ស្ត្រី ជាអ្វីដែលពិភពលោកត្រូវការ។ 
 
«បច្ចុប្បន្ននេះមានប្រទេសចំនួន ២២ ប៉ុណ្ណោះដែលមានស្រ្តីជាប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល។ តាមអត្រានេះ សមភាពយេនឌ័រនៅក្នុងជួរថ្នាក់ដឹកនាំរដ្ឋាភិបាល នឹងមិនអាចសម្រេចឡើយបានរហូតដល់ឆ្នាំ២១៥០។» នេះជាការបញ្ជាក់របស់លោក ហ្គូតេរ៉េស ទៅកាន់កិច្ចប្រជុំ មុនបន្តថា នៅ១៣០ឆ្នាំទៅមុខទៀត ក៏បុរសនៅតែសម្រេចចិត្តលើរឿងវិសមភាពយេនឌ័រនេះដូចដែលធ្លាប់ធ្វើ កាលពី១៣០ឆ្នាំមុនដែរ»។ 
 
ជាមួយគ្នានេះ លោក ហ្គូតេរ៉េស បានជំរុញឱ្យសមាជិកទាំង១៩៣ប្រទេសរបស់អង្គការសហប្រជាជាតិ អនុវត្តផែនការឆ្លើយតបជាបន្ទាន់ដើម្បីដោះស្រាយ បញ្ហាអំពើហិង្សាលើស្ត្រី និងក្មេងស្រី។ 
 
វាគ្មិនដែលចូលរួមក្នុងកិច្ចប្រជុំឆ្នាំនេះរួមមាន អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris រដ្ឋមន្ត្រីសមភាពយេនឌ័របារាំងលោកស្រី Elisabeth Moreno អនុរដ្ឋមន្រ្តីម៉ិកស៊ិកទទួលបន្ទុកកិច្ចការពហុភាគី និងសិទ្ធិមនុស្ស លោកស្រី Martha Delgado Peralta និងស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ លោកស្រី Jutta Urpilainen ៕
 
 

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com