អន្តរជាតិ
អនុប្រធានាធិបតីអាមេរិក ហារីស ថា អាមេរិកប្ដេជ្ញាពង្រឹងសិទ្ធិស្ត្រីនិងប្រជាធិបតេយ្យ
17, Mar 2021 , 9:59 pm        
រូបភាព
អនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស ។ រូបថត AFP
អនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស ។ រូបថត AFP
អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានបង្ហាញខ្លួនលើវេទិកាអន្តរជាតិលើកដំបូងនៅថ្ងៃទី១៦ ខែមីនា នាកិច្ចប្រជុំស្តីពីសមភាពយេនឌ័រ ។ លោកស្រី ហារីស ប្រកាសថា អាមេរិក ប្តេជ្ញាចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងសកម្មភាពលើកកម្ពស់សិទ្ធិស្ត្រី ដែលជាមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ ស្របពេលលទ្ធិប្រជាធិបតេយ្យជាសកលកំពុងមានបញ្ហា។


ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការស្តីពីស្ថានភាពស្ត្រីរបស់អង្គការសហប្រជាជាតិ លោកស្រី កាម៉ាឡា ហារីស អះអាងថា អាមេរិកនឹងធ្វើការដើម្បីង្រឹងទាំងលើបញ្ហាសមភាពយេនឌ័រ និងប្រជាធិបតេយ្យ។ បើតាមអនុប្រធានាធិបតីស្រ្តីទីមួយរបស់អាមេរិក ស្ថិរភាពនៃប្រជាធិបតេយ្យ ក៏ត្រូវអាស្រ័យលើសមភាពរវាងបុរសនិងស្ត្រីដែរ។ 
 
«ស្ថានភាពប្រជាធិបតេយ្យក៏ពឹងផ្អែកជាមូលដ្ឋានទៅលើការផ្តល់អំណាចដល់ស្ត្រីផងដែរ។ ការមិនរាប់បញ្ចូលសេចក្តីសម្រេចចិត្តរបស់ស្រ្តី មិនត្រឹមតែជាសញ្ញានៃភាពខ្វះចន្លោះ នៃលទ្ធិប្រជាធិបតេយ្យនោះទេ តែការចូលរួមរបស់ស្ត្រី ក៏ជាកត្តាសំខាន់ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យថែមទៀត»។ នេះជាការលើកឡើងរបស់លោកស្រី ហារីស ។ 
 
នាកិច្ចប្រជុំគណៈកម្មការលើកទី៦៥ នេះដែរ លោកស្រី ហារីស បន្ថែមថា រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន នឹងធ្វើឱ្យភាពជាដៃគូរវាងវ៉ាស៊ីនតោន និងអង្គការសហប្រជាជាតិដើម្បីស្រី្ត មានភាពល្អប្រសើរ ឡើងវិញជុំវិញបញ្ហាសិទ្ធិស្រ្តី។ លើសពីនោះ អាមេរិក ក៏ប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការជួយជំរុញសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីតាមការអំពាវនាវរបស់ប្រមុខអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ផងដែរ។ 
 
ថ្លែងនៅថ្ងៃបើកកិច្ចប្រជុំ លោក ហ្គូតេរ៉េស បានអំពាវនាវឱ្យមានសមភាពយេនឌ័រ និងមានភាពស្មើគ្នាក្នុងជួរអ្នកដឹកនាំនៅលើពិភពលោក ដោយលោកលើកឡើងថា ការចូលរួមរបស់ស្ត្រី ជាអ្វីដែលពិភពលោកត្រូវការ។ លោក ហ្គូតេរ៉េស បានជំរុញឱ្យសមាជិកទាំង១៩៣ប្រទេសរបស់អង្គការសហប្រជាជាតិ អនុវត្តផែនការឆ្លើយតបជាបន្ទាន់ដើម្បីដោះស្រាយ បញ្ហាអំពើហិង្សាលើស្ត្រី និងក្មេងស្រី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com