ជាតិ
សុខភាព
ពលរដ្ឋជិត៣០ម៉ឺននាក់ បានចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈអ្នកឆ្លងក្នុងព្រឹតឹ្តការណ៍២០កុម្ភៈ កើនជិត១ពាន់នាក់
17, Mar 2021 , 2:07 pm        
រូបភាព
ភ្នំពេញ៖ ស្របពេលដែលព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឆ្លងរាលដាលកាន់តែច្រើន  កម្ពុជាមានក្រុមពលរដ្ឋអាទិភាព និងយោធាចំនួន២៩៧,៥៨៥នាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។  នេះបើយោងតាមរបាយការណ៍ដោយឡែកពីគ្នា របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ នាថ្ងៃទី១៦មីនា។

 
ក្នុងចំណោមមនុស្សសរុប ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ មានជិត១១ម៉ឺននាក់ ជាកងកម្លាំងទ័ព ចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ដែលជាជំនួយរបស់ប្រទេសចិន។ ដោយឡែក ក្រុមមនុស្សអាទិភាពជាង១៨,៨ម៉ឺននាក់ទៀត ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចហើយនោះ គឺមាន៤១,៧៦៨នាក់ បានចាក់វ៉ាក់សាំង COVISHIELD របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅឥណ្ឌា។ 
 
កម្ពុជា ចាប់ផ្តើមវ៉ាក់សាំងរបស់ក្រុមហ៊ុន Sonopharm ដើម្បីបង្ការជំងឺកូវីដ-១៩ ចំពោះមនុស្សវ័យពី១៨ឆ្នាំដល់៥៩ឆ្នាំ តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១ មកដល់ ថ្ងៃទី៤មីនា កម្ពុជា ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងរបស់ AstraZeneca  លើមន្ត្រីនិងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង រហូតដល់បច្ចុប្បន្ន។ សូមជម្រាបថា សម្រាប់អ្នកដែលមានបញ្ហាសុខភាពនិងប្រតិកម្មនានា គឺមិនអាចចាក់វ៉ាក់សាំងការពារកូវីដ-១៩ ទាំងនេះបានឡើយ។ 
 
ត្រឹមរយៈពេល២៥ថ្ងៃ នៃការផ្ទុះឡើងនូវព្រឹត្តិការណ៍២០កុម្ភៈ កម្ពុជាមានមនុស្សរហូតដល់៩៩០នាក់ ដែលបានឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះមានបុរសម្នាក់បានស្លាប់ដោយសារតែជំងឺនេះ។ ចំនួនអ្នកឆ្លងនេះ គឺស្មើប្រមាណ៦៥ភាគរយ នៃអ្នកឆ្លងកូវីដ-១៩នៅកម្ពុជា សរុប ១,៥០៥នាក់។ ក្នុងចំណោម អ្នកឆ្លងកូវីដ-១៩ សរុបនេះ មាន៨៤០នាក់ បានជាសះស្បើយពីជំងឺនេះផងដែរ។
 
បច្ចុប្បន្ន ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលផ្ទុះចេញពីទីតាំងមួយកន្លែង នៅរាជធានីភ្នំពេញ  បានឆ្លងរាលដាល ដល់ខេត្តព្រះសីហនុ កណ្តាល ព្រៃវែង កោះកុង កំពង់ចាម កំពង់ធំ ស្វាយរៀង បាត់ដំបង សៀមរាប និងខេត្តតាកែវ៕ 
 

Tag:
 COVID-19
  Sinopharm
  Astra Zaneca
  ព្រឹតឹ្តការណ៍២០កុម្ភៈ
© រក្សាសិទ្ធិដោយ thmeythmey.com