ជាតិ
សុខភាព
ជាង១៥០នាក់មានកូវីដ-១៩! អាជ្ញាធរស្រុកកោះធំ ឱ្យផ្អាកគ្រប់អាជីវកម្មនៅទីប្រជុំជនជ្រៃធំ
17, Mar 2021 , 4:50 pm        
រូបភាព
ផ្សារមួយកន្លែង នៅក្នុងតំបន់ទីប្រជុំជនជ្រៃធំ ស្រុកកោះធំ។ រូបថត៖ រដ្ឋបាលស្រុកកោះធំ
ផ្សារមួយកន្លែង នៅក្នុងតំបន់ទីប្រជុំជនជ្រៃធំ ស្រុកកោះធំ។ រូបថត៖ រដ្ឋបាលស្រុកកោះធំ
រដ្ឋបាលស្រុកកោះធំ ខេត្តកណ្តាល ស្នើឱ្យម្ចាស់អាជីវកម្មគ្រប់ប្រភេទ ដែលស្ថិតនៅតំបន់ទីប្រជុំជនជ្រៃធំ ត្រូវផ្អាកដំណើរការនូវអាជីវកម្មរបស់ខ្លួន ចាប់ពីថ្ងៃទី១៧មីនា នេះតទៅ។ បើតាមសេចក្តីជូនដំណឹងរបស់ លោក អេង សុវិចិត្រ រដ្ឋបាលស្រុកកោះធំ ការស្នើឱ្យម្ចាស់អាជីវកម្មផ្អាកការរកស៊ីនេះ បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ នៅក្នុងស្រុកកោះធំ មានរហូត១៥៦នាក់។

 
បច្ចុប្បន្ន ស្ថានភាពនៃការចម្លង និងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកើតចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ  គឺមិនទាន់មានភាពធូរស្រាល នៅឡើយ។ ដោយសារហានិភ័យនៃការឆ្លងនៅតែខ្ពស់ លោក អេង សុវិចិត្រ  បានស្នើឱ្យម្ចាស់អាជីវកម្មគ្រប់ប្រភេទផ្អាកដំណើរការជាបណ្តោះអាសន្ន ចាប់ថ្ងៃទី១៧មីនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងថ្មី។ 
 
ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ដែលស្ថិតនៅតំបន់ទីប្រជុំជនជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល រួមមានភូមិជ្រៃធំ, ព្រែកស្បូវ និងភូមិព្រែកស៊ីវ។ ជាមួយគ្នានេះ រដ្ឋបាលស្រុកកោះធំ ក៏ស្នើឱ្យពលរដ្ឋគ្រប់រូបយកចិត្តដាក់ទុកអនុវត្តនូវវិធានការការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។ 
 
ខេត្តកណ្តាល ក្រៅពីស្រុកកោះធំដែលមានឆ្លងជំងឺកូវីដ-១៩ហើយនោះ ក៏មានស្រុកលើកដែក ស្រុកល្វាឯម  និងស្រុកកណ្តាលស្ទឹង ផងដែរ។ បច្ចុប្បន្ន មន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្តាល មានអ្នកជំងឺកូវីដ-១៩ ចំនួន១៩២នាក់ ក្នុងនោះប្រុស១២១នាក់ និងស្រី៧១នាក់។
 
ត្រឹមរយៈពេល២៥ថ្ងៃ នៃការផ្ទុះឡើងនូវព្រឹត្តិការណ៍២០កុម្ភៈ កម្ពុជាមានមនុស្សរហូតដល់៩៩០នាក់ ដែលបានឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះមានបុរសម្នាក់បានស្លាប់ដោយសារតែជំងឺនេះ។ ចំនួនអ្នកឆ្លងនេះ គឺស្មើប្រមាណ៦៥ភាគរយ នៃអ្នកឆ្លងកូវីដ-១៩នៅកម្ពុជា សរុប ១,៥០៥នាក់។ ក្នុងចំណោម អ្នកឆ្លងកូវីដ-១៩ សរុបនេះ មាន៨៤០នាក់ បានជាសះស្បើយពីជំងឺនេះផងដែរ៕
 
 

Tag:
 COVID-19
  ស្រុកកោះធំ
  កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com